Monday, June 6, 2016

រាង​នៅ ? ហ្នឹងហើយ​ប្រាប់​មិន​ចេះ​ស្តាប់

អង្គារ ០៧ មិថុនា, ២០១៦ ១០:១៣
ខេត្ត​ត្បូងឃ្មុំ ៖ ដោយសារ​តែ​ច្បាប់​ល្បែងស៊ីសង​ នៅ​ប្រទេស​វៀតណាម​តឹងរ៉ឹង ២​នាក់​ប្តី​ប្រពន្ធ​ជនជាតិ​វៀតណាម​ បាន​រត់​មក​សម្ងំ​បើក​លេង​យ៉ាង​គគ្រឹកគគ្រេង​ នៅ​ត្រង់​ទីតាំង​ស្ងាត់​មួយ​កន្លែង ក្នុងភូមិ​ថ្នល់កែង ឃុំ​ត្រពាំង​ផ្លុ​ង ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ តែ​មិន​ទាន់​បាន​លេង​ក្តៅ​គូទ​ផង​ ក៏​ត្រូវ​សមត្ថកិច្ច​ចុះ​ទៅ​ធ្វើការ​បង្ក្រាប កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​៦ ខែមិថុនា ឆ្នាំ​២០១៦ ដោយ​ដកហូត​បាន​អា​គក​ចំនួន​១៤​ក្បាល និង​ម៉ូតូ​ចំនួន​១០​គ្រឿង ចំណែក​ក្រុម​អ្នក​ញៀន​ល្បែង​មាន​ខ្មែរ និង​វៀតណាម​រាប់​សិប​នាក់ នាំ​គ្នា​រត់​ប្រសាច​គេចខ្លួន​បាត់​អស់ ។
នគរបាល​នៃ​ស្នងការដ្ឋាន​ខេត្ត​មួយ​រូប​ បាន​ប្រាប់​ឲ្យ​ដឹង​ថា ចំពោះ​ទីតាំង​បើក​លេង​បញ្ជល់មាន់​ដោយ​ខុសច្បាប់​ខាងលើ​ មាន​ម្ចាស់​សង្វៀន​២​នាក់​ប្តី​ប្រពន្ធ​ជនជាតិ​វៀតណាម គឺ​ឈ្មោះ ង្វៀ​ន វ៉ា​ន់​កាំ​ង អាយុ​៤៨​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ ង្វៀ​ង ធី​ជាតិ អាយុ​៤៥​ឆ្នាំ បាន​លួច​បើក​លេងល្បែង​ខុស​ច្បាស់​នេះ​ ជា​ច្រើន​ថ្ងៃ​មក​ហើយ ដំបូង​គេ​ឃើញ​មាន​មនុស្ស​មក​លេង​តិច តែ​ក្រោយមក​មនុស្ស​បាន​មក​លេង​កាន់តែ​ច្រើន​ឡើង​ៗ ពពាក់ពពូន ព្រមទាំង​មានការ​ព្រួយបារម្ភ​ខ្លាច​ មាន​អំពើ​ចោរកម្ម លួច ឆក់ ប្លន់ កើត​ចេញពី​ល្បែង​នេះ​ទៀត​ផង ។
នគរបាល​ដដែល​បាន​ប្រាប់​បន្ត​ឲ្យ​ដឹង​ទៀត​ថា ក្នុង​ពេល​ដែល​លេង​មាន​មនុស្ស​តិច​ៗ ប៉ុស្តិ៍​រដ្ឋបាល​ធ្លាប់​បាន​ប្រាប់​ ២​នាក់​ប្តី​ប្រពន្ធ​ជនជាតិ​វៀតណាម​នោះ​ ឲ្យ​បញ្ឈប់ ហើយ​ជនជាតិ​វៀតណាម​ ទាំង​២​នាក់​នោះ​ឆ្លើយ បាទ និង ចាស ! តែ​នៅ​មុខ​សមត្ថកិច្ច​នោះ​ទេ លុះ​ពេល​ដែល​នគរបាល​ចាកចេញ​ទៅ​ផុត បែរជា​លួច​បើក​លេង​បញ្ជល់មាន់​កាន់តែ​គគ្រឹកគគ្រេង​ឡើង​ៗ ។
រហូត​ម​ដល់​ព្រឹក​ថ្ងៃ​ទី​៦ ខែមិថុនា ឆ្នាំ​២០១៦ ត្រូវ​បាន​ប្រជាពលរដ្ឋ​រាយការណ៍​មក​សមត្ថកិច្ច ហើយ​លោក​អធិការ​នគរបាល​ស្រុក​ពញាក្រែក​ បាន​សុំ​គោលការណ៍​ពី​លោកស្នងការ​នគរបាល​ខេត្ត ក៏​ត្រូវ​លោកស្នងការ​បញ្ជា​ឲ្យ​ចុះ​ទៅ​បង្ក្រាប​ ជា​បន្ទាន់​ផង​ដែរ ។ ស្រប​ពេល​ដែល​កម្លាំង​នគរបាល​ ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ត និង​ស្រុក បាន​សហការ​គ្នា​ចុះ​ទៅ​នោះ គ្រាន់តែ​ឃើញ​សមត្ថកិច្ច ព្រមទាំង​ស្ថាប័ន​សាលាដំបូង​ខេត្ត​ពី​ចម្ងាយ ក្រុម​អ្នក​ញៀន​ល្បែង​មាន​ខ្មែរ និង​វៀតណាម​រាប់​សិប​នាក់​បាន​នាំ​គ្នា​រត់ឡើង​ប្រសាច គេចខ្លួន​ចូល​ទៅ​ក្នុង​ព្រៃ​បាត់​អស់ បន្សល់​ទុក​តែ​ម៉ូតូ និង​អា​គក​១៤​ក្បាល ត្រូវ​បាន​រឹបអូស ។
មន្ត្រី​នគរបាល​បញ្ជាក់​ថា រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​៧ ខែមិថុនា ឆ្នាំ​២០១៦ ជនជាតិ​វៀតណាម​ ២​នាក់​ប្តី​ប្រពន្ធ​ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ដោយ​ចោទ​ពី​បទ បើក​ល្បែង​ដោយ​ខុសច្បាប់ ជាមួយ​នោះ​នឹង​ធ្វើការ​ស្រាវជ្រាវ​បង្ក្រាប​វង់ល្បែង​កន្លែង​ផ្សេង​ទៀត ដើម្បី​ពង្រឹង​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​ជូន​ដល់​ប្រជាពលរដ្ឋ ៕
ប្រភព ៖ កោះសន្តិភាព

No comments:

Post a Comment