ពុធ ២២ មិថុនា, ២០១៦ ១៤:០២
ខេត្តកណ្ដាល ៖ ជាងជួសជុលរថយន្ត២នាក់បានបើកឆាកប្រយុទ្ធគ្នាយ៉ាងស៊ីសាច់ហុតឈាម ដោយម្នាក់ប្រើដែកឆាប ម្នាក់ទៀតប្រើដែកត្បែង បណ្ដាលម្នាក់រងរបួសធ្ងន់ ចំណែកម្នាក់ទៀតត្រូវសមត្ថកិច្ចចាប់ខ្លួន ដែលឆាកប្រយុទ្ធនេះផ្តើមចេញពីទំនាស់ពាក្យសំដីគ្នាតែប៉ុណ្ណោះ ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៨ និង៤០នាទីយប់ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចយានដ្ឋានជួសជុលរថយន្ត ជាម ម៉េងឈាង១ ស្ថិតនៅភូមិថ្មី១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌក្រុងតាខ្មៅបានប្រាប់ឱ្យដឹងថា ជនសង្ស័យដែលបានចាប់ខ្លួនឈ្មោះ ឆន មាន ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ ស្រុកកំណើតនៅភូមិបុណ្យ ឃុំត្នោត ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង មុខរបរ ជាងជួសជុលរថយន្ត ។ ចំណែកជនរងគ្រោះឈ្មោះ ម៉ៅ ព្រួញ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ ស្រុកកំណើតនៅភូមិស្វាយកង់ ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង មុខរបរជាងជួសជល់រថយន្ត នៅយានដ្ឋានជាមួយគ្នា ។ អ្នកទាំង២នាក់ស្នាក់នៅក្នុងយានដ្ឋានកើតហេតុខាងលើជាមួយគ្នា ។
សមត្ថកិច្ចបានឱ្យដឹងបន្ថែមទៀតថា ជនរងគ្រោះ និងជនសង្ស័យ ស្នាក់នៅក្នុងបន្ទប់ជាមួយគ្នា ។ នៅវេលាកើតហេតុខាងលើ ជនរងគ្រោះបានរើខោអាវរបស់ជនសង្ស័យចេញដើម្បីយករ៉ូឡូភ្លើងដោតកង្ហារ ពេលនោះជនសង្ស័យបានមកឃើញក៏បានជេរជនរងគ្រោះ បណ្ដាលឲ្យទាស់ពាក្យសំដីគ្នារហូតដល់មានការប្រតាយប្រតប់គ្នាទៅវិញទៅមក ដោយពេលនោះជនសង្ស័យបានប្រើដែកឆាប រីឯជនរងគ្រោះប្រើដែកត្បែងវាយគ្នាទៅវាយមក ពេលនោះជនសង្ស័យបានចាក់ជនរងគ្រោះត្រូវរបួស៤កន្លែង ថ្ពាល់ខាងស្តាំ ដើមដៃខាងស្តាំ ស្មាខាងឆ្វេង និងម្រាមដៃខាងឆ្វេង ។ ចំណែកជនសង្ស័យត្រូវជនរងគ្រោះវាយរងរបួសដៃ និង លើផ្ទៃពោះ ។ ភ្លាមៗនោះ សមត្ថកិច្ចបានចុះអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យមកប៉ុស្តិ៍នគរបាលរដ្ឋបាលតាខ្មៅ ដើម្បីធ្វើការសាកសួរ រួចក៏បានបញ្ជូនទៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីបន្តនីតិវិធី ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានវាយតប់គ្នាទៅវិញទៅមកជាមួយជនរងគ្រោះពិតប្រាកដមែន ។ បច្ចុប្បន្នសមត្ថកិច្ចកំពុងកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធីច្បាប់ ៕
ប្រភព ៖ កោះសន្តិភាព
No comments:
Post a Comment