ព្រហស្បតិ៍ ១៦ មិថុនា, ២០១៦ ១៣:៤៣
រាជធានីភ្នំពេញ ៖ ពហុកីឡដ្ឋានជាតិមរតកតេជោ ដែលរាជរដ្ឋាភិបាលបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១២ មេសា២០១៣នោះ ពេលនេះស្ថាបនាបានជាង៧០%ហើយសម្រាប់ដំណាក់កាលទី១ ក្រុមការងារកំពុងជំរុញឲ្យរួចរាល់ចុងឆ្នាំ២០១៦ និង បញ្ចប់ទាំងស្រុងនៅឆ្នាំ២០២០ ដើម្បីត្រៀមប្រកួតកីឡាស៊ីហ្គេមនៅឆ្នាំ២០២៣ ។
អគ្គលេខាធិការជាតិអូឡាំពិក លោកវ៉ាត់ ចំរើន បានឲ្យដឹងថា រហូតមកដល់ពេលនេះពហុកីឡដ្ឋានជាតិមរតកតេជោសាងសង់មូលដ្ឋានគ្រឹះបានជាង៧០%ហើយ ក្នុងនោះមានកន្លែងមណ្ឌលកីឡាហែលទឹក កន្លែងស្នាក់នៅរបស់កីឡាករ គេហៅថាភូមិកីឡា និងកំពុងជំរុញការសាងសង់ជាបន្តបន្ទាប់ទៀត ។
លោកបន្តថាការសាងសង់ពហុកីឡដ្ឋានជាតិមរតកតេជោនេះមាន៣ដំណាក់កាល គឺដំណាក់កាលទី១ មានរយៈពេល៤ឆ្នាំ ទី២មាន៤ឆ្នាំ និងដំណាក់កាលទី៣មានរយៈពេលខ្លី ដែលដំណាក់កាលចុងក្រោយនេះ គ្រាន់តែតុបតែងកែលម្អ និងការងារសំអាតប៉ុណ្ណោះ ហើយជាផែនការមេធ្វើយ៉ាងណាសាងសង់ឲ្យហើយក្នុងឆ្នាំ២០១៩ និង២០២០ ដើម្បីទុកពេល៣ទៅ៤ឆ្នាំសម្រាប់ធ្វើការប្រកួត និងប្រើប្រាស់សាកល្បង ។
លោកអគ្គលេខាធិការជាតិអូឡាំពិកបានឲ្យដឹងទៀតថា ការសាងសង់ពហុកីឡដ្ឋាននេះ គោរពតាមទស្សនទានបៃតងនៃចលនារបស់ពិភពលោក ដោយទុក៦០% សំរាប់តំបន់បៃតង ក្រៅពីនោះជាសំណង់អគារ និងកន្លែងហ្វឹកហាត់ ដែលមានផ្ទៃដីសរុប៨៥ហិកតា។ ចំពោះសំណង់អគារនេះ មានសាងសង់ជាកីឡដ្ឋានធំសំរាប់ធ្វើពិធីបើកនិងបិទកីឡាអាស៊ីអាគ្នេយ៍(SEAGAME-ស៊ីហ្គេម) មានតារាងបាល់ទាត់ អត្តពលកម្ម មណ្ឌលកីឡាហែលទឹក មានកីឡដ្ឋានក្នុងសាល បាល់បោះ បាល់ទះ សី ក្រៅពីនេះមាន កីឡាបាល់ទះ បាល់បោះ នៅខាងក្រៅមានកន្លែងហ្វឹកហាត់កីឡាបាញ់កាំភ្លើង បាល់អោប និងបាញ់ធ្នូជាដើម។
លោក វ៉ាត់ ចំរើនបន្តថា កីឡាមានជាង២០ប្រភេទ អាចហាត់នៅក្នុងនោះបាន ប៉ុន្តែយើងត្រូវរៀបចំហេដ្ឋារចនាសម្ព័ន្ធឲ្យមានប្រពន្ធ័ច្បាស់លាស់ផងដែរ ក្នុងនោះមានជាស្រះទឹកនិងអាង ជាស្ថាបត្យកម្មដែលទាញយកទស្សនទានពីអង្គរផងដែរ ប៉ុន្តែពហុកីឡដ្ឋាននេះ មិនអាចទាញយកធ្វើការប្រកួតស៊ីហ្គេមទាំងអស់ក្នុងឆ្នាំ២០២៣នោះបានទេ គ្រាន់តែជាចំណែកធំមួយស្រូបយក៧០ទៅ៨០%នៃប្រភេទកីឡាដែលមាននៅក្នុងស៊ីហ្គេមប៉ុណ្ណោះ នៅសល់៣០ទៅ៤០% ត្រូវធ្វើនៅកន្លែងផ្សេងៗទៀត បានប្រកួតអស់ ដូចជាស្តាតចាស់ក៏យើងមានការរៀបចំឡើងវិញឲ្យមានស្តង់ដា ដូចជាការប្រកួតបាល់ទាត់ជម្រុះបានដល់ហ្វាយណល់(Final)បានធ្វើនៅនោះ ដូចជាកីឡាលើទឹកមួយចំនួនទៀត ដូចជាអ៊ុំទូកជាដើម យើងរៀបចំនៅកំពត ដែលកម្ពុជាមានមជ្ឈមណ្ឌលកីឡាលើទឹករបស់គណៈកម្មការអូឡាំពិកមួយនៅទីនោះ និងប្រើប្រាស់កន្លែងមួយចំនួនទៀតរបស់វិស័យឯកជន ដូចជាកោះពេជ្រជាដើម ដែលមានដំបូលខ្ពស់ៗ អាចលេងកីឡានៅទីនោះមាន ការ៉ាតេដូ ឬបោកចម្បាប់ជាដើម ដែលច្បាប់ស៊ីហ្គេមគេត្រូវឲ្យមានយ៉ាងតិច២២ប្រភេទកីឡាឡើងទៅ ទើបអាចឲ្យបើកបាន ។ ដូចនេះយើងត្រូវត្រៀមរៀបចំហេដ្ឋារចនាសម្ព័ន្ធឲ្យរួចរាល់មុនឆ្នាំ២០២០ ។ ទាក់ទិន្នការស្ថាបនាពហុកីឡដ្ឋានមរតកតេជោនេះ មន្ត្រីសាលារាជធានីភ្នំពេញបានឲ្យដឹងថា ស្របពេលដែលកំណើនសេដ្ឋកិច្ច និងកំរិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង វិសយ័កីឡាជាមុខព្រួញមួយចាំបាច់មានការអភិវឌ្ឍ ក្រោមចក្ខុវិសយ័ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ។
ពហុកីឡដ្ឋាននេះ ត្រូវបានសាងសង់លើដីតំបន់អភិវឌ្ឍន៏របស់លោកឧញ៉ា លី យ៉ុងផាត់ មានទីតាំងស្ថិតក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ ក្នុងទំហំផ្ទៃដីប្រមាណ ៨៥ហិកតា ៕
ប្រភព ៖ កោះសន្តិភាព
No comments:
Post a Comment