ពុធ ១៥ មិថុនា, ២០១៦ ១៦:៤១
ខេត្តកណ្ដាល ៖ បុរសជាប្អូនថ្លៃម្នាក់ត្រូវបានបងថ្លៃកាប់ដាច់កដៃឆ្វេងម្ខាងបន្ទាប់ពីបុរសជាប្អូនថ្លៃរូបនោះបានជេរប្រមាថ បបួលកាប់គ្នា ហើយថែមទាំងគប់បងថ្លៃទៀត ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩ និង៣០នាទីព្រឹក ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៦ នៅភូមិជ្រែមួយរយ ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល ។
មន្ត្រីនគរបាលស្រុកខ្សាច់កណ្ដាលបានប្រាប់ឱ្យដឹងថា ជនសង្ស័យដែលបានចាប់ខ្លួនឈ្មោះ ង៉ូយ អឿន ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរកសិករ ចំណែកជនរងគ្រោះឈ្មោះ ក្រូច សុន ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរកសិករ ត្រូវជាប្អូនថ្លៃជនសង្ស័យ បានរងរបួសដាច់កដៃខាងឆ្វេង ។ ទាំង២នាក់រស់នៅភូមិជ្រែមួយរយ ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល ។
ប្រភពបានឲ្យដឹងទៀតថា មុនពេលកើតហេតុជនសង្ស័យឈ្មោះ ង៉ូយ អឿន បានដើរពីផ្ទះក្មួយឈ្មោះ ឈឿន តាប់ ពេលដើរមកដល់ផ្ទះរបស់ខ្លួនក៏អង្គុយនៅមាត់ទ្វារ ភ្លាមនោះជនរងគ្រោះឈ្មោះ ក្រូច សុន ជាប្អូនថ្លៃ បានជេរម្រ៉ាយជនសង្ស័យ ដៀលដល់ពូជ ហើយជនសង្ស័យក៏និយាយថា មិនបាច់ជេរទេ ម៉ែហ្អែងក៏មានដែរ ។ ពេលនោះជនរងគ្រោះក៏បបួលជនសង្ស័យកាប់គ្នា មួយទល់មួយ តែជនសង្ស័យមិនព្រមចុះពីលើផ្ទះរបស់ខ្លួនទេ ជនរងគ្រោះក៏យកអំបែងពាងគប់ជនសង្ស័យចំដើមទ្រូង និងយកដំបងឫស្សីគប់ចំចិញ្ចើមខាងឆ្វេងបណ្ដាលឲ្យរយះ ហូរឈាម ធ្វើឲ្យជនសង្ស័យខឹងខ្លាំងទ្រាំមិនបានក៏ស្ទុះទៅទាញយកកាំបិតខ្វែវនៅក្បែរទ្វារ ចុះមកកាប់ជនរងគ្រោះត្រូវចំកដៃខាងឆ្វេងបណ្ដាលឲ្យមុតដាច់ឆ្អឹងសល់តែស្បែកបន្តិច បន្ទាប់មកបងប្អូនកូនក្មួយក៏នាំគ្នាយកជនរងគ្រោះទៅមន្ទីរពទ្យកាល់ម៉ែត្រ ហើយត្រូវពេទ្យកាត់ដៃនោះចោលតែម្ដង ដោយសារដាច់ឆ្អឹងនៅជាប់តែស្បែក ។ លុះដល់ថ្ងៃទី១៤មិថុនា ទើបជនរងគ្រោះ និងម្ដាយបង្កើតនាំគ្នាមកដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍ ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនបានកាប់ជនរងគ្រោះបណ្ដាលឲ្យដាច់កដៃប្រាកដមែន ដោយសារតែខឹងជេរប្រមាថខ្លួន ហើយបានបបួលកាប់គ្នាទៀត មិនតែប៉ុណ្ណោះថែមទាំងបានប្រើអំពើហិង្សាមកលើខ្លួនមុន ។ ក្រោយពីសាកសួរ ជនសង្ស័យត្រូវបាននគរបាលកសាងសំណុំរឿងបញ្ជូនបន្តដើម្បីតាមច្បាប់ ៕
ប្រភព ៖ កោះសន្តិភាព
No comments:
Post a Comment