ច័ន្ទ ២៧ មិថុនា, ២០១៦ ១៦:៣១
ខេត្តក្រចេះ ៖ ប្រជាពលរដ្ឋចំនួនជាង២០០គ្រួសារ រស់នៅឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ មានការព្រួយបារម្ភជាខ្លាំង ថាអាចនឹងបាត់បង់ទីទួលសុវត្ថិភាពខាងក្រោយភូមិសម្រាប់ជម្លៀសសត្វពាហនៈ និង មនុស្សក្នុងរដូវទឹកជំនន់ឆ្នាំនេះ ខណៈដីទីទួលសុវត្ថិភាពមានទំហំជិត២០ហិកតា កំពុងតែរងនូវការរំលោភយកពីមនុស្សមានអំណាច និងមានឥទ្ធិពលមួយចំនួន ។
ពលរដ្ឋរស់នៅឃុំសោប ស្រុកព្រែកប្រសព្វ បានលើកឡើងថា មនុស្សក្រុមមានគ្នាជាង១០នាក់បានរំលោភយកដីទីទួលសុវត្ថិភាពរបស់អ្នកភូមិដោយបានមកធ្វើការកាប់ទន្ទ្រាន ឈូសឆាយ ដាំដំណាំកសិកម្ម យកជាកម្មសិទ្ធិបុគ្គលលើផ្ទៃដីទំហំជាង១០ហិកតា ។ ការចូលមកឈូសឆាយដីទីទួលសុវត្ថិភាពនៅខាងក្រោយភូមិពីសំណាក់ជនមួយចំនួននេះគឺបានធ្វើឡើងយ៉ាងគំហុកក្នុងអំឡុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ បើទោះបីជាអាជ្ញាធរភូមិ-ឃុំចុះទៅហាមឃាត់បែបណា ក៏ជនទាំងនោះនៅតែមិនព្រមបញ្ឈប់ពីសកម្មភាពឈូសឆាយនោះដែរ ។
ដីទីទួលសុវត្ថិភាពដែលពលរដ្ឋមានការបារម្ភថា អាចនឹងបាត់បង់នេះមានទំហំជិត២០ហិកតា ។ កន្លងមកទីទួលសុវត្ថិភាពនេះមានពលរដ្ឋចំនួន២ភូមិ គឺភូមិព្រែកព្រលូង និង ភូមិព្រែករការ ប្រមាណជាង២០០គ្រួសារ បានយកមកធ្វើជាតំបន់ទីទួលសុវត្ថិភាពរបស់ពួកគាត់ក្នុងរដូវទឹកជំនន់ ដូចជាការជម្លៀសសត្វ និងធ្វើជាកន្លែងស្នាក់នៅបណ្តោះអាសន្ន ។
ពលរដ្ឋដែលមានការបារម្ភ បានរៀបរាប់ឲ្យដឹងនៅថ្ងៃទី២៧មិថុនានេះថា កន្លងមកក្រោយពីមានការមកឈូសឆាយរំលោភយក ពួកគាត់បានស្នើឲ្យអាជ្ញាធរចុះហាមឃាត់ តែបើទោះបីជាមានការចុះទៅហាមឃាត់ក៏ជនទាំងនោះមិនព្រមបញ្ឈប់ដែរ ។ ពួកគាត់អះអាងថា ពួកគាត់នឹងបន្តប្តឹងទៅអាជ្ញាធរខេត្តដើម្បីស្វែងរកកិច្ចអន្តរាគមន៍ឲ្យជួយទប់ស្កាត់ ។
លោក សំរឹទ្ធ អឿន មេឃុំសោប បានទទួលស្គាល់ថា ពិតជាមានការរំលោភយកដីទីទួលសុវត្ថិភាពនៅខាងក្រោយភូមិ ហើយក្នុងនាមអាជ្ញាធរឃុំ រូបលោកធ្លាប់បានហៅពលរដ្ឋឲ្យមកជួបជុំនៅទីទួលសុវត្ថិភាព ដើម្បីហាមឃាត់ការឈូសឆាយជាច្រើនលើកច្រើនសារ តែយ៉ាងណាក៏ក្រុមជនទាំងនោះនៅតែមិនព្រមបញ្ឈប់ ។ លោកអះអាងថា នឹងជួយស្វែងរកកិច្ចអន្តរាគមន៍ទៅអាជ្ញាធរស្រុក-ខេត្ត ដើម្បីទប់ស្កាត់ការកាប់ទន្ទ្រាននេះ ។
មានការកត់សម្គាល់ឃើញថា ក្នុងអំឡុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ស្របពលដែលស្ថានភាពដីកសិកម្មកំពុងតែមានទីផ្សារ គេមើលឃើញថា ការចូលកាប់ទន្ទ្រានដីព្រៃខុសច្បាប់យកធ្វើជាកម្មសិទ្ធិបុគ្គលនៅព្រៃខាងក្រោយស្រុកព្រែកប្រសព្វពីជនមានឥទ្ឋិពល និងមានអំណាច កំពុងតែកើតមានឡើងគួរឲ្យព្រួយបារម្ភ ។ ស្របពេលដែលការកាប់ទន្ទ្រានរបស់ជនទុច្ចរិតបានធ្វើឡើងយ៉ាងគំហុកនេះ អាជ្ញាធរស្រុក ខេត្តក៏ហាក់ដូចជានៅមិនទាន់មានចំណាត់ការអ្វីដើម្បីទប់ស្កាត់នៅឡើយដែរ ៕
ប្រភព ៖ កោះសន្តិភាព
No comments:
Post a Comment