Tuesday, June 21, 2016

ផ្ទះ​នៅ​ជាប់​គ្នាសោះ មិនចេះអធ្យាស្រ័យទាស់​គ្នា​មិន​ស្វាង

អង្គារ ២១ មិថុនា, ២០១៦ ១៤:០៣
ខេត្តកំពត ៖ ស្ត្រី​២​នាក់​មានផ្ទះ​ជាប់​គ្នា​នៅ​ក្នុង​ផ្សារ​ទូក​មាស ស្ថិត​ក្នុងភូមិ​ព្រៃ​ក្រឡា​ខាងលិច ឃុំ​ទូក​មាស​ខាងលិច ស្រុក​បន្ទាយ​មាន កាលពី​វេលា​ម៉ោង​៣​រសៀល ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០១៦ បាន​វាយតប់​គ្នា​មួយ​ប្រាវ​ទៀត​ដោយសារ​តែ​ស្ត្រី​ម្នាក់​ឈ្មោះ ជា ដា​វី អាយុ​៤៥​ឆ្នាំ ពេល​ភ្លៀង​ធ្លាក់​ជោគ​ជាំ​ច្រើន​ចេញ​មក​ត្រង​ទឹកបាន​ហើយ​យក​ទឹកភ្លៀង​នៅ​ក្នុង​ធុង​ជះ​ទៅ​ចូល​ដី​ស្ត្រី​ម្នាក់​ទៀត​ឈ្មោះ ស សុភាព អាយុ​៣៥​ឆ្នាំ មានផ្ទះ​ជាប់​គ្នា ។
ការ​កើត​ជម្លោះ​រវាង​ស្ត្រី​ទាំង​២​នាក់​នេះ ត្រូវ​គេ​បាន​មើលឃើញ​ថា ឈ្មោះ ជា ដា​វី ពិតជា​បាន​ប្រើ​ហិង្សា​ទៅ​លើ​ស្ត្រី​ឈ្មោះ ស សុភាព ច្រើន​ជាង ដូច​ជា​យក​ទឹក​ជះ​ដាក់​មុខ​, យក​ដុំ​ថ្ម​ចោល​, កាន់​ដែក​បម្រុង​វាយដំ​បន្ត​ទៀត តែ​ស្ត្រី​ឈ្មើ ស សុភាព មិន​មាន​កាន់​អ្វី​នៅ​ដៃ ផ្តើម​ហិង្សា​របៀប​ស៊ីសាច់​ហុង​ឈាម​នោះ​ទេ ។ ប៉ុន្តែ​ស្ត្រី​ឈ្មោះ ជា ដា​វី បាន​ប្រាប់​នគរ​បាល​ប៉ុស្តិ៍​ទូក​មាស​ថា ភាគី​ជម្លោះ​ខាង​ស្ត្រី​ឈ្មោះ ស សុភា មាន​គ្នា​៤​នាក់ ព្រួត​គ្នា​វាយតប់​រូប​នាង ។
លោក សុខ មាន នាយ​នគរបាល​ប៉ុស្តិ៍​ទូក​មាស បាន​ឲ្យ​ដឹង​ថា ស្ត្រី​២​នាក់​ដែល​មានផ្ទះ​ជិត​គ្នា​នេះ​តែងតែ​កើត​ជម្លោះ​ជា​បន្តបន្ទាប់ ហើយ​សំណុំរឿង​មុន​ៗ​ដល់​ដៃ​តុលាការខេត្ត​ហើយ ប៉ុន្តែ​មិន​ទាន់​ជម្រះក្តី​ផង ស្រាប់តែ​នៅ​រសៀល​ថ្ងៃ​ទី​១៩ ខែមិថុនា​នេះ ក៏​ផ្ទុះ​រឿង​បន្ត​ទៀត តែ​នគរបាល​នៅ​តែ​ធ្វើ​កំណត់ហេតុ ព្រោះ​ចង់​ដឹង​ថា នរណា​ខូច​ជាង​នរណា ៕
ប្រភព ៖ កោះសន្តិភាព

No comments:

Post a Comment