Sunday, June 12, 2016

ខ្លាំង​ណាស់ ! ហែក​ជញ្ជាំង​បន្ទប់​ចូល​ចាក់​គូទំនាស់​ទាំង​យប់

ច័ន្ទ ១៣ មិថុនា, ២០១៦ ០៨:២៨
ខេត្តកណ្ដាល ៖ ស្ត្រី​ចិត្ត​ស្លុយ​ម្នាក់​ផ្ដើម​ចេញពី​គំនុំ និង​ទំនាស់​ពាក្យ​សំដី​គ្នា​ កាលពីមុន​បាន​លួច​ហែក​ជញ្ជាំង​បន្ទប់​ជួល​ ចូល​ទៅ​ចាក់​ស្ត្រី​គូទំនាស់​របស់​ខ្លួន​ ចំនួន​៣​កាំបិត​ចុង​ស្រួច​បណ្ដាល​ឱ្យ​រង​របួសធ្ងន់​ កាលពី​វេលា​ម៉ោង​ ២​ទៀប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០១៦ នៅ​ចំណុច​ក្នុង​បន្ទប់​ផ្ទះ​ជួល​ ក្នុងភូមិ​ព្រែក​តា​ព្រីង ឃុំ​សិ​ត្បូ ស្រុក​ស្អាង ខេត្តកណ្ដាល ។
មន្ត្រី​នគរបាល​ស្រុក​ស្អាង​បាន​ប្រាប់​ឱ្យ​ដឹង​ថា ស្ត្រី​សង្ស័យ​ត្រូវ​បាន​ចាប់ខ្លួន​ឈ្មោះ ង៉ែត បូ​លី​ស អាយុ​២៧​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ​រោងចក្រ មាន​ទីលំនៅ​ភូមិ​ត្នោត​ញី ឃុំ​ខ្ពប ស្រុក​ស្អាង ខេត្តកណ្ដាល និង​ដកហូត​បាន​វត្ថុ​តាង​មានកូន​កាំបិត​ចិត្តបន្លែ​ ដង​ឈើ​ប្រវែង​២២.៥​សង្ទីម៉ែត្រ​១ មាន​ប្រឡាក់​ឈាម​ទៀត​ផង ។ ចំណែក​ស្ត្រី​រង​គ្រោះ​ឈ្មោះ ញ៉ឹក ស្រី​អូន អាយុ​២៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ​រោងចក្រ មាន​ទីលំនៅ​ភូមិ​ពោធិ៍​រោង ឃុំ​ព្រះបាទ​ជាន់ជុំ ស្រុក​គី​រី​វង់ ខេត្តតាកែវ នាងមាន​ស្នាម​របួស​​ត្រង់​ពោះ​២​កន្លែង ភ្លៅ​១​កន្លែង ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​ នៅ​មន្ទីរពេទ្យ​ជ​យ័​ជំនះ ក្រុង​តា​ខ្មៅ ។
នគរបាល​បានឱ្យ​ដឹង​បន្ថែម​ទៀត​ថា កាលពី​វេលា​ម៉ោង​២​ទៀប​ភ្លឺ​ថ្ងៃ​ទី​១២​មិថុនា ស្ត្រី​សង្ស័យ​ឈ្មោះ ង៉ែត បូ​លី​ស បាន​ហែក​ជញ្ជាំង​បន្ទប់​ស្ត្រី​រង​គ្រោះ​ ដែល​ធ្វើ​ពី​ក្ដារ​កុង​ផ្លា​កកេ​ចូល​ទៅ​ចាក់​ស្ត្រី​រង​គ្រោះ​ ៣​កាំបិត ត្រង់​ពោះ​២​កាំបិត និង​ភ្លៅ​១​កាំបិត ខណៈ​ពេល​ស្ត្រី​រង​គ្រោះ​កំពុង​ដេក​លក់​ នៅ​គ្រែ​ជាមួយ​ស្ត្រី​ម្នាក់​ផ្សេង​ទៀត ។ ភ្លាម​នោះ​ក៏​ផ្អើល​ឆោឡោ​នាំ​គ្នា​ ចាប់​បាន​ស្ត្រី​សង្ស័យ​ នៅ​ក្នុង​បន្ទប់​កើតហេតុ ហើយ​រាយការណ៍​មក​សមត្ថកិច្ច​នគរបាល​ឱ្យ​ឃាត់ខ្លួន​ បញ្ជូន​មក​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង ដើម្បី​ធ្វើការ​សាកសួរ ។
នៅ​ចំពោះ​មុខ​សមត្ថកិច្ច ស្ត្រី​សង្ស័យ​ឈ្មោះ ង៉ែត បូ​លី​ស បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ចាក់​ឈ្មោះ ញ៉ឹ​ក ស្រី​អូន ប្រាកដ​មែន ដោយ​មាន​គំនុំ​ ព្រោះ​ពី​មុនបាន​ទំនាស់​ពាក្យ​សំដី​គ្នា​រឿង​ជំពាក់​លុយ ៕
ប្រភព ៖ កោះសន្តិភាព

No comments:

Post a Comment