Wednesday, June 15, 2016

ហួស​ចិត្ត​គ្រប់គ្នា ​អស់​ឱលោកគ្រូពេទ្យ​​​អើយ !

ហួស​ចិត្ត​គ្រប់គ្នា ​អស់​ឱលោកគ្រូពេទ្យ​​​អើយ !

LINE it!
ពុធ ១៥ មិថុនា, ២០១៦ ១៦:៣៥
ខេត្តបាត់ដំបង ៖ ប្រជាពលរដ្ឋ​និង​អ្នកដំណើរ នាំ​គ្នា​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង បន្ទាប់​ពី​ឃើញ​បុរស​វ័យ​ចំណាស់​ម្នាក់​លី​ចៅប្រុស​អាយុ​ប្រហែល​​២​ឆ្នាំ រត់​ឆ្លេឆ្លា​រលាក់​ចុះឡើង នៅ​ខាង​មុខ​មន្ទីរ​សំរាក​ព្យាបាល «​ហេង ឈុ​ន​» និង​នៅ​ខាង​មុខ​ផ្ទះ​លោក​វេជ្ជបណ្ឌិត «​ជា ពៅ​» ដែល​បើក​ទទួល​ព្យាបាល​ជំងឺ​នៅ​ក្បែរ​គ្នា​នោះ ស្រែក​សុំ​ឱ្យ​គ្រូពេទ្យ​ជួយ​សង្គ្រោះ​ចៅប្រុស​គាត់ ដែល​លង់ទឹក​ពាង កាលពី​វេលា​​ម៉ោង​០៧ និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​១៥ មិថុនា តែ​ត្រូវ​គ្រូពេទ្យ​ទាំង​២​កន្លែង​នេះ បដិសេធ​មិន​ទ​ទូល​សង្គ្រោះ​ឡើយ ដោយ​ជម្រុញ​ឱ្យ​គាត់​បី​ចៅប្រុស ទៅ​រក​កន្លែង​ផ្សេង ដែល​ធ្វើ​ឱ្យ​អ្នក​ចោមរោម​មើល ផ្ទុះ​ប្រតិកម្ម​រិះគន់​យ៉ាង​ខ្លាំង ។
មន្ទីរ​សំរាក​ព្យាបាល «​ហេង ឈុ​ន​» និង​ផ្ទះ​លោក​វេជ្ជបណ្ឌិត «​ជា ពៅ​» ដែល​ដាក់​ស្លាក​ទ​ទូល​ពិនិត្យ និង​ព្យាបាល​ជំងឺ​ទូទៅ​ទាំង​មនុស្ស​​ចាស់ ទាំង​កូន​ក្មេង​នេះ គឺ​ស្ថិត​ក្នុងភូមិ​បែក​ចាន​ថ្មី សង្កាត់​ព្រែក​ព្រះស្ដេច ក្រុង​បាត់ដំបង ។ សមត្ថកិច្ច​បាន​ប្រាប់​ថា ជីតា​របស់​​កុមា​រា​នោះ ឈ្មោះ​រ៉េ​ត អាយុ​៦០​ឆ្នាំ រីឯ​ចៅប្រុស​ឈ្មោះ​ក្រិ​ម ណា​សារ អាយុ​២​ឆ្នាំ នៅ​ភូមិ​អូរ​ដំបង​១ ឃុំ​អូរ​ដំបង​១ ស្រុកសង្កែ​។
សមត្ថកិច្ច​បន្ត​ថា កុមា​រា​នោះ​លង់ទឹក​ពាង ហើយ​ត្រូវ​ជីតា​ជួយ​ស្រង់​ភ្លាម​ៗ រួច​ជិះ​ម៉ូតូ​លី​ចៅ​មក​កាន់​មន្ទីរ​សំរាក​ព្យាបាល «​ហេងឈុ​ន​» តែ​ត្រូវ​គ្រួ​ពេទ្យ​បដិសេធ មិន​ជួយ​សង្គ្រោះ​ទេ ។ គ្រានោះ គាត់​ក៏​បី​ចៅ​ទៅ​កាន់​ផ្ទះ​លោក​វេជ្ជបណ្ឌិត​«​ជា ពៅ​» ដែល​នៅ​ក្បែរ​នោះ​​ទៀត តែ​ត្រូវ​ភរិយា​លោក​វេជ្ជបណ្ឌិត​រូប​នេះ ដេញ​ឲ្យ​ទៅ​មន្ទីរពេទ្យ​ខេត្ត​បន្ត​ទៀត​ដដែល ដោយ​ប្រាប់​ថា ស្វាមី​គាត់​មិន​នៅ និង​គ្មាន​ឧបករណ៍​គ្រប់គ្រាន់ សំរាប់​ព្យាបាល ។ ប៉ុន្តែ​ទំនង​ក្មេង​ប្រុស​បាន​ស្លាប់ នា​ពេល​នោះ​បាត់​ទៅ​ហើយ ទើប​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​តែ​ម្ដង ។
សាក្សី​ដែល​ឃើញ​ហេតុការណ៍ និង​បាន​ថត​អំពី​សកម្មភាព​នេះ​បាន​និយាយ​ថា គ្រូពេទ្យ​នៅ​មន្ទីរ​សំរាក​ព្យាបាល «​ហេង ឈុ​ន​» និង​លោក​​វេជ្ជបណ្ឌិត​«​ជា ពៅ​» ដែល​ដាក់​ស្លាក​ទ​ទូល​ព្យាបាល​ជំងឺ​នេះ ហាក់​គ្មាន​ក្ដី​មេត្តា​ដល់​ជន​រង​គ្រោះ​បន្តិច​សោះ ។ សាក្សី​បន្ត​ថា គេ​​មិនដឹង​ថា ក្មេង​ប្រុស​នោះ ស្លាប់​ហើយ ឬ​មិន​ទាន់​ស្លាប់​ទេ តែ​ស្ថិត​ក្នុង​ស្ថានភាព​ទន់​ខ្លួន​កក្លាក់ នៅ​លើ​ស្មា​ជីតា ដែល​កំពុង​លី​រត់​រលាក់ បណ្ដើរ​ស្រែកហៅ​គ្រូពេទ្យ​ឱ្យ​យ​ជួយ​បណ្ដើរ នៅ​ខាង​មុខ​គ្លីនិក «​ហេង ឈុ​ន​» ។ ភ្លាម​នោះ គេ​ឃើញ​បុគ្គលិក​ពេទ្យ​ស្រី​ម្នាក់​បើកទ្វារ ហើយ​ស្រែ​កថា «​មិន​ទ​ទូល​ទេ ព្រោះ​គ្រូពេទ្យ​អត់​នៅ​» ហើយ​ក៏​ចូល​វិញ​ទៅ សូ​ម្បី​តែ​ចេញ​មក​ពិនិត្យ ឬ​ស្ទាប​ក្មេង​ប្រុស​នោះ​បន្តិច ក៏​គ្រូពេទ្យ​នោះ មិន​ខ្ចី​ប៉ះ​ដែរ ពិតជា​គ្មាន​ក្ដី​មេត្តា​មែន ។
ប្រភព​ដដែល​បន្ត​ថា ពេល​ត្រូវ​គ្រូពេទ្យ​ខាងលើ​បដិសេធ​បែប​នេះ បុរស​នោះ​ក៏​លី​ចៅប្រុស​រត់​រលាក់​ចុះឡើង​នៅ​ខាង​មុខ​គ្លីនិក និង នៅ​ចំពោះ​មុខ​អ្នក​ចោមរោម​បន្ត​ទៀត ដែល​មើលទៅ​គួរ​ឲ្យ​រន្ធត់​ចិត្ត​អាណិត​ជីតា និង​ចៅប្រុស​ពន់ពេក ហើយ​គាត់​ក៏​ឡើង​ជិះ​ម៉ូតូ​លី​ចៅ​លើ​ស្មា​បន្ត​ទៅ​កាន់​ផ្ទះ​លោក​វេជ្ជបណ្ឌិត​«​ជា ពៅ​»​ដែល​នៅ​ក្បែរ​នោះ​ទៀត ដើម្បី​ឲ្យ​លោក​វេជ្ជបណ្ឌិត​ជួយ​ម្ដង​។
ប៉ុន្តែ​ត្រូវ​ភរិយា​លោក​វេជ្ជបណ្ឌិត​ជា ពៅ ដេញ​ឲ្យ​ទៅ​ពេទ្យ​បង្អែក​ខេត្ត​ដដែល ដោយ​សំអាង​ថា ស្វាមី​មិន​នៅ និង​គ្មាន​ឧបករណ៍​គ្រប់​គ្រាន់​។ គ្រានោះ​គាត់​ដឹង​ថា ចៅប្រុស​គាត់​បាន​ស្លាប់​ទៅ​ហើយ ហើយ​ក៏​ជិះ​ម៉ូតូ​អោប​ចៅប្រុស​ទាំង​ទឹកភ្នែក​ត្រឡប់​ទៅ​ផ្ទះ​វិញ ក្រោម​ក្រសែ​ភ្នែក​យ៉ាង​រន្ធត់​ពី​សំណាក់​អ្នក​ចោម​រោម​​មើល ។
ប្រភព ៖ កោះសន្តិភាព

No comments:

Post a Comment