ព្រហស្បតិ៍ ២៣ មិថុនា, ២០១៦ ១៦:០៨
រាជធានីភ្នំពេញ ៖ អ្នកនាងសុខ ចាន់ធីតា ហៅតុ សម្រេចឲ្យស្វាមី គឺនាយខ្យងផ្អាកអាជីពសិល្បៈប្រមាណកន្លះឆ្នាំ បន្ទាប់ពីបានធូរស្បើយពីជំងឺបេះដូង ។ នាយខ្យងត្រូវបានបញ្ជូនភ្លាមទៅកាន់មន្ទីរពេទ្យក្នុងប្រទេសវៀតណាម បន្ទាប់ពីជំងឺបេះដូងកើតឡើងទាំងមិនដឹងខ្លួន ហើយបន្ទាប់មកត្រូវបានដឹកទៅសង្គ្រោះម្តងទៀតនៅយប់ថ្ងៃទី១៨ ខែមិថុនា ២០១៦ នៅមន្ទីរពេទ្យកាល់ម៉ែត ដោយសារជំងឺដដែលនោះ ។
សម្រាកព្យាបាលក្នុងមន្ទីរពេទ្យកាលម៉ែតរយៈពេល៣ថ្ងៃ អាការជំងឺរបស់នាងខ្យង បានធូរស្បើយ និងត្រូវក្រុមគ្រូពេទ្យអនុញ្ញាតឲ្យចេញទៅផ្ទះនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦ ។ បន្ទាប់ពីចេញពីមន្ទីរពេទ្យ អ្នកនាងតុ អះអាងថា នាងសម្រេចឲ្យស្វាមីផ្អាកអាជីពរយៈពេលកន្លះឆ្នាំសិន ដើម្បីទុកពេលថែទាំងសុខភាព ចំណែកជីវភាពក្នុងគ្រួសារ គឺអ្នកនាងទទួលរ៉ាប់រងម្នាក់ឯង។
ថ្លែងប្រាប់កោះសន្តិភាពតាមទូរស័ព្ទអ្នកនាង សុខ ចាន់ធីតា ហៅតុឱ្យដឹងថា ស្វាមីរបស់នាងបានធូរស្បើយពីជំងឺច្រើនហើយ បន្ទាប់ពីមានការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យកាលម៉ែត ។ ជំងឺរបស់ស្វាមីនាងត្រូវយកចិត្តទុកដាក់ និងផ្តល់ការលើកទឹក ដើម្បីឲ្យជំងឺអាចជាសះស្បើយ ហេតុនេះនាងសម្រេចឲ្យស្វាមីផ្អាកការងារមួយរយៈសិន ពោលគឺប្រហែលជា៥ទៅ៦ខែ ដើម្បីទុកពេលឲ្យថែសុខភាពបានល្អ ។ ក្រុមគ្រូពេទ្យឲ្យស្វាមីនាងតុសម្រាកការងារត្រឹមរយៈពេល៣ខែប៉ុណ្ណោះ ប៉ុន្តែដោយការស្រឡាញ់ និងគិតគូរពីអាយុជីវិតស្វាមីនោះនាងសម្រេចឲ្យស្វាមីសម្រាកឲ្យបានយូរជាងនេះ ។
ចំពោះការរ៉ាប់រងជីវភាពគ្រួសារ គឺនាងតុទទួលបន្ទុកម្នាក់ឯង ព្រោះមិនចង់ឲ្យស្វាមីហត់នឿយក្នុងអំឡុងពេលនេះឡើយ ព្រោះនាងគិតពីស្វាមី និងមិនចង់បាត់បង់ឡើយ ។ អ្នកនាងតុឲ្យដឹងថា ស្វាមីនាងមិនបានដឹងខ្លួនថាមានជំងឺបេះដូងទេ ប៉ុន្តែក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយស្រាប់តែមានអាការគេងមិនលក់ ហើយចាប់ផ្តើមធ្វើទុក្ខក្រពះ ឈានដល់បេះដូងតែម្តង ។ អាការជំងឺពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ម្តងៗគឺមានការរន្ធត់តក់ស្លុតខ្លាំង ខណៈពេលដែលក្រុមគ្រូពេទ្យនៅប្រទេសវៀតណាមអះអាងថា នៅតែមួយម៉ោងទៀតប៉ុណ្ណោះស្វាមីរបស់អ្នកនាងនឹងស្លាប់បាត់បង់ជីវិត ។ ក្រោយពីចេញពីមន្ទីរពេទ្យវៀតណាម ស្វាមីនាងចូលសង្គ្រោះម្តងទៀត នៅមន្ទីរពេទ្យកាល់ម៉ែត បន្ទាប់ពីអាការជំងឺរើឡើងវិញ ភ្លាមៗ ។ ហេតុដែលអាការជំងឺរើឡើងជាថ្មីនេះ គឺជាការធ្វេសប្រហែស ដោយសារតែក្រុមគ្រូពេទ្យហាមមិនឲ្យស្វាមីនាងហូបប្រៃ និងហឹរខ្លាំងឡើយ តែថ្ងៃនោះស្វាមីនាងហូបហឹរ ។
អ្នកនាងតុបានថ្លែងអំណរគុណក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យកាលម៉ែតដែលបានយកចិត្តទុកដាក់មើលថែជំងឺស្វាមីនាងរហូតបានធូរស្រាល និងបានណែនាំឲ្យស្វាមីនាងថែទាំសុខភាព និងត្រូវលេបថ្នាំរៀងរាល់ថ្ងៃតាមវេជ្ជបញ្ជា ៕
ប្រភព ៖ កោះសន្តិភាព
No comments:
Post a Comment