Saturday, June 11, 2016

ដឹកឈើរហូត ដល់បាក់ស្ពាន ទើបកម្លាំង សមត្ថកិច្ចបង្ក្រាបបាន

សៅរ៍ ១១ មិថុនា, ២០១៦ ១៤:០៣
កំពត៖ រថយន្តយីឌុប ដឹកឈើខុសច្បាប់ ជិត៧០តោន ត្រូវកម្លាំងសមត្ថកិច្ចបង្ក្រាបបាន ខណៈដឹក ឈើពេញលើរថយន្ត រត់ឆ្លងកាត់ បណ្តាលឲ្យបាក់ស្ពាន កាលពីម៉ោង ១២កណ្តាលអាធ្រាត្រ ឈានចូល ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៦នេះ នៅចំណុចស្ពានដែលដឹកឈើបាក់ "ស្ពានតារាជ" លើកំណាត់ផ្លូវ លេខ៤៣ ស្ថិតក្នុងភូមិជ័យសេនា ឃុំតាកែន ស្រុកឈូក ខេត្តកំពត។
លោក ជួន សារ៉ា នាយរងខណ្ឌរដ្ឋបាលព្រៃឈើកំពត បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា រថយន្តដឹកឈើល្មើសច្បាប់ខាងលើ បានផ្ទុកឈើ ប្រមាន៧០តោន ចេញពីខេត្តកំពង់ស្ពឺ សំដៅ មកភូមិសាស្ត្រក្នុងទឹកដីខេត្តកំពត លុះមកដល់ឆ្លងកាត់ស្ពានតារាជ ក៏បណ្តាលឲ្យបាក់ស្ពាន ដែកតែម្តង។
លោកបានបន្តថា នៅព្រឹកមិញនេះ លោកបានឲ្យកម្លាំងមេព្រៃក្រោមឱវាទ សហការនឹងកម្លាំងប្រដាប់ អាវុធពាក់ព័ន្ធដទៃទៀត ចុះទៅស្ទួចយករថយន្ត និងឈើល្មើសច្បាប់ខាងលើ នាំយកមករក្សាទុកនៅ ខណ្ឌរដ្ឋបាលព្រៃឈើកំពត ដើម្បីឈានទៅវែកមុខរកម្ចាស់ឈើ និងអ្នកពាក់ព័ន្ឌ មកផ្តន្ទាទោស តាមច្បាប់។
តាមមជ្ឈដ្ឋាន មួយចំនួន បានរិះគន់ផងដែរថា កន្លងមកនិងបច្ចុប្បន្ន រថយន្តប្រភេទយីឌុបតែងតែ ធ្វើសកម្មភាព ដឹកឈើល្មើសច្បាប់ឆ្លងកាត់ផ្លូវលេខ៤៣ ចំណុចស្ពានបាក់ឡើងខូងថ្នល់ហើយ មិន ដែលឃើញ កម្លាំងសមត្ថកិច្ច នៃស្ថាប័នណាមួយបង្ក្រាបបានឡើយ ទើបតែរថយន្តយីឌុបខាងលើ បានដឹកឈើលើសចំណុះ ឆ្លងកាត់បណ្តាលឲ្យបាក់ស្ពាន ទើបកម្លាំងសមត្ថកិច្ចធ្វើការបង្ក្រាបបាន ខណៈនៅតាមដងផ្លូវលេខ៤៣នេះ មានកម្លាំងសមត្ថកិច្ចនានា ជាច្រើនស្ថាប័នបោះទីតាំងអង្គភាព ឈរជើង នៅលើកំណាត់ផ្លូវនោះ ចាប់ពីភូមិសាស្ត្រក្នុងខេត្តកំពង់ស្ពឺ ដល់ទឹកដីខេត្តកំពត ហើយ ឈើទាំងអស់នោះ សំដៅឆ្លងដែននាំយកទៅលក់នៅប្រទេសវៀតណាម តាមច្រករបៀងនានា ក្នុងខ្សែក្រវ៉ាត់ព្រំដែន នៃខេត្តកំពត៕
ប្រភព ៖ ដើមអម្ពិល

No comments:

Post a Comment