អង្គារ ១៤ មិថុនា, ២០១៦ ១៣:៥៣
(រាជធានីភ្នំពេញ) ៖ បុរសម្នាក់ត្រូវបានប្រជាពលរដ្ឋស្វាគមន៍ម្នាក់មួយដៃម្នាក់មួយជើងឡើងទ្រមខ្លួនបន្ទាប់ពីបានឃើញម៉ូតូគេទុកចោលក៏បណ្ដើរលួចចេញទៅតែត្រូវម្ចាស់តាមទាន់ ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦ ត្រង់ចំណុចមុខផ្ទះគ្មានលេខ ក្នុងភូមិភ្នំពេញថ្មី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញមានជន២នាក់កំពុងតែបណ្ដើរម៉ូតូ១គ្រឿង ម៉ាកឆាលី ធ្វើឲ្យប្រជាពលរដ្ឋនៅក្នុងភូមិនោះមានការសង្ស័យក៏ឃាត់សួរនាំ ។ ពេលនោះម្ចាស់ម៉ូតូបានឆោឡោបាត់ម៉ូតូដែលទុកនៅមុខផ្ទះ ស្រាប់តែឃើញជនសង្ស័យខាងលើបាននិងកំពុងតែបណ្ដើរម៉ូតូបំណងលួចយកទៅក៏នាំគ្នាស្វាគមន៍ម្នាក់មួយដៃមួយជើងឡើងទ្រម ចំណែកម្នាក់ទៀតបានរត់គេចខ្លួនទៅបាត់ ។
បើតាមសម្ដីរបស់ជនសង្ស័យឈ្មោះ ហែម រ៉ាយ៉ា អាយុ២៤ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បានប្រាប់ថា រូបគេទើបតែចេញពីលេងអ៊ិនធើរណេតនៅម្ដុំស្ពានអាកាស៧មករាហើយបំណងដើរត្រលប់មកផ្ទះវិញ ពេលដើរកាត់កន្លែងកើតហេតុក៏ស្រាប់តែឃើញម៉ូតូ១គ្រឿងខាងលើម៉ាក ឆាលី ពណ៌ស គ្មានស្លាកលេខ ទុកមុខផ្ទះចោល ដោយមិនចាក់សោ ពេលនោះមានបក្សពួករបស់គេម្នាក់បានឲ្យគេបណ្ដើរយកម៉ូតូនេះចេញទៅបំណងលក់យកលុយចែកគ្នា ក៏ត្រូវបានប្រជាជននៅម្ដុំនោះសាកសួរ និងត្រូវបានម្ចាស់តាមទាន់ហើយក៏បានទទួលរាក់ទាក់ម្នាក់មួយដៃមួយជើង គាប់ជួនពេលនោះបក្សពួករបស់ជនសង្ស័យខាងលើបានរត់គេចខ្លួនបាត់ ទុកតែជនសង្ស័យនៅនឹងកន្លែងតែប៉ុណ្ណោះ ។
ក្រោយពេលកើតហេតុជនសង្ស័យខាងលើត្រូវបានកម្លាំងអាវុធហត្ថនាំខ្លួនយកទៅធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនិតិវិធីច្បាប់ ៕
ប្រភព ៖ កោះសន្តិភាព
No comments:
Post a Comment