ព្រហស្បតិ៍ ០២ មិថុនា, ២០១៦ ០៨:២២
ខេត្តសៀមរាប ៖ កងវិស្វកម្មតេជោ ហ៊ុន សែន សៀមរាប បានធ្វើការស្តារស្រះនៅក្នុងវត្តកន្ទួតខ្នារក្រៅ ក្នុងឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប ដើម្បីទុកឱ្យព្រះសង្ឃ និងប្រជាពលរដ្ឋរស់នៅជិតនោះប្រើប្រាស់ ។ ក្នុងការស្តារនេះ គឺមានរយៈពេលចំនួន៦ថ្ងៃ ចាប់គិតពីថ្ងៃទី២៦ មក ស្រាប់តែដល់ថ្ងៃទី៣១ ឧសភា ស្រាបតែប្រទះឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះរហូតដល់៩គ្រាប់ និងមីនថ្មើរជើងចំនួន៣គ្រាប់ ។
មន្ត្រីស៊ីម៉ាក់ដែលប្រចាំការនៅស្រះទឹកវត្តកន្ទួតខ្នារក្រៅបានឱ្យដឹងថា យុទ្ធភណ្ឌមិនទាន់ផ្ទុះទាំង៩គ្រាប់នោះ គឺមានប្រភេទគ្រាប់បេ៤០, គ្រាប់បេ៤១ និងប្រភេទគ្រាប់ផ្លោង ។ ការរាវរកយុទ្ធភណ្ឌមិនទាន់ផ្ទុះតទៅទៀតនេះ សង្ឃឹមថានឹងជួបប្រទះនូវគ្រាប់ផ្សេងៗទៀត ។
ក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ខេង សុមេធ ជាមេបញ្ជាការកងវិស្វកម្មតេជោហ៊ុន សែន សៀមរាប ក៏បានស្នើឱ្យអង្គភាពកំចាត់មីនទី៤ស៊ីម៉ាក់ ប្រចាំខេត្តសៀមរាប បន្តរាវរកយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះក្នុងស្រះកំពុងស្តារនោះបន្តទៀត ដើម្បីជួយសម្រួលដល់ការប្រតិបត្តិការស្តារស្រះទឹកនេះ ឱ្យបានល្បឿនកាន់តែប្រសើ ។
នាយឧត្តមសេនីយ៍ ខេង សុមេធ បានបញ្ជាក់ថា ក្នុងការស្តារស្រះនេះដែរ លោកមិនបានធ្វើការសន្យាជាមុនទេ ព្រោះថា ស្រះនោះគោកហើយរាក់ បច្ចុប្បន្នមិនអាចឱ្យប្រជាពលរដ្ឋប្រើប្រាស់ទឹកស្រះនោះបាន ដោយហេតុផលចាំបាច់ ត្រូវតែធ្វើការស្តារស្រះនេះ ឱ្យបានជ្រៅ មុនរដូវវស្សាមកដល់។
គួរបញ្ជាក់ថា ស្រះដែលកំពុងស្តារដោយកងវិស្វកម្មតេជោ ហ៊ុន សែន សៀមរាប នេះ បានចាប់ដំណើរការតាំងពីល្ងាចថ្ងៃទី២៦ ឧសភា ឆ្នាំ២០១៦ រហូតដល់ថ្ងៃទី៣១ឧសភាឆ្នាំ២០១៦ នេះ ដោយស្រះនោះមានទំហំ១៥០ម៉ែត្រx ២០០ម៉ែត្រ ជម្រៅប្រមាណ៤ម៉ែត្រ ដែលគ្រោងបញ្ចប់ការស្តារនៅរយៈពេលមួយសប្តាហ៍ខាងមុខទៀត ៕
ប្រភព ៖ កោះសន្តិភាព
No comments:
Post a Comment