Thursday, June 2, 2016

រឿង​តិចតួច​នាំ​គ្នា​បង្ក​ ទៅ​ជា​រឿង​ធំ​កើត

សុក្រ ០៣ មិថុនា, ២០១៦ ១០:៣៥
រាជធានី​ភ្នំពេញ ៖ ដោយសារ​តែ​គ្មាន​ការ​អធ្យាស្រ័យ​ឲ្យ​គ្នា​ទិញ​ទៅ​មក​ក្នុង​ការ​បើកបរ និង​ដោយសារ​តែ​ស្រវឹង​រៀង​ៗ​ខ្លួន​ផង​នោះ រថយន្ត​១​គ្រឿង​បាន​បើក​ដេញ​បុក​ម៉ូតូ​១​គ្រឿង​ទៀត ដោយ​ចោទប្រកាន់​ថា បាន​ជិះ​ម៉ូតូ​ជ្រែ​មុខ​ឡាន ចំណែក​ភាគី​ខាង​ម៉ូតូ​វិញ​ថា​ឡាន​បត់​បម្រុង​ប៉ះ​ម៉ូតូ​ហើយ​ជិះ​ដេញ​តាម​ពីក្រោយ​ទៀត បង្ក​ឲ្យ​មានការ​ឈ្លោះប្រកែក​គ្នា​ផ្អើល​ទាំង​យប់ ដែល​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៩​យប់ ថ្ងៃ​ទី​០២ ខែមិថុនា ឆ្នាំ​២០១៦ ត្រង់​ចំណុច​មុខ​យានដ្ឋាន ហ្វូ​តា​បា តាម​បណ្ដោយ​ផ្លូវ​៥៣៨ កែង​ផ្លូវ​៥៩៨ ស្ថិត​ក្នុង​សង្កាត់​បឹង​កក់​២ ខណ្ឌទួលគោក ។
ប្រភព​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា ភាគី​ខាង​ម៉ូតូ​មាន​គ្នា​៣​នាក់ ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក ហុងដា ឌ្រី​ម ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1AH-6353 ចំណែក​ភាគី​ខាង​រថយន្ត​ម៉ាក មី​ត​ហ្ស៊ុ​យ​ប៊ី​ស៊ី ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2Q-8809 ជិះ​គ្នា​២​នាក់​សុទ្ធតែ​ប្រុស​ៗ ។
តាម​ប្រភព​ព័ត៌មាន​ពី​ភាគី​ជិះ​ម៉ូតូ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គាត់​និង​មិត្តភក្ដិ​៣​នាក់​ទៀត​សរុប​៣​នាក់ ជិះ​ម៉ូតូ​១​គ្រឿង​តាម​ផ្លូវ​លេខ​៥៣៨ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត លុះ​មក​ដល់​ជិត​កែង​ផ្លូវ​៥៩៨​មាន​រថយន្ត​១​គ្រឿង​ជិះ​ពីមុខ​គាត់ ហើយ​ពេល​នោះ​គាត់​ចង់​វ៉ា​ខាងស្ដាំ​ស្រាប់តែ​រថយន្ត​បម្រុង​បត់​ស្ដាំ​ដែរ វិះ​ប៉ះ​ម៉ូតូ​របស់​គាត់ តែ​សំណាងល្អ​គាត់​បាន​បើក​ម៉ូតូ​វ៉ា​រថយន្ត​ផុត ស្រាប់តែ​រថយន្ត​បាន​បើក​តាម​ពីក្រោយ​ម៉ូតូ​របស់​គាត់​ហើយ​បម្រុង​បុក តែ​ពេល​នោះ​ពួក​គាត់​បាន​ជិះ​ម៉ូតូ​ទៅ​ឈប់​មុខ​កន្លែង​កើតហេតុ​ខាងលើ ហើយ​រថយន្ត​បាន​ជិះ​មក​ដល់​ចំណុច​ខាងលើ​ដែរ តែ​គាត់​បាន​រ៉ឺ​យ៉ែ​ថយក្រោយ​បម្រុង​រត់គេច​ខ្លួន​តែ​ត្រូវ​បាន​បុក​គូទ​រថយន្ត​ដែល​ចត​នៅ​ខាង​មុខ​យានដ្ឋាន​ទើប​រថយន្ត​ឈប់​នៅ​នឹង​កន្លែង ហើយ​បាន​ចុះ​ពីលើ​រថយន្ត​ដើរ​សំដៅ​មក​រក​ពួក​គាត់ ហើយ​បាន​រក​វាយ​គ្នា​ប្រតាយប្រតប់​គ្នា ។ ដោយសារ​តែ​ស្រវឹង​រៀង​ៗ​ខ្លួន រហូត​មាន​ម្នាក់​បាន​ដួល​កប់​ភក់​ប្រលាក់​ខ្លួន​ពេញ ។
ចំណែក​ភាគី​ខាង​រថយន្ត​វិញ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​រូប​គាត់​កំពុង​តែ​ជិះ​រថយន្ត​ជាមួយ​មិត្តភក្ដិ​គាត់​ម្នាក់​ទៀត ស្រាប់តែ​មាន​ម៉ូតូ​១​គ្រឿង​ជិះ​គ្នា​៣​នាក់​បាន​ជិះ​មក​ជ្រែ​ពីមុខ​រថយន្ត​របស់​គាត់ ហើយ​បាន​មើល​មុខ​គាត់​ធ្វើ​ឲ្យ​គាត់​ឆ្ងល់ ទើប​គាត់​បាន​ជិះ​ដេញ​តាម​បំណង​សួរនាំ​រក​ខុស​ត្រូវ តែ​ពេល​គាត់​ជិះ​មក​ដល់​មុខ​កន្លែង​កើតហេតុ​ពេល​គាត់​ចុះ​ពីលើ​រថយន្ត ស្រាប់តែ​ខាង​អ្នក​ជិះ​ម៉ូតូ​ទាំង​៣​នាក់​នោះ​បាន​មក​រករឿង​គាត់ ហើយ​ក៏​បាន​ឈ្លោះ​គ្នា​បែកផ្សែង​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​កម្លាំង​អាវុធហត្ថ​ដែល​កំពុង​ល្បាត​នៅ​ម្ដុំ​នោះ ហើយ​ក៏​បាន​រាយការណ៍​បន្ត​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​មក​កន្លែង​កើតហេតុ​ដើម្បី​ធ្វើការ​សម្របសម្រួល​ភាគី​ទាំង​សងខាង ។
ហេតុការណ៍​ខាងលើ​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដោយសារ​តែ​ភាគី​ទាំង​២​ឈ្លោះប្រកែក​វែកញែក​ទាមទារ​យក​ត្រូវ​រៀងខ្លួន ទម្រាំ​សមត្ថកិច្ច​មក​ធ្វើការ​សម្របសម្រួល​ទើប​ខាង​រថយន្ត​បង្ក​បាន​និយាយ​សុំ​ទោស​ទៅ​ខាង​ម៉ូតូ​ដើម្បី​បញ្ចប់រឿង​នៅ​និង​កន្លែង​កើតហេតុ ហើយ​រថយន្ត​ដែល​ចត​នៅ​កន្លែង​កើតហេតុ​នោះ​ត្រូវ​បាន​ម្ចាស់​រថយន្ត​បង្ក​សង​ប្រាក់​ទៅ​ខាង​ម្ចាស​រថយន្ត​ចំនួន​២០$​ដើម្បី​បញ្ចប់រឿង​ដែរ ៕
ប្រភព ៖ កោះសន្តិភាព
ខ្មែរឡូត

No comments:

Post a Comment