អាទិត្យ ០៥ មិថុនា, ២០១៦ ១៥:៥១
រាជធានីភ្នំពេញ ៖ លោក សាំ ពិសិដ្ឋ នាយកមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានឲ្យដឹងថា ពេលនេះ មន្ទីររបស់លោកបាននិងកំពុងដាក់ពង្រាយស្លាកហាមឆ្កែជុះលើសួនច្បារចំនួន១៦ស្លាក សម្រាប់ជំហានដំបូង មានដូចជា សួនវិមានឯករាជ្យ៤ស្លាក សួនសម្តេចហ៊ុន សែន ៤ស្លាក, សួនច័ន្ទឆៃយ៉ា២ស្លាក និងសួនច្បារតាមមាត់ទន្លេចំនួន៦ស្លាក ។ លោកបន្តថា តាមផែនការសាលារាជធានីភ្នំពេញ នឹងដាក់ពង្រាយស្លាកបម្រាមឆ្កែជុះនោមនេះ នៅគ្រប់សួនច្បារដែលមានចំនួន៦៧ទីតាំង ព្រោះតាមការកត់សម្គាល់កន្លងមក មានប្រជាពលរដ្ឋមួយចំនួនតូចបានបណ្តើរឆ្កែឲ្យជុះនោមតាមសួនច្បារ ដែលធ្វើឲ្យប៉ះពាល់ដល់បរិស្ថាន និងអនាម័យក្នុងរាជធានីភ្នំពេញតែម្តង។
គួររំលឹកថា កាលពីពេលថ្មីៗនេះ លោក មាន ចាន់យ៉ាដា នាយករដ្ឋបាល និងជាអ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានឲ្យដឹងថា បច្ចុប្បន្ននេះ សាលារាជធានីភ្នំពេញបានសង្កេតឃើញថា មានប្រជាពលរដ្ឋមួយចំនួនតូចបានបណ្តើរសត្វឆ្កែដែលខ្លួនចិញ្ចឹមឲ្យទៅជុះនោមលើសួនច្បារដ៏ស្រស់ស្អាត ដែលទទួលបានការថែទាំពីសាលារាជធានីភ្នំពេញ បង្កឲ្យមានក្លិនស្អុយ ឆ្អេះឆ្អាបប៉ះពាល់ដល់បរិស្ថាន សណ្តាប់ធ្នាប់ សោភ័ណភាពទីក្រុង និងបង្ហាញពីកង្វះខាតការយល់ដឹងក្នុងការចូលរួមសម្អាតទីក្រុង ។ លោកបន្តថា សម្រាប់វិធានការជំហានដំបូងនេះ សាលារាជធានីភ្នំពេញបានតម្រូវឲ្យសន្តិសុខដែលប្រចាំការគោលដៅតាមសួនច្បារ ត្រូវមានការអប់រំណែនាំឲ្យបញ្ឈប់ដឹកឆ្កែឲ្យទៅជុះនោមលើសួនបន្តទៀត និងដាក់ស្លាកបម្រាមដឹកឆ្កែនៅលើសួន ហើយសម្រាប់ជំហានបន្ទាប់នឹងមានការផាកពិន័យតែម្តង ប្រសិនបើមានការអប់រំហើយ នៅតែមិនស្តាប់នោះ ។
សន្តិសុខប្រចាំសួនច្បារវិមានឯករាជ្យបានឲ្យដឹងថា កន្លងមក សាលារាជធានីភ្នំពេញបានដាក់ស្លាកហាមមិនឲ្យយកសត្វទៅជុះនោម ឬរត់លើសួន និងមានការអប់រំណែនាំក្តី តែនៅមានមនុស្សមួយចំនួនតូចហាក់មិនបានអើពើចំពោះការណែនាំនេះទេ ដោយនៅតែដឹកឆ្កែឲ្យទៅជុះនោមលើសួនច្បារ ឲ្យរត់ ឬកាយបាក់ដើមផ្កា និងខូចស្មៅលើសួនដដែល ជាពិសេសនៅពេលព្រឹក និងពេលល្ងាច ស្របពេលដែលប្រជាពលរដ្ឋចេញហាត់ប្រាណ ។ សន្តិសុខដដែលបានបញ្ជាក់ថា មិនមែនមានតែពលរដ្ឋខ្មែរទេ សូម្បីតែជនបរទេសក៏បានដឹកឆ្កែទៅឲ្យជុះនោមលើសួនច្បារដែរ បញ្ហានេះធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់មុខមាត់រាជធានីភ្នំពេញ ។ ចំណែកប្រជាពលរដ្ឋដែលជាអ្នកហាត់ប្រាណភាគច្រើនបានសំណូមពរឲ្យសាលារាជធានីភ្នំពេញចាត់វិធានការក្តៅ និងឲ្យរាងចាល ព្រោះសួនច្បារ គឺសម្រាប់មនុស្សទៅលំហែស្រូបយកខ្យល់អាកាសបរិសុទ្ធ និងហាត់ប្រាណ ដើម្បីសុខភាពមិនមែនសម្រាប់ស្រូបយកក្លិនទឹកនោម ឬអាចម៌ឆ្កែនោះទេ ៕
ប្រភព ៖ កោះសន្តិភាព
No comments:
Post a Comment