សុក្រ ០៣ មិថុនា, ២០១៦ ០៩:២១
រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយយ៉ាងរន្ធត់ បន្ទាប់យុវជនម្នាក់ជិះ វ៉ារថយន្តប្រភេទកូរ៉េ (ដឹកកម្មករ)មួយគ្រឿង រួចជ្រុលបុកជាមួយរថយន្តដឹកកក មួយគ្រឿងទៀតបណ្តាល ឱ្យដួលម៉ូតូ ក៏ត្រូវរថយន្តកូរ៉េ ដែលវ៉ាមុននោះកិន បែកក្បាលស្លាប់ភ្លាមៗ ។
ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង០៦ និង២០នាទីព្រឹកថ្ងៃទី០៣ មិថុនា ២០១៦ ស្ថិតនៅចំណុច មុខបន្ទាយទាហាន ដើមអំពិលលើផ្លូវលេខ១៥១ ក្នុងភូមិធំ សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
ជនរងគ្រោះដែលស្លាប់ឈ្មោះជួន វុទ្ធី អាយុ២២ឆ្នាំ ជាកម្មករសំណង់ មានទីលំភូមិស្វាយ ឃុំឆ្វាំង ស្រុកពញាឮ ខេត្តកណ្តាល ជិះម៉ូតូធុនC125 ស៊េរីឆ្នាំ២០១៦ ពាកស្លាកលេខ 1FN-9107 ។ ចំណែកអ្នកបើករថយន្តដឹកទឹកកក ដែលត្រូវឃាត់ខ្លួនឈ្មោះអាន សុខតារា អាយុ៣៥ឆ្នាំ មានទីលំនៅក្នុងភូមិ អន្ទង់ពោះវៀន ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ។ ចំណែកខាងរថយន្តកូរ៉េ ដែលកិនជនរងគ្រោះ បានបើកគេចបាត់ដោយសុវត្ថិភាព។
ប្រភពបន្តថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះជិះម៉ូតូតាម បណ្តោយផ្លូវលេខ១៥១ ក្នុងទិសដៅ ពីលិចទៅកើត ។ លុះជិះមកដល់ចំណុចកើតហេតុ ជនរងគ្រោះបានបន្ថែមល្បឿនវ៉ារថយន្តកូរ៉េនោះ រួចជ្រុលទៅបុក ជាមួយរថយន្តដឹកទឹកកក បណ្តាលឱ្យដួលម៉ូតូ ។ ភ្លាមនោះស្រាប់តែរថយន្តដឹកកម្មករ ចាប់ហ្វ្រាំងមិនទាន់ ក៏កិនពីលើជនរងគ្រោះបណ្តាល ឱ្យបែកស្លាប់តែម្តង ។ បន្ទាប់ពីដឹងថា បានកិនជនរងគ្រោះស្លាប់ហើយ រថយន្តបានបើកគេចបាត់ទៅ ។
បន្ទាប់ពីសមត្ថកិច្ចឃាត់អ្នកបើករថយន្តដឹកកកនោះបាននិយាយអះអាងថា គាត់ក៏ជាអ្នករងគ្រោះដែរ ។ ទោះបីជាយ៉ាងណា សមត្ថកិច្ចស្រាវជ្រាវ ដើម្បីដោះស្រាយតាមផ្លូវ ។
ប្រភព ៖ កោះសន្ដិភាព
ការកត់សម្គាល់ខ្មែរឡូត៖
No comments:
Post a Comment