ព្រហស្បតិ៍ ៣០ មិថុនា, ២០១៦ ១៥:៥៨
ភ្នំពេញ ៖ បន្ទាប់ពីមានជំនួយបច្ចេកវិទ្យាទំនើប LiDAR បានធ្វើការស្រាវជ្រាវលើផ្ទៃដី ទំហំ៣២គីឡូម៉ែត្រការេមក និងក្រោយពីការចុះពិនិត្យជាក់ស្តែង បានរកឃើញបុរាណដ្ឋានចំនួន ៣៤០កន្លែងបន្ថែមទៀតលើទិន្នន័យចាស់ នៅភ្នំគូលែន ក្នុងទឹកដីខេត្តសៀមរាប ។
យោងតាមបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុក របស់អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦ បានឲ្យដឹងថា "សរុបតាមទិន្នន័យមុន និងក្រោយមានបច្ចេកវិទ្យា LiDAR នាឆ្នាំ២០១២និងឆ្នាំ២០១៥ គឺមាន បុរាណដ្ឋានសរុបដល់ទៅ៤២៦បុរាណដ្ឋាន។ ដោយឡែកនៅឆ្នាំ២០១៥ បច្ចេកវិទ្យាដ៏ទំនើបមួយ នេះ បានធ្វើការពង្រីកការងារស្រាវជ្រាវបន្ថែមលើផ្ទៃដីទំហំ៩០០គីឡូម៉ែត្រការេ បានរកចំនួនបុរាណដ្ឋានបន្ថែមទៀតគួរឲ្យកត់សម្គាល់”។
តាមការស្រាវជ្រាវរបស់នាយកដ្ឋាន អភិរក្សប្រាសាទក្រៅឧទ្យានអង្គរ ជាមួយមូលនិធិបុរាណវិទ្យាដើម្បីអភិវឌ្ឍន៍ (ADF) បូករួមនឹងទិន្នន័យកាលពីឆ្នាំ២០១២ មានបុរាណដ្ឋានចំនួន៨៦កន្លែង គឺមានប្រាសាទចំនួន២៩ ពើងចំនួន៣០ និងហេដ្ឋារចនាសម្ពន្ធបុរាណដទៃទៀតចំនួន២៧កន្លែង។
លោកបណ្ឌិត ឈាន រដ្ឋា ប្រធានស្តីទីនាយកដ្ឋាន អភិរក្សប្រាសាទក្រៅឧទ្យាន អង្គរនៃអាជ្ញាធរ ជាតិអប្សរា បានមានប្រសាសន៍ថា " អាជ្ញាធរជាតិអប្សរា បានយកចិត្តទុក ដាក់លើការងារអភិរក្សបុរាណដ្ឋាន នៅក្នុងឧទ្យានជាតិមួយនេះយ៉ាងយកចិត្តទុកដាក់ដូចជា ទល់ទ្រចំណុចគ្រោះថ្នាក់ដល់ប្រាសាទបាន៥ប្រាសាទ ជួសជុលប្រាសាទអូរផ្អុង ដំណាក់កាលទី១រួចរាល់ ដាក់បង្គោលនិងខែ្សរបាការពាររូបចម្លាក់លិង្គមួយពាន់ប្រវែង៥០០ម៉ែត្រ”៕
ប្រភព ៖ ដើមអម្ពិល