Wednesday, May 25, 2016

ស្រីលង្កា ដង្ហោយរកជំនួយពីអន្តរជាតិ ខណៈអ្នកស្លាប់កើនដល់ ១០១នាក់ និងអត់ទីជម្រក ២សែននាក់ ដោយសារគ្រោះទឹកជំនន់ដ៏អាក្រក់

(កូឡុំបូ)៖ រដ្ឋាភិបាលស្រីលង្កា តាមរយៈក្រសួងហិរញ្ញវត្ថុបានដង្ហោយសុំជំនួយជាបន្ទាន់ ពីសហគមន៍ អន្តរជាតិ ដើម្បីសង្គ្រោះប្រទេសដីកោះនេះឡើងវិញ បន្ទាប់ពីគ្រោះធម្មជាតិទឹកជំនន់ និងការបាក់ដី បានវាយប្រហារស្ទើរទូទាំងផ្ទៃប្រទេស ជាងមួយសប្តាហ៍មកហើយ បណ្តាលឲ្យមនុស្សស្លាប់កើនដល់ ១០១នាក់ និង ២០០,០០០នាក់ទៀតបាត់បង់ទីជម្រក។ នេះបើតាមការចេញផ្សាយមុននេះបន្តិច ដោយទីភ្នាក់ងារ ព័ត៌មានចិនស៊ិនហួរ នៅល្ងាចថ្ងៃពុធ ទី២៥ ខែឧសភា ឆ្នាំ២០១៦។
រដ្ឋមន្ត្រីហិរញ្ញវត្ថុស្រីលង្កាលោក Ravi Karunanayake បានថ្លែងនៅថ្ងៃពុធ នេះទៀតថា កន្លងមក ប្រទេសរបស់លោក បានទទួលជំនួយដ៏ច្រើនលើសលប់ពីអន្តរជាតិទៅហើយ ប៉ុន្តែសម្រាប់ពេលនេះ យើងក៏សង្ឃឹមថានឹងបានទទួលជំនួយពីអន្តរជាតិបន្ថែមទៀតជាលក្ខណៈមនុស្សធម៌ ឬក៏ជាកម្ចី ផ្នែកហិរញ្ញវត្ថុក៏បានដែរ។ រដ្ឋាភិបាលស្រីលង្កា បានប្រកាសផងដែរថា ការខូចខាតផ្នែកសេដ្ឋកិច្ច ដោយគ្រោះធម្មជាតិលើកនេះ អាចនឹងមានទំហំទឹកប្រាក់ ២ពាន់លានដុល្លារអាមេរិក។
គួរបញ្ជាក់ថា លំនៅដ្ឋានប្រជាជនប្រមាណ ៣០,០០០ខ្នង បានទទួលរងការបំផ្លាញខ្ទេចទាំងស្រុង ស្របពេលដែល ១២៨,០០០ខ្នងទៀតបានរងការខូចខាតបន្ទាប់បន្សំ។ ដោយឡែកសម្រាប់ប្រជាជន វិញគឺ ២០០,០០០នាក់ត្រូវបានអាជ្ញាធរ ជម្លៀសទៅស្នាក់នៅជម្រកបណ្តោះអាសន្ន និង ៦២០,០០០នាក់ នៅទូទាំងប្រទេសកំពុងរងផលប៉ះពាល់៕

No comments:

Post a Comment