ច័ន្ទ ៣០ ឧសភា, ២០១៦ ០៨:២៣
ខេត្តសៀមរាប ៖ សិស្សសាលា២នាក់បានជិះម៉ូតូទៅសាលារៀនក្នុងល្បឿនលឿន មិនបានប្រយ័ត្ន ដល់ផ្លូវកោងក៏ជ្រុលចង្កូតទៅបុកគល់ស្វាយ បណ្តាលឱ្យស្លាប់ម្នាក់នៅនឹងកន្លែង និងម្នាក់ទៀតរងរបួសធ្ងន់ បាក់ភ្លៅបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗផងដែរ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរដោយខ្លួនឯងនេះកើតឡើងកាលពីវេលាម៉ោង៣និង៤៥នាទីរសៀល ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៦ ស្ថិតនៅចំណុចផ្លូវលំដីស ក្នុងភូមិទឹកថ្លា ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប។
តាមសាក្សីនៅកន្លែងកើតហេតុបានប្រាប់ថា ករណីក្មេងស្រី០២នាក់ជិះម៉ូតូគ្នា មិនបានប្រយ័ត្ន មកដល់ចំណុចផ្លូវកោង ជ្រុលចង្កូតទៅបុកគល់ស្វាយ បណ្ដាលឱ្យអ្នកបើកបរម៉ូតូស្លាប់នៅនឹងកន្លែង និងអ្នករួមដំណើរម្នាក់ទៀតរងរបួសធ្ងន់ ដោយបាក់ភ្លៅខាងឆ្វេង ដែលជិះម៉ូតូ ម៉ាកស្កុបពី ពណ៌ស ផលិតនៅឆ្នាំ២០១៣ ពាក់ស្លាកលេខសៀមរាប 1T-9645 បានធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង ។
លោកវរសេនីយ៍ត្រី ទេព ពុំសែន អធិការនគរបាលស្រុកពួកបានឱ្យដឹងនៅរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៦នេះថា ជនរងគ្រោះបើកបរម៉ូតូពីទិសខាងត្បូង ទៅទិសខាងជើង លុះដល់ចំណុចកើតហេតុបានជ្រុលចង្កូតទៅបុកគល់ស្វាយ បណ្ដាលឱ្យស្លាប់ម្នាក់ និងម្នាក់ទៀតរងរបួសធ្ងន់។
លោកអធិការនគរបាលស្រុកបានបន្តថា ជនរងគ្រោះទាំង២នាក់មានឈ្មោះ ផន ស្រីណយ អាយុ១៧ឆ្នាំ មុខរបរសិស្ស ជាអ្នកបើកម៉ូតូ(ស្លាប់)និងអ្នករួមដំណើរបាក់ភ្លៅម្នាក់ទៀតមានឈ្មោះ រិន ដានី អាយុ១៤ឆ្នាំ មុខរបរជាសិស្ស អ្នកទាំង២នាក់រស់នៅ ភូមិគោកថ្មី ឃុំពួក ស្រុកពួក ខេត្តសៀមរាប។
បច្ចុប្បន្ន សពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី រីឯអ្នករងរបួសបាក់ភ្លៅត្រូវបានដឹកយកទៅជួយសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗផងដែរ ចំណែកម៉ូតូប្រគល់ឱ្យឪពុកម្តាយជនរងគ្រោះដែលស្លាប់៕
ប្រភព ៖ កោះសន្តិភាព
No comments:
Post a Comment