សៅរ៍ ២៨ ឧសភា, ២០១៦ ១៤:៥៣
ខេត្តបន្ទាយមានជ័យ ៖ មនុស្ស៤នាក់ (ឪពុក-ម្តាយ និងកូន) ស្លាប់យ៉ាងអាណោមអាធ័មបំផុត បន្ទាប់ពីជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តកៀរម៉ូតូឱ្យដួល ហើយត្រូវរថយន្តផ្សេងទៀតមកពីក្រោយកិនពីលើតែម្តង ។
មហាសោកនាដកម្មដ៏គួរឱ្យរន្ធត់នេះ កើតឡើងកាលពីវេលាម៉ោង០៩ និង៥៥នាទីយប់ថ្ងៃទី២៧ ឧសភា ឆ្នាំ២០១៦ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះបង្គោលភ្លើង៣៨២-៣៨៣ ក្នុងភូមិម៉ក់ហ៊ឺន ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។
ជនរងគ្រោះដែលស្លាប់ខាងលើ បុរសជាប្តីឈ្មោះនៅ សុភី អាយុ៣៨ឆ្នាំ និងស្ត្រីជាប្រពន្ធឈ្មោះឆេង ស៊ីណៃ អាយុ៣១ឆ្នាំ និងកូន២នាក់ ម្នាក់ឈ្មោះនៅ ស៊ីនិច ភេទស្រី អាយុ៦ឆ្នាំ និងកូនប្រុសអាយុនៅស៊ីនិល អាយុ៤ឆ្នាំ ។ គ្រួសារនេះ មានស្រុកកំណើតនៅឯខេត្តកំពង់ធំ ។ បច្ចុប្បន្ន មករស់នៅភូមិបឹងបេង ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។ គ្រួសារនេះ មានសមាជិកចំនួន៦នាក់ បច្ចុប្បន្ននៅសល់កូនប្រុស២នាក់ ម្នាក់អាយុជាង១០ឆ្នាំ និងម្នាក់ទៀត អាយុ១០ឆ្នាំ ។
បើតាមការត្រួតពិនិត្យនៅកន្លែងកើតហេតុ ជនរងគ្រោះ គឺត្រូវរថយន្តកៀរម៉ូតូឱ្យដួលមនុស្សទាំង៤នាក់ខ្ទាតទៅលើទ្រូងថ្នល់ ស្របពេលនោះ រថយន្តមកពីក្រោយ បានបើកកិនពីលើ បណ្តាលឱ្យស្លាប់រដូករណែលក្នុងថ្លុកឈាម ។
បើតាមសម្តីបងស្រីស្ត្រីដែលស្លាប់ថា មុនពេលកើតហេតុ ជនរងគ្រោះបានឈ្លោះប្រកែក រហូតដាក់ពាក្យលែងលះគ្នា និងចែកកូនគ្នានៅផ្ទះមេភូមិ តែប្រហែលជាត្រូវប្រធានភូមិ គាត់បានសម្របសម្រួលឱ្យត្រូវរ៉ូវគ្នា ទើបពួកគេបានឌុបគ្នាក្នុងគោលបំណងទៅលេងស្រុកកំណើត នៅខេត្តកំពង់ធំ ដោយនាំកូនមកជាមួយ២នាក់ ក៏ត្រូវជួបនូវបញ្ហាគ្រោះថ្នាក់ចរាចរណ៍នេះ ។
ប្រជាពលរដ្ឋដែលបានទៅពិនិត្យមើលសពទាំង៤នាក់ ពួកគាត់មានសេចក្តីសង្វេគយ៉ាងក្រៃលែង ដោយពួកគាត់បានលាន់មាត់ថា អ្នកស្លាប់ទៅ គេរួចផុតចាកទុក្ខ ចុះកូនៗចំនួន២នាក់ ដែលរស់នៅ តើពួកគេទៅរំពឹងនរណា បើឪពុកយក-ម្តាយនិងប្អូនៗរបស់ពួកគេបានស្លាប់ចោលអស់ទៅហើយនោះ ៕
ប្រភព ៖ កោះសន្តិភាព
No comments:
Post a Comment