Thursday, May 26, 2016

ព្រះរាជអាជ្ញា ផ្ញើលិខិតជូនសម្តេច ហេង​ សំរិន ប្រធានរដ្ឋសភា រាយការណ៍អំពីការចោទប្រកាន់លោក កឹម សុខា

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦នេះ លោក យ៉េត ចិរយា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានផ្ញើលិខិតជូនសម្តេច ហេង សំរិន ប្រធានរដ្ឋសភានៃកម្ពុជា ដើម្បីរាយការណ៍អំពីការចោទប្រកាន់លោក កឹម សុខា តំណាងរាស្រ្តមណ្ឌល ខេត្តកំពង់ចាម ពីបទ «បដិសេធ ក្នុងការចូលខ្លួន» ក្នុងនាមជាសាក្សី តាមការកោះហៅរបស់អយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ។
នៅក្នុងលិខិតផ្ញើជូនប្រធានរដ្ឋសភា ដែលអង្គភាព  ទើបទទួលបានមុននេះបន្តិចបានសរសេរបញ្ជាក់ថា៖ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ​ ពិនិត្យឃើញថា ការប្រព្រឹត្តរបស់លោក កឹម សុខា ដែលមិនបានចូលខ្លួនមកបំភ្លឺ តាមការកោះហៅរបស់តំណាងអយ្យការទាំងពីរលើកនេះ គឺជាបទល្មើសតាមមាត្រា ៥៣៨ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។ មាត្រា៥៣៨ បានចែងថា៖ «រាល់បុគ្គលណាដែលត្រូវបានកោះហៅ ឱ្យចូលមកឆ្លើយ ជាសាក្សីនៅមុខអយ្យការ ឬចៅក្រមស៊ើបសួរ ឬមុខតុលាការព្រហ្មទណ្ឌ ហើយមិនព្រមចូលខ្លួន តាមដីកាកោះហៅនោះ ដោយគ្មានមូលហេតុសមស្រប​ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ខែ ទៅ៦ខែ និងពិន័យជាប្រាក់ពី ១សែនរៀល ទៅ១លានរៀល»។
ផែ្អកលើមូលដ្ឋាននៃអំពើល្មើស និងការអនុវត្ត នៃក្រមនីតិវិធីព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា អយ្យការអមសាលាដំបូង រាជធានីភ្នំពេញ បានសម្រេចចាត់នីតិវិធីបន្ត ​ក្នុងក្របខណ្ឌនៃបទល្មើសជាក់ស្តែងភ្លាមបន្ទាប់ពី លោក កឹម សុខា ខកខានមិនបានចូលខ្លួនជាលើកទី២ តាមដីកាកោះហៅ របស់តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់ លោក កឹម សុខា ពីបទ «បដិសេធ ក្នុងការចូលខ្លួន» តាមមាត្រា៥៣៨ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា និងបានបញ្ជូនសំណុំរឿងទៅចៅក្រមស៊ើបសួរដើម្បីចាត់ការតាមនីតិវិធីច្បាប់។
លិខិតរបស់ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ត្រូវបានរដ្ឋសភាបោះត្រាទទួលចូលនៅវេលាម៉ោង១០៖៤០នាទី ថ្ងៃទី២៧ ខែឧសភានេះ។

No comments:

Post a Comment