Friday, May 27, 2016

ក្រុមសហជីពធំៗ ប្រកាសប្រឆាំងដាច់ខាត ចំពោះការអូស​ទាញក្រុម​កម្មករចូលរួម​ធ្វើបាតុកម្ម បើសិនមាន​ការចាប់ខ្លួនលោក កឹម សុខា, អំពាវនាវឲ្យរាជរដ្ឋា​ភិបាល ចាត់វិធានការយ៉ាង​ម៉ឺងម៉ាត់​បំផុត

(ភ្នំពេញ)៖ ឆ្លើយតបនឹងការអំពាវនាវរបស់លោក ជា មុនី ប្រធានសហជីពសេរីកម្មករកម្ពុជា ដែលប្រកាសអូស​ទាញឲ្យ​កម្មករតាម​រោងចក្រចូលរួម​​ធ្វើបាតុកម្មបើ​សិនមាន​ការ​ចាប់​ខ្លួនលោក កឹម សុខា នោះ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦នេះ ក្រុមសហជីពធំៗ នៅប្រទេសកម្ពុជា ក៏បានចេញមកប្រកាសប្រឆាំងដាច់ខាតចំពោះសកម្មភាពខុសច្បាប់មួយនេះ និងបានស្នើសុំឲ្យរាជរដ្ឋាភិបាល ចាត់វិធានការយ៉ាងម៉ឺងម៉ាត់។ សម្រាប់លោក ជួន មុំថុល ប្រធានសហភាព​សហព័ន្ធសហជីពជាតិកម្ពុជា នៅថ្ងៃនេះ បានចេញសេចក្តីថ្លែងការណ៍ដោយប្រឆាំង​ដាច់ខាតចំពោះ​ការអំពាវនាវ ឲ្យក្រុមកម្មករ​ចូលរួមធ្វើបាតុកម្ម បើសិនមានការចាប់ខ្លួនលោក កឹម​ សុខា។
តាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួនលោក ជួន មុំថុល បានបានស្នើសុំឲ្យរាជរដ្ឋាភិបាល អនុវត្តន៍ច្បាប់ម៉ឺងម៉ាត់បំផុត ចំពោះជនទាំងឡាយបំពានច្បាប់ និងសូមអំពាវនាវ ដល់បងប្អូនកម្មករទាំង​អស់រក្សាភាពស្ងប់ស្ងាត់ខិតខំធ្វើការរៀងៗខ្លួន។ ដោយឡែកប្រធានសហភាពស្មារតី​យុវជនដើម្បីការងារកម្ពុជា ក៏បានចេញមកជំទាស់ដាច់​ខាតរាល់សកម្មភាព​របស់ សហព័ន្ធសហជីព ឬសហជីព​ទាំងឡាយណា ដែលយកកម្មករនិយោជិតជាឈ្នាន់ញុះញុងឱ្យកម្មករធ្វើកូដកម្មដើម្បីបំរើផលប្រយោជន៍ផ្ទាល់ខ្លូន និងបំរើឱ្យគណបក្សនយោបាយ ដោយមិនគិតពិចារណានូវផលប៉ះពាល់ ដល់អត្ថ​ប្រយោជន៍​ព្រមទាំងជីវភាពរស់នៅ និងអាយុជីវិតរបស់កម្មករនិយោជិត។ នេះបើយោងតាមសេចក្ដីថ្លែងការណ៍ របស់សហភាពស្មារតីយុវជនដើម្បីការងារកម្ពុជា ដែលចេញថ្ងៃទី២៧ ខែឧសភា ឆ្នាំ​២០១៦​នេះ។
តាមសេចក្តីថ្លែងការណ៍នេះ សហភាពស្មារតីយុវជនដើម្បីការងារកម្ពុជា បានធ្វើការអំពាវនាវដល់កម្មករនិយោជិតទាំងអស់ នៅក្នុងរោងចក្រ សហគ្រាសតាមបណ្ដោរាជធានី-ខេត្ត មេត្តា​ពិចារណា និងកុំជឿតាមការញុះញុង​របស់សហជីពមួយចំនួន​ដែលខិលខូច យកបងប្អូនជាឈ្នាន់បំរើ​ផលប្រយោជន៍របស់ខ្លួន និងគណបក្សនយោបាយ របស់ពួកគេដោយមិនគិត​ពីអាយុជីវិត​របស់បង​ប្អូន។
នៅថ្ងៃដដែលនេះ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក អ៉ិត សំហេង បានផ្តល់កិច្ចសម្ភាសន៍ដល់អង្គភាព ព័ត៌់មាន  ដោយបានអំពាវនាវដល់​កម្មករ-កម្មការិនីទាំងអស់រក្សា​ភាពស្ងប់ស្ងាត់ និងធ្វើការងារជាប្រក្រតីភាពចៀសវាងការបង្កចលាចលនានា តាមការអំពាវនាវ​របស់លោក ជា មុនី ប្រធានសហជីពសេរីកម្មករកម្ពុជា។ លោក អ៉ិត សំហេង បានហៅការអំពាវ​នាវរបស់លោក ជា មុនី ជាការធ្វើផ្ទុយពីច្បាប់ស្តីពីសហជីព ដែលទើបចូលជាធរមានអាចប្រឈមនិងទណ្ឌកម្ម រហូតឈានដល់ការរំលាយចោល។
លោក អ៉ិត សំហេង បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ថា ការអំពាវនាវរបស់លោក ជា មុនី កំពុងធ្វើផ្ទុយពីច្បាប់ស្តីពីសហជីប ដែលមិនអនុញ្ញាតឲ្យពាក់​ព័ន្ធជាមួយ​គណបក្សនយោបាយ ឬធ្វើយុទ្ធនាការណា​មួយបង្ហាញ​ការគាំទ្រដល់​គណបក្ស​នយោបាយនោះឡើយ។ លោក បានបញ្ជាក់អ្វី ដែលលោក ជា មុនី កំពុងធ្វើអាចប្រឈមការអនុវត្ត​តាមច្បាប់ស្តីពីសហជីព ដែលមានដូចការពិន័យ ដាក់ទណ្ឌកម្ម និងឈានដល់ការរំ​លាយចោល។ លោក អ៉ិត សំហេង បានថ្លែងដូច្នេះ «អ្វីដែលគាត់ធ្វើហ្នឹងវាមិនត្រឹមត្រូវ គឺវាផ្ទុយនិងច្បាប់ស្តីពីសហជីព ដែលទើបនឹងចូលជាធរមាននាពេលថ្មីៗនេះ។ ទង្វើរបស់គាត់​អាច​ប្រឈម​និងការពិន័យ ដាក់ទណ្ឌកម្ម និងអាចឈាន​ទៅដល់​ការ​រំលាយចោល»
លោករដ្ឋមន្រ្តី ក៏បានអំពាវនាវទៅដល់កម្មករ កម្មការិនី រក្សាភាពស្ងប់ស្ងាត់បម្រើការងារជាប្រក្រតី កុំធ្វើតាមការញុះញង់ ដែលនាំឲ្យប៉ះពាល់ ដល់ជីវភាពរបស់ខ្លួន។ លោករដ្ឋមន្រ្តី អ៉ិត សំហេង បានបញ្ជាក់ថា រឿងលោក កឹម សុខា គឺជាការអនុវត្តទៅ​ច្បាប់ក្នុងសំណុំ​រឿងសញ្ចាកម្ម វាមិនមានអ្វីពាក់​ព័ន្ធ​ជាមួយក្រុម​កម្មករនោះឡើយ។
ចំណែកនៅថ្ងៃនេះផងដែរ កញ្ញា ធី​ សុវណ្ណថា ដែលត្រូវបានគេដឹងថា ជាសកម្មជនគណបក្សសង្គ្រោះជាតិដ៏ល្បាញល្បីមួយរូប បានចេញមុខមកប្រកាសជាសាធារណថា រូបនាងនឹងដឹកនាំ ក្រុមបាតុកម្មធ្វើការគាំទ្រចំពោះចំណាត់ការរបស់តុលាការ ទៅលើលោក កឹម សុខា ដែលជាប់ចោទពីបទ «បដិសេធក្នងការចូលខ្លួន មកបំភ្លឺរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ» ប្រសិនបើមានបាតុកម្មប្រឆាំងនឹង ការចាប់ខ្លួនរបស់លោក កឹម សុខា។
កញ្ញា ធី សុវណ្ណាថា បានប្រកាសនៅលើ Facebook របស់កញ្ញាថា «សូមលោក កឹម សុខា មានភាពក្លាហានទទួលខុសត្រូវចំពោះមុខច្បាប់ បើមានបាតុកម្ម ប្រឆាំងការចាប់ខ្លួនលោក កឹម សុខា នាងខ្ញុំ នឹងដឹកនាំបាតុកម្ម គាំទ្រចំណាត់ការរបស់តុលាការ» ក្រៅពីការប្រកាសធ្វើបាតុកម្មគាំទ្រចំណាត់ការរបស់តុលាការ, ក្រុមយុវជនគាំទ្របក្សសង្គ្រោះជាតិរបស់កញ្ញា ធី សុវណ្ណថា រួមនឹងក្រុមនិស្សិតរបស់លោក ស្រី ចំរើន បូករួមនិងសមាគម សហជីពទាំង១២ស្ថាប័ន ក៏នឹងបានចេញលិខិត ប្រកាសគាំទ្រចំពោះអយ្យការអម សាលាដំបូងរាជធានីភ្នំពេញ ដែលបានចាត់វិធានការតាមផ្លូវច្បាប់លើកលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ។
នៅក្នុងញត្តិគាំទ្របានបញ្ជាក់ថា «យើងខ្ញុំជាប្រធានអង្គការ សមាគម សហជីព និងបណ្តាញយុវជន១២ស្ថាប័ន សូមចូលរួមគាំទ្រចំពោះ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដែលបានចាត់វិធានការតាមផ្លូវច្បាប់លើលោក កឹម សុខា។ យើងខ្ញុំស្នើសុំថ្នាក់ដឹកនាំគណបក្ស សង្គ្រោះជាតិទាំងអស់ មេត្តាស្វែងយល់ពីច្បាប់ និងគោរពច្បាប់ទាំងអស់គ្នា»

No comments:

Post a Comment