ច័ន្ទ ៣០ ឧសភា, ២០១៦ ១៣:២៧
រាជធានីភ្នំពេញ ៖ បុរសម្នាក់ដឹកប្រពន្ធ និងប្អូនស្រីទៅលេងផ្ទះបងប្រុសដោយជិះម៉ូតូមួយគ្រឿង ក៏បានវ៉ាពីមុខរថយន្តបាឡែនមួយគ្រឿង ស្រាប់តែធ្វើឱ្យអ្នកបើករថយន្តខឹងជេរប្រមាថ បណ្តាលឱ្យអ្នកជិះម៉ូតូខឹងចុះទៅវាយមួយដៃ ហើយត្រូវបើករថយន្តយកកូនសោចាក់ចំក្បាលវិញ បណ្តាលឱ្យរងរបួសធ្ងន់ ។
ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង០៨ និង១៥នាទីយប់ថ្ងៃទី២៩ ឧសភា តាមបណ្តោយផ្លូវវេងស្រេង ត្រង់នៅចំណុចផ្លូវបំបែកដីថ្មី ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
អ្នកបើកម៉ូតូហុងដាឌ្រីមឈ្មោះថឹម ចាន់ថន ភេទប្រុស អាយុ២៦ឆ្នាំ ជាជាងដេរ ស្នាក់នៅផ្ទះជួល បន្ទប់លេខ១៧ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។ ចំណែកអ្នកបើករថយន្តកាមរីបាឡែនឈ្មោះឯម ចិត្រា ភេទប្រុស អាយុ២៣ឆ្នាំ ជាអ្នករត់តាក់ស៊ី មានស្រុកកំណើតនៅស្រុកសំរោង ខេត្តតាកែវ ។
មុនពេលកើតហេតុ គេឃើញអ្នកជិះម៉ូតូម៉ាកហុងដាឌ្រីមសេរី២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1FU-6864 ជិះគ្នា៣នាក់ (ប្រពន្ធ និងប្អូនស្រី) គោលបំណងទៅលេងផ្ទះបងប្រុសនៅម្តុំដីថ្មី ។ លុះជិះតាមបណ្តោយផ្លូវវេងស្រេង ក្នុងទិសដៅពីលិចទៅ
កើត ។ រីឯរថយន្តម៉ាកកាមរីបាឡែន ពណ៌.ស្ករ ពាក់ស្លាកលេខភ្នំពេញ2W-7648 បើកបរតាមបណ្តោយផ្លូវវេងស្រេង ក្នុងទិសដៅស្របគ្នា ម៉ូតូនោះបានវ៉ារថយន្ត ស្រាប់តែអ្នកបើកខឹងបានជេរទៅលើអ្នកជិះមូតូថា «អាចុយម៉ាយ ប្រញាប់ទៅស្លាប់មែន» ។ស្រាប់តែធ្វើឱ្យអ្នកជិះម៉ូតូខឹង ក៏ឈប់ហើយបានវាយមួយដៃចំក្បាល ធ្វើឱ្យភាគីខាងរថយន្តខឹងបានយកសោថយន្តទៅចាក់ចំក្បាល បណ្តាលឱ្យរងរបួសធ្ងន់ហូរឈាមកក្បាលតែម្តង ។
ចំណែកភាគីអ្នកបើករថយន្តកាមរីបាឡែនមិនអាចសុំការបំភ្លឺបានទេ ព្រោះត្រូវអាវុធហត្ថខណ្ឌមានជ័យដឹកយកទៅសាកសួរ រួមជាមួយអ្នកបើកម៉ូតូ ៕
ប្រភព ៖ កោះសន្តិភាព
No comments:
Post a Comment