សៅរ៍ ២៨ ឧសភា, ២០១៦ ១៦:១១
ភ្នំពេញ៖រថយន្ត ប៉ាសេរ៉ូមួយគ្រឿង ពណ៌ស្លែលាយទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ ២ K ១២៩១ បានបុកសួនច្បារពុះចែកទ្រូងផ្លូវ បណ្តាលឱ្យក្រឡាប់ផ្ងាជើងទ្រ មេឃច្រងាង ធ្លាក់ទៅចិញ្ចើមផ្លូវ បន្ទាប់ពីជនសង្ស័យម្នាក់លួចឆ្កឹះសោហើយជិះរត់ពីមុខផ្ទះសំណាក់គៀនឃ្លាំង ដែលម្ចាស់ចតទុកចោលនី ម៉ោងង៣៖៥០នាទីទៀបភ្លឺឈានចូលថ្ងៃទី២៨ ខែឧសភាឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវជាតិលេខ៥ត្រង់ចំណុចមុន បេនឡានយាយផានចាស់ភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ ។
បន្ទាប់ពីក្រឡាប់រួចគេមិនដឹងថាជនសង្ស័យមានបក្ខពួកបុ៉ន្មាននាក់ ហើយត្រូវរបួសធ្ងន់ ឬស្រាលនោះទេ ក្រោយមកទើបម្ចាស់រថយន្ត ដែលមិនបានប្រាប់ឈ្មោះបានចេញមុខមកអះអាងថារថយន្តនេះជារបស់ខ្លួនដែលចតនៅមុខផ្ទះសំណាក់គៀនឃ្លាំង ហើយត្រូវចោរលួច ។ អាជ្ញាមូលដ្ឋានបានឱ្យដឹងថា មុនពេលកើតហេតុ រថយន្តប៉ាសេរ៉ូ បើកបរក្នុងល្បឿនលឿនពីត្បូងទៅជើង ខណៈមកដល់ចំណុច កើតហេតុក៏បានរ៉េចង្កូតបុកសួនច្បារ ពុះចែកទ្រូងផ្លូវ បណ្តាលឱ្យក្រឡាប់ផ្ងាជើងទៅចិញ្ចើមផ្លូវតែម្តង ចំណែកអ្នកបើកបរបាន លូនចេញពីក្នុងរថយន្តហើយគេចខ្លួនបាត់តែម្តង ។ ភ្លាមៗនោះ សមត្ថកិច្ចបានហៅផ្នែកចរាចរក្រុងឱ្យមកស្ទូចយកទៅរក្សាទុកនៅការិយាល័យ ស្រាប់តែមានម្ចាស់មកអះអាងថា នេះជារថយន្តរបស់ខ្លួន ដែលចោរលួចចេញពីមុខផ្ទះសំណាក់គៀនឃ្លាំងទៅ ព្រោះមុនពេលកើតហេតុខ្លួន បានដឹកស្រីស្នេហ៍ ម្នាក់មកដេក នៅផ្ទះសំណាក់គៀនឃ្លាំង ហើយចតរថយន្តនៅមុខផ្ទះសំណាក់ ពេលភ្ញាក់ដឹងខ្លួនឡើងក៏ស្រាប់តែ បាត់រថយន្តហើយឮគេប្រាប់ថា មានរថយន្តក្រឡាប់នៅចំណុចខាងលើ ក៏ទៅមើលទើបដឹងថាជារថយន្ត របស់ខ្លួនមែន ។
នគរបាលប៉ុស្តិ៍ព្រែកលៀប បានអះអាងថា មកដល់ពេលនេះម្ចាស់រថយន្ត នៅមិនទាន់ចូលមកដាក់ បណ្តឹងនៅឡើយទេ ហើយបច្ចុប្បន្នរថយន្តនេះ ត្រូវបាននគរបាលស្ទូចយក ទៅរក្សាទុកនៅការិយាល័យចរាចរក្រុងរងចាំម្ចាស់ ចូលខ្លួនដោះស្រាយ ៕
ប្រភព ៖ ដើមអម្ពិល
No comments:
Post a Comment