អង្គារ ៣១ ឧសភា, ២០១៦ ០៩:៥៧
រាជធានីភ្នំពេញ ៖ បុរសម្នាក់ត្រូវគេដឹងថាជាបងប្អូនរបស់តារាចម្រៀង«ត្រកូល អោក» ខឹងសុំលុយប្រពន្ធមិនបាន ក៏ទៅទិញសាំងមកបម្រុងដុតផ្ទះឪពុកម្តាយក្មេកចោល បង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះមកអន្តរាគមន៍ឃាត់ខ្លួនវាយខ្នោះយកទៅសួរនាំ ដែលហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១ និងង១៥នាទីយប់ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦ តាមបណ្តោយផ្លូវលំស្ថិតក្នុងភូមិព្រាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
ជនបង្កជាប្តីមាន ឈ្មោះ អោក ចាន់តារា អាយុ២៩ឆ្នាំ មុខរបរ និងស្នាក់នៅមិនពិតប្រាកដ ដែលគេដឹងថាជាបងប្អូនសាច់ញាតិរបស់តារាចម្រៀង៣នាក់បងប្អូន«ត្រកូលអោក» មានប្រពន្ធមានឈ្មោះ វ៉ាន មូលីកា អាយុ២៦ឆ្នាំ មុខរបរជាអ្នកផ្សព្វផ្សាយស្រាបៀរលីអូ នៅភោជនីដ្ឋាន៩១ ស្នាក់នៅផ្ទះ១៦៤ ភូមិព្រាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
តាមសម្តីស្ត្រីជាប្រពន្ធបានអោយដឹងថា គាត់និងប្តីបានស្រលាញ់គ្នា ហើយរៀបការជាមួយគ្នាតាំងពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១២ រហូតដល់បច្ចុប្បន្នមិនទាន់មានកូនទេ ។
ស្ត្រីជាប្រពន្ធបានឲ្យដឹងទៀតថា មុនដំបូងប្តីរបស់គាត់ធ្វើការតាមហាង តែក្រោយមកបែកគំនិតឈប់ធ្វើការ គិតតែពីដើរលេងហ្គេមបាញ់ត្រី និងជក់គ្រឿងញៀន ពេលមានលុយដើរលេងបាត់ លុះពេលអត់លុយក៏មកសម្លុតគំរាមឲ្យប្រពន្ធរកលុយឲ្យ ធ្វើឲ្យមានការឈ្លោះប្រកែកគ្នាជាញឹកញាប់ រហូតគាត់ជាប្រពន្ធសុំលែងលះ ប៉ុន្តែប្តីមិនព្រមលែង តែមិនបានរស់នៅជាមួយគ្នាទេ ដោយគាត់ជាប្រពន្ធរស់នៅជាមួយឪពុកម្តាយនៅផ្ទះកើតហេតុខាងលើ ចំណែកប្តីដើរស្នាក់នៅមិនពិតប្រាកដ ហើយអ្នកទាំងពីរនាក់នៅតែទំនាក់ទំនងគ្នាជាប្តីប្រពន្ធនៅឡើយ ។
ប្រភពដដែលបានឲ្យដឹងថា នៅថ្ងៃកើតហេតុជនបង្កបានទូរស័ព្ទមកសុំលុយប្រពន្ធ តែប្រពន្ធប្រាប់ថាមានតែ១ម៉ឺនរៀលទេ រួចហើយឲ្យឪពុកយកលុយទៅឲ្យ លុះបានមួយសន្ទុះក្រោយមកជនបង្កត្រូវបានទូរស័ព្ទមករកលុយម្តងទៀត ហើយប្រពន្ធបានថាអស់លុយហើយ ធ្វើឲ្យជនបង្កខឹង ហើយបានគំរាមថា ចាំមើលតិចទៀតដឹងគ្នាហើយ ស្រាប់តែមួយសន្ទុះក្រោយមកជនបង្កបានទិញសាំងមួយដបទឹកបរិសុទ្ធយកមកគោលបំណងយកទៅដុតនៅពីមុខផ្ទះ តែសំណាងល្អក្រុមគ្រួសាររបស់ជនរងគ្រោះចាំលបមើលឃើញយកសាំងមកចាក់ នៅមុខផ្ទះ បានបើកទ្វារ និងយកដំបងដេញវ៉ៃ ហើយស្រែកថាចោរៗ ធ្វើឲ្យជនបង្ករត់គេចបានជាង៥០ម៉ែត្រត្រូវប្រជាពលរដ្ឋនៅម្តុំនោះស្មានថាចោរមែន ក៏នាំគ្នាវាយមួយដៃមួយជើង បណ្តាលអោយរងរបួសស្រាល ភ្លាមៗនោះសមត្ថកិច្ចអន្តរាគមន៍ខណ្ឌសែនសុខបានមកដល់ធ្វើការឃាត់ខ្លួនយកទៅសាកសួរនៅប៉ុស្តិ៍ទឹកថ្លា ។
នៅចំពោះមុខសមត្ថកិច្ច ជនបង្កបានប្រាប់ថា មូលហេតុដែលគាត់យកសាំងយកទៅដុតនៅមុខផ្ទះគឺមកពីគាត់ស្រលាញ់ប្រពន្ធគាត់ ចង់អោយប្រពន្ធចេញមកជួបគាត់តែប៉ុណ្ណោះ ក្រោយមកស្ត្រីជាប្រពន្ធ និងបងប្អូនសាច់ញាតិ រួមទាំងអ្នកជិតខាងបានទៅដល់ប៉ុស្តិ៍ទឹកថ្លា ដើម្បីអោយជនរងគ្រោះដាក់ពាក្យបណ្តឹង ខណៈពេលដែលឃើញប្រពន្ធទៅដល់មិនទាន់បានដាក់ពាក្យបណ្តឹងផង ជនបង្កត្រូវជាប្តីបានអង្វរសុំកុំអោយដាក់ពាក្យបណ្តឹង ។ តែជាចុងក្រោយស្ត្រីជាប្រពន្ធនៅតែដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់ ៕
ប្រភព ៖ កោះសន្តិភាព
ខ្មែរឡូត
No comments:
Post a Comment