អង្គារ ៣១ ឧសភា, ២០១៦ ០៨:៣០
រាជធានីភ្នំពេញ ៖ នៅវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី៣០ ខែឧសភានេះ នៅស្ថានីចាក់ប្រេងតេលា តាមបណ្ដោយផ្លូវឧកញ៉ា ម៉ុង ឬទ្ធី ស្ថិតក្នុងភូមិបាយាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ មានចោរលួចកាច់សោកម៉ូតូបានសម្រេច ហើយគេចខ្លួនដោយសុវត្ថិភាព ។
តាមប្រភពព័ត៌មានពីជនរងគ្រោះបានឲ្យដឹងថា រូបនាងឈ្មោះ ទាវ រ៉ាវី អាយុ២០ឆ្នាំ ស្នាក់នៅភូមិច្រេះ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ដែលមានស្រុកកំណើតនៅខេត្តក្រចេះ ។
នារីរងគ្រោះបានឲ្យដឹងទៀតថា ម៉ូតូដែលនាងជិះមកសម្ភាសការងារ ហើយត្រូវចោរលួចយកទៅបាត់នោះ តាមពិតជាម៉ូតូខ្ចីគេទេ ដែលម្ចាស់ម៉ូតូនៅបន្ទប់ជួលជាប់គ្នា ហើយគេឲ្យមកជួយយកកូនគេចេញពីរៀន ។
ម៉ូតូនោះជាកម្មសិទ្ធិ ឈ្មោះ លឿម លាក ដែលមានអាសយដ្ឋាននៅភូមិគោកត្របែក ឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប ជាម៉ូតូហុងដាវ៉េវ សេ១០០ ពណ៌ខ្មៅ ពាក្យស្លាកលេខ សៀមរាប 1R-1476 ។
នារីរងគ្រោះបានបន្ថែមទៀតថា មុនពេលកើតហេតុ រូបនាងត្រូវបានម្ចាស់ម៉ូតូដែលស្នាក់នៅបន្ទប់ជាប់គ្នា ពឹងពាក់ឲ្យទៅជួយយកកូនគាត់នៅសាលារៀន តែនាងឆ្លើយថា ជាប់រវល់ប្រញាប់ទៅសម្ភាសការងារ ហើយម្ចាស់ម៉ូតូក៏ប្រាប់ថា ឲ្យយកម៉ូតូគាត់ទៅអញ្ចឹង ។
ក្រោយពីជូនកូនម្ចាស់ម៉ូតូដាក់ផ្ទះហើយ នាងប្រញាប់ទៅកន្លែងសម្ភាសការងារ ដូចអាសយដ្ឋានខាងលើ ក្រោយពីរូបគេបានចូលក្នុងបន្ទប់សម្ភាសប្រមាណជា២០នាទី ពេលចេញមកវិញស្រាប់តែបាត់ម៉ូតូតែម្ដង ធ្វើឲ្យនាងស្រឡាំងកាំង និងតក់ស្លុតជាខ្លាំងព្រោះជាម៉ូតូគេផង ។
ឃើញហេតុការណ៍បែបនោះ សន្តិសុខដែលនៅចាក់សាំងជិតនោះបានប្រាប់ថា ឃើញមនុស្សប្រុសម្នាក់ជិះចេញទៅបាត់ហើយ ។ ភ្លាមៗនោះដែរនារីរងគ្រោះ បានជិះម៉ូតូឌុប ទៅដាក់ពាក្យបណ្ដឹងនោប៉ុស្ដិ៍រដ្ឋបាល សង្កាត់ភ្នំពេញថ្មីដែរ តែខាងសមត្ថកិច្ចប្រាប់ថា គេកំពុងជាប់រវល់ ចាំព្រឹកស្អែកចាំមកម្ដងទៀត ។ នារីរងគ្រោះក៏ជិះម៉ូតូឌុបតម្រង់មកផ្ទះវិញ ទាំងក្តីអស់សង្ឃឹមបំផុត ៕
ប្រភព ៖ កោះសន្តិភាព
No comments:
Post a Comment