ច័ន្ទ ៣០ ឧសភា, ២០១៦ ១០:០៩
ខេត្តត្បូងឃ្មុំ ៖ ក្រុមចោរប្រដាប់អាវុធ៤នាក់ ក្នុងនោះមានអាវុធវែង១ដើម និងខ្លី៣ដើម បានធ្វើសកម្មភាពចូលប្លន់ផ្ទះដេប៉ូលក់ឈើមួយកន្លែងនៅភូមិស្រែស្ពឺ ឃុំគងជ័យ ស្រុកអូរាំងឪ ខេត្តត្បូងឃុំ កាលពីវេលាម៉ោងប្រហែល៨យប់ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៦ ដោយប្រមូលយកលុយដុល្លារប្រមាណ៣ម៉ឺនដុល្លារ លុយខ្មែរ៤០លានរៀល និងគ្រឿងអលង្ការ ព្រមទាំងទ្រព្យសម្បត្តិអស់ជាច្រើន ។
ប្រភពពីសមត្ថកិច្ចខេត្តត្បូងឃ្មុំបានឲ្យដឹងថា ម្ចាស់ដេប៉ូឈើរងគ្រោះឈ្មោះ ស្រ៊ី សុផល ជាប្តី និងប្រពន្ធឈ្មោះ ស៊ុយ វាន់នី រស់នៅភូមិ-ឃុំកើតហេតុ ។
បើតាមសំដីកូនប្រុសម្ចាស់ផ្ទះបានឲ្យសមត្ថកិច្ចដឹងថា ក្រុមចោរមានគ្នា៤នាក់ ប្រដាប់ដោយអាវុធវែង១ដើម និងខ្លី៣ដើម បានចូលមកធ្វើសកម្មភាពប្លន់ ដោយចាប់ម្ចាស់ផ្ទះប្រុសៗ៤នាក់ចងនិងខ្សែលួស ចំណែកស្រីៗ២នាក់មិនបានចងទេ ហើយបានប្រើកន្ត្រៃកាត់យកគ្រឿងអលង្ការ ព្រមទាំងប្រើញញួរធំវាយបំបែកទូរដែករួចប្រមូលយកមាស ប្រាក់ និងទ្រព្យសម្បត្តិមានតម្លៃយកទាំងអស់ រួចគេចខ្លួនបាត់តែម្តង ។
លោកឧត្តមសេនីយ៍ ម៉ៅ ពៅ ស្នងការនគរបាលខេត្ត និងលោកវរសេនីយ៍ឯក ប្រាក់ ប៊ុនណុន ស្នងការរង ទទួលបន្ទុកព្រហ្មទណ្ឌ នៅព្រឹកថ្ងៃទី៣០ឧសភានេះ បានដឹកនាំកម្លាំងចុះទៅពិនិត្យ និងស្វែងរកភស្តុតាងដែលបានបន្សល់ទុកនៅកន្លែងកើតហេតុដើម្បីកំណត់មុខសញ្ញា និងស្វែងរកចាប់ខ្លួនជនសង្ស័យយកមកផ្តន្ទាទោសតាមច្បាប់ ។
សូមបញ្ជាក់ថា ទាំងប៉ូលិស និងអាវុធហត្ថខេត្តត្បូងឃ្មុំ កំពុងតែដុតដៃដុតជើង កំណត់មុខសញ្ញា ដើម្បីឈានទៅចាប់ជនសង្ស័យយកមកផ្តន្ទាទោសតាមច្បាប់ ៕
ប្រភព ៖ កោះសន្តិភាព
No comments:
Post a Comment