អង្គារ ៣១ ឧសភា, ២០១៦ ១៣:០៨
ខេត្តសៀមរាប ៖ ក្រោយពីនាំខ្លួនស្ត្រីជាមេតុងទីនយកមកសួរនាំរួច ត្រូវកម្លាំងជំនាញឃាត់ខ្លួនភ្លាមៗ នៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការខេត្តសៀមរាប កាលពីថ្ងៃទី២៨ ឧសភា ឆ្នាំ២០១៦ តាមបញ្ជារបស់លោករៀម ចន្ទម្នី ព្រះរាជ្ញអាជ្ញារងអមសាលាដំបូងខេត្តសៀមរាប ។
គួរបញ្ជាក់ថា ស្ត្រីជាមេតុងទីនរូបនេះ បានឆបោកលុយតុងទីនចំនួនជាង២០ម៉ឺនដុល្លារ កាលពីថ្ងៃទី៥ ឧសភា ឆ្នាំ២០១៦ ស្ថិតនៅចំនុចខាងកើតផ្សារលើធំថ្មី ក្នុងភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ដែលបានដាក់ឈ្មោះខ្មោចបញ្ចូលក្នុងក្បាលតុងទីន ដើម្បីធ្វើស៊ី ប៉ុន្តែព្រះមិនជួយ ក៏ត្រូវសមត្ថកិច្ចនាំចូលគុក ។
លោកវរសេនីយ៍ត្រី ស៊ាន ថ្លា នាយរងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការខេត្តប្រាប់កោះសន្តិភាពថា បន្ទាប់ពីទទួលបានពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះយ៉ុន យ៉ាន ភេទប្រុស អាយុ៤៥ឆ្នាំ ជាអ្នកតំណាងឱ្យដើមបណ្តឹង កាលពីថ្ងៃទី២៣ឧសភាឆ្នាំ២០១៦ ពីករណីមេតុងទីនឆបោកលុយអស់ជាង២០ម៉ឺនដុល្លា (លេងតុងទីន) ។
លោកបន្តថា ក្រោយពីដាក់ពាក្យបណ្តឹងរួចមក លោកបានសុំគោលការណ៍ពីថ្នាក់លើ ដើម្បីចុះស្រាវជ្រាវ រហូតឈានដល់ធ្វើការនាំខ្លួនស្ត្រីជាមេតុងទីននៅផ្ទះភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប រួចយកមកធ្វើការសួរនាំនៅការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការខេត្ត រួចក៏ធ្វើការឃាត់ខ្លួនបញ្ជូនទៅតុលាការតែម្តង ។
ស្ត្រីសង្ស័យឈ្មោះអាំង គឹមហ៊ន់ អាយុ៣២ឆ្នាំ ជាមេតុងទីន រស់នៅភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ។ ជនសង្ស័យបានបង្កើតជាសមាគមតុងទីន កាលពីថ្ងៃទី៥ មករា ឆ្នាំ២០១៥ ក្នុង១ក្បាល២០០ដុល្លារ ដោយមានសមាជិកសរុបចំនួន៦៦នាក់ ។ ហើយក្នុង១ខែដេញម្តង ដែលមានអ្នកដេញងាប់អស់១៦នាក់ រហូតដល់ថ្ងៃទី០៩ ឧសភា ២០១៥ ។ ជនសង្ស័យបានបង្កើតជាសមាគមតុងទីនថ្មីមួយក្បាលទៀត គឺក្នុង១ក្បាល១០០ដុល្លារ មានសមាជិកសរុបចំនួន៥២នាក់ ។ ហើយក្នុង១ខែដេញម្តង ដែលមានអ្នកដេញងាប់អស់១២នាក់ ។
ក្រោយពីបង្កើតសមាគមតុងទីនទាំង២ក្បាល ក្រោយមកជនរងគ្រោះបាននាំគ្នាទៅសួរមេតុងទីន នៅថ្ងៃទី៥ ឧសភា ឆ្នាំ២០១៦ ថា តើអ្នកដែលបានដេញទាំង២ក្បាលនោះនៅឯណា? ខណៈនោះជនសង្ស័យ បានកុហករហូត ព្រមទាំងគេចខ្លួនបាត់ទៀតផង ទើបជនរងគ្រោះសម្រេចចិត្ត មកដាក់ពាក្យបណ្តឹងនៅកន្លែងជំនាញតែម្តង ។
ប្រភព ៖ កោះសន្តិភាព
No comments:
Post a Comment