ច័ន្ទ ៣០ ឧសភា, ២០១៦ ១៤:២២
រាជធានីភ្នំពេញ ៖ បុរសអ្នកលក់បបរគ្រឿងម្នាក់បានទំនាក់ទំនងស្នេហាជាមួយស្ត្រីម្នាក់ដែលមិនស្គាល់អត្តសញ្ញាណច្បាស់លាស់ ហើយបានឈានដល់ការណាត់គ្នាទៅក្រេបទឹកឃ្មុំនៅក្នុងផ្ទះសំណាក់មួយកន្លែងយ៉ាងត្រេកត្រអាល ខណៈនោះត្រូវនាងដាក់ថ្នាំសណ្ដំនៅក្នុងទឹកក្រឡុកឲ្យផឹកបណ្ដាលឲ្យសន្លប់លែងដឹងខ្លួន ។ បន្ទាប់មកស្ត្រីម្នាក់នោះបានដោះយកគ្រឿងអលង្ការ ប្រមូលយកលុយ និងម៉ូតូ ជិះគេចខ្លួនទៅបាត់ដោយសុវត្ថិភាព ។ រយៈពេល១យប់១ថ្ងៃក្រោយមកទើបម្ចាស់ផ្ទះសំណាក់ប្រទះឃើញជនរងគ្រោះដេកសន្លប់នៅក្នុងបន្ទប់ ក៏បានទាក់ទងទៅសាច់ញាតិឲ្យទៅទទួលយកបុរសនោះទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់ និងនាំទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍ប៉ូលិសចោមចៅ ។
ហេតុការណ៍នោះបានកើតឡើងកាលពីយប់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៦ នៅក្នុងផ្ទះសំណាក់យីហោ «គន្ធា ប៊ុន ហេង» ដែលមានទីតាំងស្ថិតនៅក្នុងភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ ខញ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
បុរសរងគ្រោះឈ្មោះ ឌឹម ប៊ុនលី អាយុ៣១ឆ្នាំ មុខរបរលក់បបរគ្រឿង មានស្រុកកំណើតនៅក្នុងភូមិព្រែកប្រសព្វ ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ និងស្នាក់នៅផ្ទះជួលក្នុងភូមិអង្គ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ ជនរងគ្រោះត្រូវថ្នាំសណ្ដំអស់ម៉ូតូ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FA-6983, ខ្សែកប្លាទីន១ខ្សែទម្ងន់៥ជី និងលុយចំនួនជាង៤០ម៉ឺនរៀលផងដែរ ។ ចំណែកស្ត្រីដៃឆើតត្រូវបានជនរងគ្រោះប្រាប់ថាឈ្មោះ ស្រីពៅ អាយុជាង២០ឆ្នាំ ស្នាក់នៅផ្ទះជួលម្ដុំភូមិអង្គនោះដែរ ។
បុរសរងគ្រោះបានរៀបរាប់ប្រាប់ប៉ូលិសថា ខ្លួននិងស្ត្រីម្នាក់នោះបានទំនាក់ទំនងគ្នាតាមរយៈទូរស័ព្ទច្រើនថ្ងៃមកហើយ លុះដល់ថ្ងៃកើតហេតុ ខ្លួននិងនាងបានឈានដល់ការណាត់ជួបគ្នានៅវេលាយប់ថ្ងៃកើតហេតុខាងលើ ហើយបានជិះម៉ូតូទៅឌុបនាងទៅកាន់ផ្ទះសំណាក់យីហោ «គន្ធា ប៊ុន ហេង» ប៉ុន្តែមុនពេលទៅផ្ទះសំណាក់ខ្លួនបានឈប់ទិញទឹកក្រឡុកសិន លុះចូលទៅដល់ក្នុងផ្ទះសំណាក់ ពួកយើងក៏បាននាំគ្នាឡើងឋានសួគ៌បានម្ដង បន្ទាប់មកនាងម្នាក់នោះបានលួងលោមឲ្យខ្លួនផឹកទឹកក្រឡុកដោយប្រាប់ថាដើម្បីឲ្យមានកម្លាំងដើម្បីឡើងឋានសួគ៌បន្តទៀត ។ ពេលនោះខ្លួនបានប្រកែកដែរ ប៉ុន្តែដោយសារតែនាងអង្វរខ្លាំងពេកទើបដាច់ចិត្តផឹក បន្ទាប់មកក៏ស្រាប់តែងងុយដេក និងសន្លប់លែងដឹងខ្លួនរហូតតែម្ដង ។
ប៉ូលិសនិយាយថា បុរសនោះបានសន្លប់អត់ដឹងខ្លួនទេ និងបានស្ថិតនៅក្នុងបន្ទប់ផ្ទះសំណាក់នោះ១យប់១ថ្ងៃ រហូតដល់វេលាម៉ោង៩ និង៣០នាទីព្រឹកថ្ងៃទី២៩ ខែឧសភា ទើបម្ចាស់ផ្ទះសំណាក់ខាងលើទំនាក់ទំនងទៅក្រុមគ្រួសារឲ្យទៅទទួលយកទៅកាន់មន្ទីរពេទ្យដើម្បីព្យាបាល រហូតស្វាងបន្តិចទើបបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍ចោមចៅ នាព្រឹកថ្ងៃទី៣០ ខែឧសភា ដើម្បីឲ្យកម្លាំងប៉ូលិសជួយអន្តរាគមន៍ស្វែងរកស្ត្រីសង្ស័យខាងលើនោះ ។ ប៉ុន្តែគេមិនដឹងថា តើប៉ូលិសអាចស្វែងរកឃើញ ឬ មិនឃើញនោះឡើយ ហើយនៅក្នុងពេលទៅដាក់ពាក្យបណ្ដឹងនោះបុរសរងគ្រោះមិនទាន់មានអាការៈស្វាងទាំងស្រុងនៅឡើយទេ គឺនៅមានសភាពធីងធោង មិនទាន់អស់ជាតិថ្នាំសំណ្ដំនៅឡើយ ៕
ប្រភព ៖ កោះសន្តិភាព
No comments:
Post a Comment