ពុធ ០១ មិថុនា, ២០១៦ ១០:៣៧
ខេត្តបន្ទាយមានជ័យ ៖ ហេតុការណ៍ដ៏អាក្រក់មួយ បានកើតឡើងកាលពីវេលាម៉ោង៣ និង៤៥នាទីរសៀល ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦ ដោយបានឆក់យកជិវិតឪពុកក្មេកនិងកូនប្រសាស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម ខណៈទាំង២នាក់កំពុងដោះកង់គោយន្តកន្ត្រៃប្តូរពីកង់ដែកដាក់កង់កៅស៊ូនៅចំណុចគោកទិល ចម្ងាយប្រមាណជា២គីឡូម៉ែត្រពីភូមិ ស្ថិតក្នុងភូមិថ្មី ឃុំភូមិថ្មី ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។
សមត្ថកិច្ចនគរបាលស្រុកថ្មពួក បានឲ្យដឹងថា ជនរងគ្រោះជាឪពុកក្មេកឈ្មោះ យង់ យ៉ា អាយុ៥០ឆ្នាំ និងជនរងគ្រោះជាកូនប្រសាឈ្មោះ គី ផល អាយុ៣១ឆ្នាំ ទាំង២នាក់ឪពុកនិងកូន រស់នៅភូមិកើតហេតុ ។
ប្រភពដដែលបានបញ្ជាក់ថា នៅក្នុងថ្ងៃកើតហេតុជនរងគ្រោះទាំង២នាក់ឪពុកនិងកូន បានបើកគោយន្តកន្ត្រៃទៅភ្ជួរស្រែនៅខាងលិចភូមិចម្ងាយប្រមាណ២គីឡូម៉ែត្រ ត្រង់ចំណុចគោកទិល ស្ថិតក្នុងភូមិថ្មី ពេលដែលកំពុងតែភ្ជួរក៏មានភ្លៀងស្រិចៗលាយឡំនិងផ្លេកបន្ទោរផងនោះ ក៏នាំគ្នាបើកគោយន្តមកឈប់នៅក្រោមដើមចំបក់ ដើម្បីដោះកង់ដែកគោយន្តប្តូរដាក់កង់កៅស៊ូវិញនិងបើកមកផ្ទះ ពេលកំពុងដោះកង់ដែកនោះស្រាប់តែរន្ទះបាញ់បណ្តាលឲ្យស្លាប់ទាំង២នាក់ភ្លាមៗនៅនឹងកន្លែង ។
តាមការត្រូតពិនិត្យរបស់សមត្ថកិច្ច ជនរងគ្រោះទាំង២នាក់ខោអាវឆេះ និងខ្លួនប្រាណខ្លោច ដូច្នេះសន្និដ្ឋានថា ជារន្ទះភ្លើង ។ សាកសពត្រូវបានក្រុមគ្រួសារយកមកផ្ទះហើយចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕
ប្រភព ៖ កោះសន្តិភាព
No comments:
Post a Comment