ថៃ៖ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦ ម្សិលមិញនេះ នៅឯមជ្ឈមណ្ឌលវប្បធម៌នៃប្រទេសថៃ បានប្រារព្ធនូវកម្មវិធី យ៉ាងអាធិកអាធមបំផុត គឺកម្មវិធីប្រគល់ពានរង្វាន់តារាដ៏ធំប្រចាំឆ្នាំ «Nine Entertain Awards 2016»។ ដោយក្នុងនោះផងដែរ គេចាប់អារម្មណ៍ឃើញថា មានវត្តមានតារាសម្តែង និងតារាចម្រៀងល្បីៗចូលរួម ជាច្រើន ដែលធ្វើឲ្យរាត្រីថ្ងៃព្រហស្បតិ៍ នៃកម្មវិធីប្រគល់ពានរង្វាន់នេះ មានភាពអស្ចារ្យយ៉ាងខ្លាំង។
ជាការពិតណាស់ ក្រៅពីវត្តមានតារាសម្តែងប្រចាំប្រទេសថៃ ជាច្រើនរូបហើយ គេក៏បានសង្កេតឃើញមាន វត្តមានតារាសម្តែងជើងចាស់ ប្រចាំប្រទេសកម្ពុជារបស់យើង គឺអ្នកស្រី ឌី សាវ៉េត ក៏បានអញ្ជើញចូលរួម ជាភ្ញៀវកិត្តិយស ក្នុងកម្មវិធី «Nine Entertain Awards 2016»នេះផងដែរ។ យ៉ាងណាមិញ នេះបើតាមបណ្ដាញសង្គមហ្វេសប៊ុក បានឲ្យដឹងថា អ្នកស្រី ឌី សាវ៉េត បានជួបជាមួយនឹង ដៃគូសម្តែងជើងចាស់របស់គាត់ គឺលោក សម្បត្តិ មេថានី ដែលធ្វើឲ្យអ្នកទាំង២ នឹករលឹកឃើញនូវអនុស្សាវរីយ៍ចាស់ៗជាមួយគ្នាជាថ្មីម្តងទៀត ដែលអ្នកទាំងពីរធ្លាប់សម្តែងរួមគ្នា កាលពីក្នុងទស្សវត្សទី៧០ ក្នុងរឿង «ជីរិតផ្សងព្រេង»។ បន្ទាប់មកទៀតអ្វីបានធ្វើឲ្យទស្សនិកជនថៃ ស្គាល់អ្នកស្រីកាន់តែច្បាស់ជាងមុនទៅទៀត គឺតាមរយៈរឿង «ពោះកេងកង»ផងដែរ។
ទន្ទឹមនឹងនេះ ជំនួបរវាងដៃគួចាស់ ដែលខានជួបគ្នាអស់រយៈពេលជាច្រើនឆ្នាំមកហើយនោះ លោក សម្បត្តិ មេថានី បាននិយាយ ដោយបង្ហាញពីអារម្មណ៍របស់លោកថា លោកពិតជាសប្បាយចិត្តណាស់ ដែលបានជួបដៃគូចាស់ របស់លោកជាថ្មីម្តងទៀត។ ថ្វីត្បិតតែពួកគាត់មានវ័យចំណាស់ទៅហើយក្ដី ប៉ុន្តែសាច់រឿងរបស់ពួកគាត់ នៅតែដក់ជាប់នៅក្នុងអារម្មណ៍ទស្សនិកជនជានិច្ច។ រីឯអ្នកស្រី ឌី សាវ៉េត ក៏បានបង្ហាញពីអារម្មណ៍សប្បាយចិត្តដូចលោក សម្បតិ្ត មេថានីដែរ ដោយអ្នកស្រីបាននិយាយថា អ្នកស្រីពិតជាមានអារម្មណ៍ រំភើបរីករាយខ្លាំងណាស់ ដោយមិននឹកស្មានដល់ថា នឹងអាចជួបគ្នាបានបែបនេះទេ ព្រោះលោក សម្បត្ដិ មេថានី លោកមានវ័យចំណាស់ហើយដើរខ្លួនឯងសឹងតែមិនរួចទៀតផង ទាល់តែមានអ្នកចាំទប់គាត់។ ប៉ុន្តែមិនថាយ៉ាងណា សូមអបអរសិល្បៈករ សិល្បៈការីនីថៃ ជាច្រើនរូប ដែលបានទទួលពានរង្វាន់នៅរាត្រី«Nine Entertain Awards 2016»នេះ ។
គួរបញ្ជាក់ថា ពានរង្វាន់ត្រូវប្រគល់ជូននៅក្នុងកម្មវិធីនេះ គឺមានចំនួន១៩ ពានរង្វាន់ ដោយក្នុងនោះគេក៏ឃើញថា លោក Wier Sukollawat កញ្ញា Pooklook និង លោក Jame Jirayu ក៏បានទទួលពានរង្វាន់ផងដែរ។
សូមទស្សនាវីដេអូ នៃពិធីប្រគល់ពានរង្វាន់នេះទាំងអស់គ្នា ខណៈនៅនាទីទី ៣២ នឹងបង្ហាញពីវត្ដមាន អ្នកស្រី ឌី សាវ៉េត ជួបជាមួយដៃគូចាស់លើវេទិកា៖
ប្រភព៖ Facebook
No comments:
Post a Comment