(Update) ក្រសួងមហាផ្ទៃ ប្រកាសបន្ដស្រាវជ្រាវ ស៊ើបអង្កេតករណីបាញ់សម្លាប់ លោកបណ្ឌិត កែម ឡី
អាទិត្យ ១០ កក្តដា, ២០១៦ ១៥:៤៩
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃបានប្រកាស ថា នឹងបន្ដស្រាវជ្រាវស៊ើបអង្កេត ឲ្យបានល្អិតល្អន់ថែមទៀត ទៅលើឃាតកម្ម បាញ់សម្លាប់ លោកបណ្ឌិត កែម ឡី អ្នកវិភាគបញ្ហាសង្គម និងនយោបាយ នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃ បានឲ្យដឹង ថា នៅព្រឹកថ្ងៃទី១០ កក្កដា នៅក្នុងទីតាំង Star Mart នៃស្ថានីយ៍ប្រេងឥន្ធនៈ Caltex បូកគោ ស្ថិតនៅលើកាច់ជ្រុង មហាវិថីព្រះមុនីវង្ស និងមហាវិថីម៉ៅសេងទុង ក្នុងភូមិសាស្រ្ដ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បានកើតមានករណី បាញ់ប្រហារមួយ ដែលបានបណ្ដាលឲ្យ លោកបណ្ឌិត កែម ឡី អាយុ៤៦ឆ្នាំ មានមុខរបរ ជាប្រធានអង្គការ អភិវឌ្ឍន៍សង្គម មានទីលំនៅផ្ទះលេខ ០៨EO ផ្លូវលេខ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ បានទទួលមរណភាព នៅក្នុងព្រឹត្ដិការណ៍នោះ។ សេចក្ដីប្រកាសព័ត៌មាន បានឲ្យដឹងបន្ដ ថា បន្ទាប់ពីព្រឹត្ដិការណ៍ បាញ់ប្រហារ ជនល្មើសបានរត់គេចខ្លួន ហើយត្រូវបាន ប្រជាពលរដ្ឋ ស្រែកឆោឡោ រហូតកម្លាំងសមត្ថកិច្ច ដេញពីក្រោយ ហើយចាប់ខ្លួនបាន នៅលើដងវិថីសុធារស ក្បែរវត្ដស្វាយពពែ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ខចំការមន រាជធានីភ្នំពេញ ដែលមានជាប់ខ្លួន នូវអាវុធខ្លីមួយដើម ម៉ាកGlock។
បន្ទាប់ពីការចាប់ខ្លួន ជនដៃដល់ បានសារភាពថា រូបគេមានឈ្មោះ ជួប សម្លាប់ អាយុ៣៨ឆ្នាំ មានទីកន្លែងកំណើត នៅស្រុកស្វាយចេក ខេត្ដបន្ទាយមានជ័យ ហើយបានទៅរស់នៅ ប្រកបរបប ធ្វើជាកម្មករចំការដំណាំ នៅខេត្ដស្រះកែវ ប្រទេសថៃ។ ជាមួយនឹងការរៀបរាប់ នូវហេតុការណ៍នេះ ក្រសួងមហាផ្ទៃ ក៏បានចូលរួមរំលែកទុក្ខ ដ៏ក្រៀមក្រំនេះ ជាមួយក្រុមគ្រួសារនៃសព និងសូមថ្កោលទោស យ៉ាងដាច់អហង្កា ចំពោះទង្វើមនុស្សឃាត ដ៏សាហាវឃោរឃៅនេះ ព្រមទាំងបន្ដចាត់វិធានការ ស្រាវជ្រាវស៊ើបអង្កេត ឲ្យបានល្អិតល្អន់ថែមទៀត តាមនីតិវិធី ដើម្បីបញ្ជូនជនល្មើស និងអ្នកផ្សំគំនិត ទៅតុលាការ ធ្វើការផ្ដន្ទាទោស ទៅតាមផ្លូវច្បាប់ ជាធរមាន។
ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ក៏អំពាវនាវដល់សាធារណជន ជាតិ-អន្ដរជាតិ និងបណ្ដាញផ្សព្វផ្សាយ ទាំងអស់ មេត្ដាទុកលទ្ធភាព ឲ្យកម្លាំងមានសមត្ថកិច្ច បន្ដកិច្ចការរបស់ខ្លួន តាមជំនាញ ជៀសវាង ផ្សព្វផ្សាយព័ត៌មាន មិនច្បាស់លាស់ ដែលអាចនាំឲ្យមតិសាធារណៈ មានការយល់ច្រឡំ៕
No comments:
Post a Comment