សៅរ៍ ០២ កក្តដា, ២០១៦ ១៣:០៩
ខេត្តកណ្តាល ៖ អំពើហិង្សាក្នុងគ្រួសារមួយបានកើតឡើង កាលពីវេលាម៉ោង០៥ និង១០នាទីល្ងាចថ្ងៃទី៣០ មិថុនា ២០១៦ ស្ថិតនៅចំណុចភូមិពុកប្ញស្សីកណ្តាល ឃុំពុកប្ញស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បន្ទាប់កូនប្រុសវិកលចរិត យកដែកស្រួច និងកាំបិតបន្ទួសទៅចាក់លើឪពុកចំណាស់កំពុងសម្រាន្ត បណ្តាលឱ្យរងរបួសធ្ងន់ ។
ប្រភពឱ្យដឹងថា ឪពុករងគ្រោះដែលរងគ្រោះឈ្មោះឈួន ប៉ក់ អាយុ៨៨ឆ្នាំ មានទីលំនៅភូមិ-ឃុំកើតហេតុ (របួសប្រអប់ដៃឆ្វេងនិងក្បាលរបួសដេរអស់៤ថ្នេរ) ។ ចំណែកកូនប្រុសដៃដល់ឈ្មោះឈួន កៅ ភេទប្រុស អាយុ៥២ឆ្នាំ ជាមនុស្សវិកលចរិត រស់នៅជាមួយឪពុកខាងលើ ។
ប្រភពបន្តថា កាលពីឆ្នាំ១៩៩២ ជនដៃដល់ធ្លាប់កាប់ប្រពន្ធរបស់ខ្លួន បណ្តាលឱ្យស្លាប់ ហើយត្រូវសមត្ថកិច្ចចាប់ខ្លួនបញ្ជូនដាក់ពន្ធនាគាររយៈពេល៥ឆ្នាំហើយ ។ ហើយពេលចេញពីពន្ធនាគារវិញ ជននោះក៏មានសតិមិនប្រក្រតី ចេះតែដើរតាមផ្លូវដោយមានកាន់ដែកស្រួចរហូត ធ្វើឱ្យប្រជាពលរដ្ឋក្នុងភូមិមានការភ័យខ្លាច ។
នៅថ្ងៃកើតហេតុ ត្រូវជនដៃដល់យកដែកស្រួចនិងកាំបិតបន្ទួស ទៅចាក់និងកាប់ឪពុកបង្កើត (លោកតារងគ្រោះ) ដែលកំពុងសម្រាន្តនៅលើផ្ទះ បណ្តាលឱ្យមានរបួសតែម្តង ។ បន្ទាប់មក ត្រូវក្រុមគ្រួសារមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ពុកឬស្សីឱ្យចុះអន្តរាគមន៍ចាប់ខ្លួន ដើម្បីចាត់ការតាមនីតិវិធី ។
ប្រភព ៖ កោះសន្តិភាព
No comments:
Post a Comment