សៅរ៍ ០២ កក្តដា, ២០១៦ ១៣:១៥
ភ្នំពេញ៖ ចាប់ពីថ្ងៃនេះតទៅ ប្រជាពលរដ្ឋកម្ពុជា ដែលមានជីវភាពកម្រិតមធ្សម និងទាប ដែលស្នាក់នៅរាជធានីភ្នំពេញ នឹងមានគេហដ្ឋានយ៉ាងស្រស់ស្អាត ដែលរចនាបថយ៉ាងទំនើប ជាស្នាដៃកូនខ្មែរពិតៗ ជាមួយនឹងគុណភាពខ្ពស់ លក់ជូនក្នុងតម្លៃសមរម្យបំផុត ចាប់ពី២-៣ម៉ឺនដុល្លារឡើងទៅ ដោយមានការបង់រំលស់ក្នុងរយៈពេលយូរ នេះជាការលើកឡើង របស់លោកឧកញ៉ា សៀ រិទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Worldbridge Land Cambodia។
លោកឧកញ៉ា សៀ រិទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Worldbridge Land Cambodia បានថ្លែងក្នុងពិធីប្រគល់រង្វាន់ ជយលាភីរចនាម៉ូដផ្ទះ មានតម្លៃសមរម្យ សម្រាប់អ្នកមានចំណូលទាប និងមធ្យមនៅភោជនីយដ្ឋាន Ashima ថា «ខ្ញុំជឿជាក់ថា ប្រជាពលរដ្ឋយើង នឹងសប្បាយរីករាយ ពេលដែលដឹងដំណឹងនេះ ព្រោះគេហដ្ឋានដែលយើងសាងសង់នេះ ស្របទៅនឹងគោលនយោបាយ របស់រាជរដ្ឋាភិបាលផងដែរ មានតម្លៃសមរម្យបំផុត សម្រាប់បងប្អូនមានជីវភាពមធ្យម និងទាប ម្យ៉ាងវិញទៀត សម្រាប់ការរចនាដែលមានភាពល្អប្រណីត ច្នៃចេញពីស្នាដៃកូនខ្មែរ ដែលឆ្លងកាត់ប្រកួត រចនាម៉ូដយ៉ាងហ្មត់ចត់ នៃសាកលវិទ្យាល័យ ភូមិន្ទវិចិត្រសិល្បៈ ដែលជាសាកលវិទ្យាល័យ រដ្ឋល្បីល្បាញ ខាងផ្នែកស្ថាបត្យកម្ម និងនគរូបនីយកម្ម» ។
លោកបន្ថែមថា «ក្នុងនាមខ្ញុំជាកូនខ្មែរ ហើយខ្ញុំជាអ្នកអភិវឌ្ឍន៍នៅក្នុងស្រុកមួយរួប ខ្ញុំចង់បានអ្វីដែលបរទេសធ្វើបាន ខ្មែរយើងក៏អាចធ្វើបាន យ៉ាងល្អឥតខ្ចោះបានដែរ អីចឹងខ្ញុំជំរុញលើកទឹកឲ្យកូនខ្មែរយើង ផ្នែកស្ថាបត្យកម្ម និងនគរូបនីយកម្មទាំងអស់ សូមឲ្យគាត់ចូលរួមអភិវឌ្ឍន៍ ក្នុងគំនូរប្លង់ជូនអ្នកអភិវឌ្ឍផ្សេងៗ ដើម្បីឲ្យគេដឹងថា កូនខ្មែរយើងមិនអន់ទេ កូនខ្មែរយើងក៏អាចធ្វើបានដែរ តែដោយសារពេលខ្លះគាត់អត់មានឱកាស ដូច្នេះក្រុមហ៊ុន Worldbridge Land យើងនឹងផ្ដល់ឱកាសឲ្យពួកគាត់ ដោយអ្វីដែលយើងសាងសង់ ជាស្នាដៃរបស់កូនខ្មែរយើង»។
លោកថ្លែងទៀតថា បន្ទាប់ពីមានការប្រកួតរចនាម៉ូដផ្ទះ ដែលសហការ រវាងក្រុមហ៊ុន Worldbridge Land Co., Ltd និងសាកលវិទ្យាល័យ ភូមិន្ទវិចិត្រសិល្បៈ ដែលជាសាកលវិទ្យាល័យ រដ្ឋល្បីល្បាញ ខាងផ្នែកស្ថាបត្យកម្ម និងនគរូបនីយកម្មកន្លងមកនេះ ក៏បានរកឃើញក្រុម ដែលទទួលជយលាភីលេខ១ ដល់លេខ៣ផងដែរ ដែលលេខ១ ទទួលបាន៥ពាន់ដុល្លារ ,លេខ២ ចំនួន៣ពាន់ដុល្លារ និងលេខ៣ ចំនួន២ពាន់ដុល្លារ ដោយលេខ១ និងលេខ៣ បានលើកក្រុមតែមួយ ដែលមានសមាជិកបីនាក់។ គួរបញ្ជាក់ថា និស្សិតដែលចូលប្រកួត មានចំនួន១៣២នាក់ ក្នុងនោះមាន៥៤ក្រុម ដោយគណៈកម្មការរបស់សាកលវិទ្យាល័យ ភូមិន្ទវិចិត្រសិល្បៈ បានជ្រើសរើស១២ក្រុម ក្នុងនោះមានម៉ូដផ្ទះចំនួន៣ ដែលនាំមុខគេ ហើយសម្រាប់ផ្ទះទាំងបីនោះ ក៏ត្រូវបានដាក់ឲ្យសាធារណការ ធ្វើការបោះឆ្នោតជាសាធារណៈ តាមបណ្ដាញសង្គម Facebook ផងដែរ។ គំរោងផ្ទះសំរាប់ ប្រជាជន ដែលមានចំនួលទាបនឹងមធ្យម នឹងចាប់ផ្តើមសាងសង់នៅចុងឆ្នាំ២០១៦នេះ ដែលមានចំងាយប្រមាណពី ១៥ទៅ២០គីទ្បូម៉ែត្រពីភ្នំពេញ៕
ប្រភព ៖ ដើមអម្ពិល
No comments:
Post a Comment