ច័ន្ទ ២៥ កក្តដា, ២០១៦ ០៨:២៨
រាជធានីភ្នំពេញ ៖ ម្ចាស់រថយន្ត RAV4 ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2X-7972 បានស្រែកផ្អើលឆោឡោថា មានរថយន្តគេមកបុករថយន្តរបស់គាត់ដែលចតនៅមុខក្រុមហ៊ុន ធ្វើឲ្យខូចខាត ដូច្នះប្រជាការពារភូមិដែលជាអ្នកទទួលខុសត្រូវជាអ្នកចេញសង ស្រាប់តែមួយសន្ទុះក្រោយមកទើបដឹងថា រថយន្ត RAV4 នោះបានបើកបុកទ្វារធនាគារអាស៊ី ហើយបែរជាមកចង់ទារសំណងពីប្រជាការពារភូមិទៅវិញ ។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២ និង២០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចមុខផ្ទះលេខ៣៨ ផ្លូវបើកថ្មី ស្ថិតនៅភូមិ៤ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន ។
រថយន្តម៉ាក RAV4 ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2X-7972 មានម្ចាស់ជាជនជាតិវៀតណាម ត្រូវបានអ្នកបកប្រែឲ្យដឹងថា ម្ចាស់រថយន្តបានប្រាប់ថា គាត់ចតរថយន្តនៅមុខផ្ទះកើតហេតុខាងលើ ក្រោយមកលឺសូរផាំង ហើយក៏រត់ចេញមកក្រៅឃើញរថយន្តរបស់គាត់ ខូចមួយកំណត់ខាងក្រោយ តែមិនបានឃើញរថយន្តបង្កទេ ភ្លាមៗនោះក៏ប្ដឹងសមត្ថកិច្ចឲ្យជួយមកអន្តរាគមន៍ និងទាមទារឲ្យប្រជាការពារភូមិដែលជា អ្នកយាមការពារយកប្រាក់ខែ ពីគាត់រាល់ខែចេញថ្លៃ ជួសជុលរថយន្តរបស់គាត់ ។
សមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ថា បន្ទាប់ពីមានការផ្អើលថា រថយន្តចតនៅមុខផ្ទះត្រូវរថយន្តបង្កមិនចាំម៉ាក បុករថយន្តខ្ទេចគូទក្រោយ សមត្ថកិច្ចបានចុះមកដល់កន្លែងកើតហេតុ គាត់ពិនិត្យមើលហើយ ប្រាប់អ្នកបកប្រែជួយ ប្រាប់ទៅម្ចាស់រថយន្តថា មិនមានរថយន្តបុកទេ ព្រោះគ្មានកំទិចអ្វីនៅលើដីទាល់តែសោះ សង្ស័យរថយន្តនេះមានអ្នកបើកទៅបុកនៅខាងក្រៅ ហើយបើកយកមកដាក់នៅមុខផ្ទះ រួចទម្លាក់កំហុសឲ្យសន្តិសុខភូមិដែលយាមនោះចេញថ្លៃជួសជុល ។
ក្រោយពីស្តាប់ហេតុផល សមត្ថកិច្ចហើយម្ចាស់រថយន្ត ក៏បានសុំទោសសមត្ថកិច្ច និងមិនប្តឹងទាមទារសំណង ពីសន្តិសុខភូមិទៀតទេ ហើយក៏បានចូលផ្ទះបាត់ទៅ ។ លុះដល់ម៉ោង៣ និង៣០ទៀបភ្លឺថ្ងៃដដែល ស្រាប់តែមានសន្តិសុខយាម នៅធានាគារកម្ពុជាអាស៊ី ដែលមានទីតាំងនៅផ្ទះលេខA07 តាមផ្លូវ២៧១ ស្ថិតនៅភូមិ៤ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន បានប្ដឹងថា មានរថយន្តម៉ាក RAV4 ពណ៌ស្ករ១គ្រឿង ថយក្រោយបុករនាំងទ្វាដែក និងជញ្ចាំងបែកបាក់អស់ ហើយបើករថយន្តរត់បាត់ ។
ភ្លាមៗនោះ សមត្ថកិច្ចបានចុះទៅមើល កន្លែងកើតហេតុក៏ឃើញ នៅសល់កំទេចកញ្ចាក់រថយន្ត ហើយក៏សន្និដ្ឋានថាជារថយន្ត RAV4 ពណ៌ស្ករ ដែលមានម្ចាស់ជាជនជាតិវៀតណាម ដែលថាចតរថយន្តនៅមុខផ្ទះនោះជាអ្នកបង្ក ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានទៅស្ទួចរថយន្តខាងលើយកទៅរក្សាទុកនៅអធិការដ្ឋាន ដើម្បីដោះស្រាយពេលក្រោយទៀត ៕
No comments:
Post a Comment