បង់ក្លាដែស៖ មនុស្សយ៉ាងតិច ៣០នាក់ ដែលមានមួយចំនួនធំជាជនជាតិបរទេស ត្រូវបានចាប់ជាចំណាប់ខ្មាំង អស់ពេល១០ម៉ោង ដោយក្រុមភេរវករ ISIS នៅក្នុងភោជនីយដ្ឋានមួយកនែ្លង ក្នុងទីក្រុងដាកា នៃប្រទេសបង់ក្លាដែស។
បើតាមប្រភពព័ត៌មានបានឲ្យដឹងថា ហេតុការណ៍នេះ កើតឡើងនៅភោជនីយដ្ឋាន Holey Artisan កាលពីយប់ថ្ងៃសុក្រមុននេះ ដែលក្រុមភេរវករ ISIS បានអះអាងថា ពួកគេជាអ្នកប្រព្រឹត្ដ និងបានសម្លាប់មនុស្ស ២០នាក់ ហើយមនុស្សប្រមាណជា ៤០នាក់ទៀតរងរបួស ដែលនាពេលនេះ ខាងរដ្ឋាភិបាល បង់ក្លាដែស បានចេញសេចក្ដីរាយការណ៍ជាផ្លូវការថា មនុស្សចំនួន ២០នាក់បានស្លាប់ និងអ្នកផ្សេងទៀត រងរបួសធ្ងន់ធ្ងរ ហើយមន្រ្តីប៉ូលិស ២រូប បានស្លាប់បាត់បង់ក្នុងអំឡុងពេលវាយប្រហារនេះ។
នេះបើតាមការឲ្យដឹងពី លោក Sumon Reza ជាបុគ្គលិកនៅ ភៅជនីយដ្ឋានខាងលើនេះ ដែលបានព្យាយាម រត់គេចខ្លួនពីឧបទ្ទវហេតុ ដ៏គួរឲ្យភ័យខ្លាចមួយនេះ បានរៀបរាប់ប្រាប់ខាងសារព័ត៌មានឲ្យដឹងថា ”ពួកភេរវករ បានបំផ្ទុះគ្រាប់បែក និងមានអ្នករងរបួសជាច្រើននាក់” ។ លោកបានបន្តទៀតថា «ពួកភេរវករទាំងអស់នោះ បានភ្ជាប់មកជាមួយនូវដាវ និងកាំភ្លើងជាច្រើនដើម ថែមទៀតផងដែរ»។
គួរបញ្ជាក់ថា ប្រហែលជា ១២ម៉ោងក្រោយពីមានការចាប់ខ្លួនពីក្រុមភេរវករនេះ ខាងកងទ័ពនៃទីក្រុងដាកា បានបើកការបាញ់ប្រហារ វាយបកទៅលើភេរវករ ដែលធ្វើឲ្យ ៦នាក់បានស្លាប់ភ្លាមៗ និងចាប់បានម្នាក់ទាំងរស់ផងដែរ ហើយបានជួយសង្គ្រោះចំណាប់ខ្មាំង ១៣នាក់។ ជាមួយគ្នានេះដែរ លោកប្រធានាធិបតីនៃសហរដ្ឋអាមេរិក ក៏បានសម្តែងពីអារម្មណ៍សោកស្តាយ នៃឧបទ្ទវហេតុដ៏រន្ធត់នេះផងដែរ ខណៈដែលអ្នកនាំពាក្យរបស់រដ្ឋាភិបាលជប៉ុន បាននិយាយថា នៅក្នុងនោះ ក៏មានចំណាប់ខ្មាំងជាជនជាតិជប៉ុនម្នាក់ ត្រូវបានជួយសង្គ្រោះដោយរងរបួស ដោយសារគ្រាប់កាំភ្លើង ខណៈចំណាប់ខ្មាំងជនជាតិជប៉ុន ៧នាក់ផ្សេងទៀត បានបាត់ដំណឹង៕
ប្រភព ៖ ឌេលីម៉ែល
No comments:
Post a Comment