អង្គារ ២៦ កក្តដា, ២០១៦ ១៥:៤៦
ខេត្តតាកែវ ៖ សំឡេងទ្រហោយំពីសំណាក់ប្រពន្ធកូនសាច់ញាតិក្រុមគ្រួសារបានលាន់ឮឡើង គួរឱ្យសង្វេគបំផុត ព្រមទាំងការក្តុកក្តួលពីអ្នកចូលរួម ខណៈពេលដែលសពលោកបណ្ឌិត កែម ឡី ត្រូវបានលើកដាក់ចូលមឈូសនៅថ្ងៃទី២៥ កក្កដា ដែលជាថ្ងៃទី២បន្ទាប់ពីការដង្ហែសពមកដល់ផ្ទះរបស់លោក កាលពីល្ងាចថ្ងៃទី២៤ កក្កដា នៅភូមិអង្គតាកុបឃុំលាយបូរ ស្រុកត្រាំកក់ ដែលមានមនុស្សចូលរួមដង្ហែសពក្លាយជាសមុទ្រមនុស្សស្ទើរតែស្មានមិន ដល់ មានចំនួនរាប់ម៉ឺនរាប់សែននាក់ មិនអាចគណនាបាន ។ ការលើកសពចេញពីមឈូសត្រជាក់ក្នុងកញ្ចក់ដាក់ចូលមឈូសថ្មីដ៏ប្រណីត ដើម្បីបញ្ចុះនេះ បន្ទាប់ពីស្ថានភាពនៃសពដែលបានតម្កល់អស់រយៈពេលកន្លះខែ បន្ទាប់ពីការបាញ់ប្រហារដោយឃាតករមានសភាពប្រែប្រួល មិនអាចបន្តតម្កល់បានតាមការគ្រោងទុក ។
ក្រុមគ្រួសារសពលោក បណ្ឌិត កែម ឡី បាននិយាយថា នៅថ្ងៃទី២៥ កក្កដា ២០១៦ ជាថ្ងៃចុងក្រោយបង្អស់ ដែលយើងទាំងអស់គ្នាលែងបានឃើញមុខលោកបណ្ឌិតទៀតហើយ ព្រោះជាថ្ងៃបញ្ចុះសពនៅក្នុងឧម្មង្គ ដែលបានធ្វើត្រៀមបម្រុងទុកក្នុងបរិវេណលំនៅឋាន ព្រមទាំងមានគម្រោងសង់ជាកំពូលចេតិយគ្របពីលើទៀតនៅថ្ងៃក្រោយ ។
ក្រុមគ្រួសារសពបានបន្តទៀតថា បើតាមហោរាចិនបានប្រាប់ថា សពលោកបណ្ឌិត កែមឡី ត្រូវបានរៀបចំទៅតាមការគន់គូរជើងលេខ គឺនៅម៉ោង៩និង៥០នាទីព្រឹក សពត្រូវតែលើកចេញពីមឈូសកញ្ចក់ដាក់ក្នុងមឈូសឈើប្រណីត ។
ការលាគ្នាជាចុងក្រោយពិតជាបង្កើតឱ្យមានទុក្ខវិយោគធំធេងណាស់ ទុក្ខធំគ្មានពីរ ដែលមិនអាចពណ៌នាបានសម្រាប់ម្តាយ ប្រពន្ធ កូន និងសាច់ញាតិអុជធូបសែនព្រេន តាមពេលវេលាកំណត់ ដែលមិនចង់ឱ្យពេលវេលាដល់ឆាប់ទេ។ នៅក្នុងថ្ងៃបញ្ចុះសពវិញ ឃើញវត្តមានលោក ឃីវណ្ណដេត តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិបានអញ្ជើញចូលរួម ចំណែកអាជ្ញាធរគ្រប់លំដាប់ថ្នាក់ អត់មានឃើញមកចូលរួមទេ គឺមានតែអ្នកភូមិជិតឆ្ងាយលោកតាលោកយាយក្នុងខេត្តមកចូលរួមតែ ប៉ុណ្ណោះ ។
លោក ភោគ សំបូរ ដែលត្រូវជាបងជីដូនមួយលោកបណ្ឌិត កែម ឡី បានឱ្យដឹងថា យើងបានពិភាក្សាគ្នា បន្ទាប់ពីពិនិត្យឃើញថា ស្ថានភាពសពលោកបណ្ឌិតមានសភាពប្រែប្រួលខ្លាំង ធុំក្លិនទៅហើយនោះ ធ្វើឱ្យបំណងដែលយើងចង់តម្កល់សពទុកធ្វើបុណ្យបាន៤ទៅ៥ថ្ងៃទៀត តែយើងមិនអាចទុកបាន ទើបឱ្យហោរាទស្សន៍ទាយបានមើលឃើញថា សពលោកបណ្ឌិតដល់ពេលវេលានឹងត្រូវបញ្ចុះនៅថ្ងៃទី២៥ កក្កដា វេលាម៉ោង១១ព្រឹក ជាកំណត់។ ពីកន្លែងតម្កល់សពមានប្រវែងជាង២០ម៉ែត្រពីលំនៅឋាន។ ចំណែកក្បាលសពត្រូវបែរទៅទិសខាងត្បូងចំខ្លោងទ្វាររបងផ្ទះជា ច្រកចូល ។ ចំពោះសម្ភាររបស់លោកបណ្ឌិតមានរថយន្ដ ទូរស័ព្ទ ខោអាវ និងសម្ភារផ្សេងៗទៀត ត្រូវរក្សាទុកបែបណានោះ លោកមិនទាន់ដឹងនៅឡើយទេ សំខាន់យើងពិភាក្សាគ្នាជាមួយភរិយាលោកបណ្ឌិត និងគណៈកម្មការបុណ្យ ។
លោក សំបូរ បានបន្តទៀតថា ចំពោះព័ត៌មានថ្មីបែបណានោះ លោកនឹងផ្ដល់ជូនជំនួសមុខឱ្យភរិយា កូន ក្រុមគ្រួសារនៃសព ។ ជំនួស ឱ្យក្រុមគ្រួសារសព លោកភោគ សំបូរ បានគោរពថ្លែងអំណរគុណដល់បងប្អូនជនរួមជាតិគ្រប់មជ្ឈដ្ឋាន ដែលគោរពស្រឡាញ់ចំពោះលោកបណ្ឌិត ដោយបានចំណាយថវិកាផ្ទាល់ខ្លួនចូលរួមគោរពវិញ្ញាណក្ខន្ធតាំងពីសពលោក បណ្ឌិតបានតម្កល់ធ្វើបុណ្យនៅវត្តចាស់ សង្កាត់ជ្រោយចង្វារាជធានីភ្នំពេញ រហូតចូលរួមដង្ហែសពលោកបណ្ឌិតមកដល់ផ្ទះមានចំនួនរាប់សែននាក់ និងប្រភពខ្លះថាជិត២លាននាក់ឯណោះ ដែលបានចូលរួមរហូតដល់ថ្ងៃចុងក្រោយ ។
លោកបណ្ឌិត កែម ឡី ពិតមែនទទួលមរណភាព ប៉ុន្តែកិត្តិយស កិត្តិស័ព្ទរបស់លោកស្ថិតនៅក្នុងបេះដូង ក្នុងអារម្មណ៍ប្រជាជាតិកម្ពុជា និងបរទេសរាប់សែនរាប់លាននាក់ មិនអាចបំភ្លេចបានឡើយ ៕
ប្រភព ៖ កោះសន្តិភាព
No comments:
Post a Comment