សុក្រ ០១ កក្តដា, ២០១៦ ១៥:៥៧
រាជធានីភ្នំពេញ ៖ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោកលី លឹមម៉េង ប្រធានក្រុមប្រឹក្សាជំនុំជម្រះ កាលពីព្រឹកថ្ងៃទី១ កក្កដា ២០១៦ បានសម្រេចប្រកាសសាលក្រមលើសំណុំរឿង ឃាតកម្មគិតទុកជាមុន ដែលមានជនជាប់ចោទឈ្មោះសោម គឹមស៊ាន ភេទប្រុស អាយុ៣៧ឆ្នាំ ជាចាងហ្វាងកាសែតឈ្មោះ «សុវណ្ណនគរ» ដែលគេមិនសូវស្គាល់ សម្រេចដាក់ពន្ធនាគារអស់មួយជីវិត តាមមាត្រា២០០នៃក្រមព្រហ្មទណ្ឌប្រព្រឹត្ត នៅចំណុចដីវាលគំនរសំរាមផ្លូវ៣៧១ ក្នុងភូមិអូរបែកក្អម សង្កាត់ទឹកថ្លា ខណ្ឌសែនសុខរាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ឧសភា ឆ្នាំ២០១៥ ។
ជនជាប់ចោទឈ្មោះសោម គឹមស៊ាន បានឆ្លើយបដិសេធចម្លើយនៅប៉េអឹមទាំងអស់ ជនជាប់ចោទបន្តថា គឺខ្លួនមិនបានសម្លាប់ឈ្មោះស្រ៊ុន សុភ័ក្ត្រទេ គឺខ្លួនបានស្គាល់ឈ្មោះម៉ាប់ និងឈ្មោះបូរ ហើយឈ្មោះម៉ាប់ បានតេមកសួរខ្ញុំថា ខ្លួនចង់ប្រចាំរថយន្តតែពេលយកទៅដល់កន្លែងបញ្ចាំណាហ្គាវើល រថយន្តមិនមានឯកសារគេមិនយក ហើយក៏បានយកទៅបញ្ចាំជ្រៃធំបានប្រាក់៥០០០ដុល្លារ ។ ជនជាប់ចោទឈ្មោះសេង ផារ៉ាដា ហៅម៉ាប់ ចៅក្រមសម្រេចដាក់ពន្ធនាគារអស់មួយជីវិត និងជនជាប់ចោទឈ្មោះសួន សារាយ ហៅបូរចៅក្រមសម្រេចដាក់ពន្ធនាគារអស់មួយជីវិតបានរត់គេចខ្លួន និងចេញដីការបង្គាប់ចាប់ខ្លួនជនជាប់ចោទទាំងពរ និងបង្គាប់ឱ្យជនជាប់ចោទទាំង៣នាក់ សងសំណងទៅដើមបណ្តឹង៩០លានរៀល ។
តាមរបាយការណ៍សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យដែលបានឃាត់ខ្លួនឈ្មោះសោម គឹមស៊ាន អាយុ៣៧ឆ្នាំ ជាចាងហ្វាងកាសែតសុវណ្ណនគរ និងបក្សពួក២នាក់ទៀត ដែលគេចខ្លួន សមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់ខ្លួនបន្តឈ្មោះបូ និងឈ្មោះម៉ាប់ ។ចំណែកជនរងគ្រោះឈ្មោះស្រ៊ុន សុភ័ក្ត្រ ហៅលាង ជាបុគ្គលិកក្រុមហ៊ុនកាក់វៃហួរ និងជាអ្នករត់ការឯកសារឱ្យរោងចក្រកាត់ដេរ ជាមនុស្សធ្លាប់ស្គាល់គ្នាជាមួយក្រុមជនដែដល់ ។
គួររំលឹកថា កាលពីថ្ងៃទី២៣ ឧសភា ឆ្នាំ២០១៥ គេបានប្រទះឃើញសាកសពមួយ ត្រូវបានគេសម្លាប់ច្រកក្នុងការ៉ុង រួចយកទៅទម្លាក់ចោលនៅមាត់ប្រឡាយទឹក ស្ថិតនៅក្នុងភូមិអូបែកក្អម សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ យ៉ាងអាថ៌កំបាំង ។ លុះមកដល់ថ្ងៃទី២៦ ឧសភា កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះសោម គឹមស៊ាន ។ សោម គឹមស៊ាន បានប្រាប់សមត្ថកិច្ចថា ពួកខ្លួនបានរៀបចំផែនការសម្លាប់ជនរងគ្រោះឈ្មោះស្រ៊ុន សុភ័ក្ត្រ ហៅលាង អាយុ៣៥ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុន កាក់វៃហួរ និងជាអ្នករត់ឯកសារឱ្យរោងចក្រកាត់ដេរ ដោយពួកគេ និងជនរងគ្រោះ គឺជាអ្នកស្គាល់គ្នា ហើយឈ្មោះម៉ាប់ ជាមិត្តភក្តិជិតដិតបំផុត ជាមួយជនរងគ្រោះ ទើបនៅថ្ងៃទី២២ ឧសភា ២០១៥ ឈ្មោះម៉ាប់ បានលួងលោមជនរងគ្រោះទៅផឹកស៊ីចូលច្រៀងខារ៉ាអូខេ នៅម្តុំបឹងត្របែក ។
សោម គឹមស៊ាន បន្តថា ឱកាសនោះ ពេលជនរងគ្រោះចូលបន្ទប់ទឹក ឈ្មោះម៉ាប់ បានដាក់ថ្នាំងងុយដេកចូលក្នុងកែវស្រាជនរងគ្រោះ ហើយបន្តផឹករហូតដល់ជនរងគ្រោះស្រវឹងទន់ខ្លួនខ្លាំង ទើបពួកគេទាំង៤នាក់ឈប់ផឹក រួចនាំគ្នាឡើងរថយន្តជនរងគ្រោះ ហើយបើករថយន្តចេញទៅ រហូតដល់កន្លែងស្ងាត់ ពួកគេនាំគ្នាធ្វើសកម្មភាព ដោយរូបគេ បានយកខ្សែលីឡុងខ្មៅរឹតកជនរងគ្រោះ ហើយឈ្មោះបូ ជាអ្នកចាំជួយ។ ក្រោយពេលសម្លាប់ហើយ ពួកគេបានយកសពច្រកក្នុងការ៉ុង រួចយកទៅទម្លាក់ចោលនៅចំណុចខាងលើ ។
បន្ទាប់មកពួកគេបានយករថយន្តជនរងគ្រោះ ទៅបញ្ចាំនៅកុងស៊ី NAGA តែគេមិនទទួល ព្រោះរថយន្តគ្មានឯកសារ បន្ទាប់មក នៅថ្ងៃទី២៣ ឧសភា ឆ្នាំ២០១៥ រូបខ្លួន និងឈ្មោះបូ បានយករថយន្តនោះ ទៅបញ្ចាំនៅកាស៊ីណូ Crown ស្ថិតនៅជ្រៃធំ ស្រុកកោះធំ ខេត្តកណ្តាល តែកុងស៊ីនៅទីនោះ មិនទទួលទៀត និងចុងក្រោយយកទៅបញ្ចាំនៅកន្លែងផ្ទេរប្រាក់វីង ក្បែរកាស៊ីណូ Crown បាន៥.០០០$ ហើយធ្វើការបែងចែកគ្នា ដោយខ្លួនបានលុយ ១.១៥០$, ឈ្មោះបូ បានលុយ១.១០០$ និងឈ្មោះម៉ាប់ ទារចំណែកច្រើនជាងគេ គឺបាន២.៧៥០$ ព្រោះវាជាអ្នកខំអន្ទងជនរងគ្រោះមកច្រៀងខារ៉ាអូខេ។
ប្រភព ៖ កោះសន្តិភាព
No comments:
Post a Comment