អាទិត្យ ០៣ កក្តដា, ២០១៦ ១៦:៣៨
កំពត៖ កម្លាំងអាវុធហត្ថខេត្តកំពត បាននិងកំពុងស្រាវជ្រាវ ស្វែងរកចាប់ខ្លួនក្រុមក្មេងស្ទាវ ដែលបានព្រួតគ្នាវាយលើមន្ត្រីយោធាជើងទឹកម្នាក់ ឱ្យរងបួសជាទម្ងន់ ខណៈមានជម្លោះ រាំជាន់ជើងគ្នាក្នុងក្លឹបកម្សាន្ត ដ្រាហ្គន នៅម៉ោង ១២៖៣០នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិទ្វីខាងជើង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត។
មន្ត្រីនៃមន្ទីរយុត្តិធម៌អាវុធហត្ថខេត្តកំពត បានប្រាប់ឱ្យដឹងថា ជនរងគ្រោះ ឈ្មោះ ស៊ាន រតនៈ ភេទប្រុស អយុ២២ឆ្នាំ មុខរបរ កងទ័ពជើងទឹក អង្គភាពឈរ ជើងនៅភូមិកំពង់ទ្រាក ស្រុកទឹកឈូ ខេត្តកំពត ឯជនរងគ្រោះត្រូវបាន ក្រុមក្មេងទំនើង មួយក្រុម ដែលមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពវាយ និងប្រើដាវសាម៉ូរ៉ៃកាប់ប្រហារយ៉ាងព្រៃផ្សៃ បណ្តាលឱ្យរបួសជាទម្ងន់ ក្រោយហេតុការណ៍ ក្រុមជនល្មើស បានរត់គេចខ្លួនបាត់។ ដោយឡែកជនរងគ្រោះ ត្រូវបានគេដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពត ប៉ុន្តែដោយសាររបួសធ្ងន់ធ្ងរពេក ជនរងគ្រោះព្រឹកឡើង ត្រូវបញ្ជូនបន្តទៅព្យាបាល នៅមន្ទីរពេទ្យបង្អែកភ្នំពេញ។
គួរបញ្ជាក់ផងដែរថា ក្លឹបកម្សាន្ត"ដ្រាហ្គន"ខាងលើ ជាញឹកញាប់ តែងតែមានកើតករណីហឹង្សាមិនចេះឈប់ឈរសោះ ដោយកាប់ចាក់ប្រហារគ្នា បង្កឡើង ដោយក្រុមក្មេងស្ទាវ ដែលនិយមចូលចិត្ត និងឈ្លក់វង្វេងនឹងស្រីញីក្នុងក្លឹបមួយនេះ ផ្ទុយមកវិញគេមិនដែលឃើញអាជ្ញាធរថ្នាក់ណាមួុយ ឬស្ថាប័នពាក់ពន្ធ មានវិធានការណ៍ចំពោះម្ចាស់ក្លឹបមួយនេះឡើយ មិនតៃប៉ុណ្ណោះក្លឹបមួយនេះ ភ្ញៀវភាគច្រើន សុទ្ធសឹងជាក្មេងៗស្ទាវ ខ្លះមិនគ្រប់អាយុទៀតផង៕
ប្រភព ៖ ដើមអម្ពិល
No comments:
Post a Comment