សុក្រ ០១ កក្តដា, ២០១៦ ១៣:២៩
ខេត្តកំពង់ចាម ៖ ផ្ទះមួយកន្លែងសាងសង់តាំងពីសម័យសង្គមរាស្ត្រនិយម ដោយបច្ចុប្បន្នមានសភាពចាស់ទ្រុឌទ្រោមទៅហើយស្ថិតនៅក្នុងភូមិទី៣ សង្កាត់វាលវង់ ក្រុងកំពង់ចាម កាលពីវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី៣០ មិថុនា ២០១៦ ស្រាប់តែបាក់បេតុង១ផ្ទាំងពីជាន់ទី១ធ្លាក់មកដី បណ្តាលឱ្យសង្កត់ម្ចាស់ផ្ទះរងរបួសយ៉ាងធ្ងន់ធ្ងរ (បាក់ដៃឆ្វេង២កំណាត់) ហើយត្រូវក្រុមសាច់ញាតិដឹកបញ្ជូនទៅព្យាបាលនៅគ្រូខ្មែរក្នុងស្រុកក្រូចឆ្មារ ។
ប្រភពពីស្ត្រីម្នាក់ឈ្មោះមាង មុំ អាយុ៦០ឆ្នាំ ត្រូវជាប្អូនថ្លៃ អ្នករងគ្រោះឱ្យដឹងថា ក្រោយពីទទួលទានអាហារថ្ងៃត្រង់រួច បងថ្លៃប្រុសឈ្មោះគង់ ចាន់ថន ហៅគា អាយុ៦០ឆ្នាំ បានមកឈរលេងនៅយ៉មុខផ្ទះខាងមុខ ។ លុះក្រោយមក ក៏ដើរចូលទៅខាងក្នុងផ្ទះវិញ មិនទាន់ដល់ក្នុងផ្ទះផង ស្រាប់តែបាក់បេតុង១ផ្ទាំងសង្កត់លើបងថ្លៃលាន់ក្ឌាំង បង្កឱ្យមានការភ្ញាក់ផ្អើលតែម្តង ។
ពេលនោះ រូបគាត់ឮបងថ្លៃបានស្រែកជួយផងៗ ភ្លាមៗនោះ គាត់បានប្រញាប់ហៅគ្នីគ្នានៅជិតខាងជួយសង្គ្រោះ ។ តែពេលនោះ ទ្វារផ្ទះ បានជាប់សោទៀត មិនអាចចូលទៅបាន ទើបហៅជាងធ្វើសោឱ្យមកអារច្រវាក់ចេញ ទើបអាចនាំគាត់ទៅសង្គ្រោះបានទាន់ពេលនៅឯគ្លីនិកឯកជន១១៥ ដោយរងរបួសធ្ងន់បាក់ដៃឆ្វេង២កំណាត់ ។ ដោយសារក្រុមគ្រួសារ មានជំនឿលើគ្រូខ្មែរនោះ ក៏បានបញ្ជូនចេញទៅព្យាបាលនៅស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។
ប្រភព ៖ កោះសន្តិភាព
No comments:
Post a Comment