អាទិត្យ ០៣ កក្តដា, ២០១៦ ០៩:៤១
ខេត្តបន្ទាយមានជ័យ ៖ ពិតជាអាណោចអាធ័មខ្លាំងណាស់ដែលស្ត្រីម្នាក់ត្រូវបានរថយន្តកិនបន្តបន្ទាប់គ្នាឡើងខ្ទេចសាកសពអស់ លុះព្រឹកឡើងថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៦ ទើបដឹងបង្កភ្ញាក់ផ្អើលលើដងផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិអណ្តូងថ្មមាស សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។
ជនរងគ្រោះមិនត្រូវបានគេស្គាល់អត្តសញ្ញាណនៅឡើងទេ ប៉ុន្តែនៅកន្លែងកើតហេតុគេឃើញមានសៀវភៅគ្រួសារ១ក្បាល, អត្តសញ្ញាណប័ណ្ណចំនួន២ ដោយក្នុងសៀវភៅគ្រួសារនោះប្តីឈ្មោះ លត ផាប ប្រពន្ធឈ្មោះ ជ្រឺន ហាន់សាយ អាយុ៣០ឆ្នាំ ជាអ្នកភូមិគោកតាសុខ ឃុំពន្លៃ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។ ក្រៅពីនេះគេឃើញមានរូបថត២សន្លឹកសង្ស័យជារូបរបស់ស្ត្រីរងគ្រោះព្រោះចំណាំត្រង់កងដៃក្នុងរូបថតនិងដៃជាក់ស្តែង ។
តាមសមត្ថកិច្ចប្រាប់ជំហ៊ានដំបូងថា ជនរងគ្រោះត្រូវរថយន្តបុកអូសប្រហែល៧០ម៉ែត ហើយសាកសពខ្ទេចមើលលែងយល់ ។ ជនរងគ្រោះសង្ស័យឈ្មោះដូចក្នុងសៀវភៅគ្រួសារ (ជ្រឺន ហាន់សាយ) ព្រោះបានទំនាក់ទំនងតាមលេខទូរស័ព្ទដែលប្រទះឃើញក្នុងកាបូបមានបុរសម្នាក់ប្រាប់ថា កំពុងបាត់សមាជិកពីស្រុកភ្នំស្រុក ហើយយកទាំងសៀវភៅគ្រួសារជាប់ជាមួយផង ។ បុរសដដែលបញ្ជាក់ប្រាប់សមត្ថកិច្ចថា ជនរងគ្រោះកើតរោគសសៃប្រាសាទបាត់ពីផ្ទះ២ទៅ៣ថ្ងៃហើយ ។ សពត្រូវបានសមត្ថកិច្ចរៀបចំបញ្ជូនទៅតំកល់នៅវត្តបាលិលេយ្យ ក្នុងភូមិក្បាលស្ពាន២សង្កាត់ប៉ោយប៉ែត ។
សមត្ថកិច្ចប្រាប់ថា ពេលនេះក្រុមគ្រួសារដែលអះអាងថាកំពុងបាត់សមាជិកនោះបាននិងកំពុងធ្វើដំណើរមកក្រុងប៉ោយប៉ែត ដើម្បីពិនិត្យមើលសព ថាតើជាសាច់ញាតិខ្លួនពិតមែនឬយ៉ាងណា?
សូមបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចណ៍នេះគេពុំដឹងថា កើតឡើងនៅម៉ោងប៉ុន្មាន ហើយជនរងគ្រោះជិះអ្វីឬក៏ដើរមកពីណានោះទេ លុះពេលព្រឹកទើបអ្នកដំណើរប្រទះឃើញ ៕
ប្រភព ៖ កោះសន្តិភាព
No comments:
Post a Comment