សៅរ៍ ៣០ កក្តដា, ២០១៦ ០៨:២៣
ខេត្តមណ្ឌលគិរី ៖ សមត្ថកិច្ចខេត្តមណ្ឌលគិរី បានឃាត់ខ្លួនបុរសម្នាក់ រួមបក្សពួកចំនួន៤នាក់ទៀត ក្នុងករណីក្លែងបន្លំ ឯកសារសាធារណៈ ខណៈពួកគេកំពុងធ្វើដំណើរតាមរយៈរថយន្តមួយគ្រឿង ជិះពីទីរួមខេត្តមណ្ឌលគិរី ឆ្ពោះទៅស្រុកកែវសីមា កាលពីវេលាម៉ោង១១ និង៣០នាទីកាលពីព្រឹកថ្ងៃទី២៩ កក្កដា ២០១៦ ។
ប្រតិបត្កិការខាងលើនេះ ដឹកនាំដោយលោកវរសេនីយ៍ សូ សុវណ្ណ ស្នងការរងទទួលបន្ទុកកណ្តាលយុត្តិធម៌ នៃស្នងការដ្ឋាននគរបាលខេត្ត ក្រោមការសម្របសម្រួលពីលោកសូ សុវិទ្យា ព្រះរាជអាជ្ញាររងខេត្ត ស្ទាក់ចាប់បាននៅចំណុចទឹកខួប ក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ។
សមត្ថកិច្ចបានឱ្យដឹងថា ឈ្មោះកែវ វុទ្ធី អាយុ៣៣ឆ្នាំ ត្រូវបានឃាត់ខ្លួន រួមនឹងបក្សពួកចំនួន៤នាក់ទៀតនោះ គឺជាមុខសញ្ញាចាស់ ដែលធ្លាប់ជាប់ពន្ធនាគានៅ ខេត្តស្ទឹងត្រែង ពាក់ព័ន្ធបញ្ហាដីធ្លី កាលពីពេលកន្លងទៅ ហើយនៅពេលនេះ ឈ្មោះកែវ វុទ្ធី ក៏ត្រូវចាប់ខ្លួនពីបទចេញ ឯកសារឆបោកប្រជាពលរដ្ឋជាច្រើននាក់ លើការទិញដូរដីរបស់រដ្ឋ នៅចំនុចព្រៃខៀវ ភូមិរវ៉ាក់ ឃុំរយ៉ ស្រុកកោះញែក ។
សមត្ថកិច្ចបន្តថា នៅពេលនេះ ជំនាញនៅមិនទាន់អាច ប្រាប់ព័ត៌មានលំអិតបានទេ ព្រោះអាចនៅមានអ្នកជាប់ពាក់ព័ន្ធច្រើនទៀត ចឹងសូមឱ្យអ្នកព័ត៌មានរង់ចាំនៅពេលសមត្ថកិច្ចស្រាវជ្រាវបានច្បាស់លាស់សិន ដើម្បីកុំឲ្យមានវាយស្មៅបង្អើលពស់ ។ ប៉ុន្តែនៅអំឡុងពេលឃាត់ខ្លួនជនឈ្មោះកែវ វុទ្ធី គេសង្កេតឃើញថា ជននេះមានឯកសារដីធ្លីរាប់រយសន្លឹកជាប់តាមខ្លួន ។ យ៉ាងណាដ៏ដោយ យើងរង់ចាំទទួលព័ត៌មានបន្តពីសមត្ថកិច្ច ដើម្បីផ្សាយបន្ថែមនៅពេលក្រោយទៀត ។
គួររំលឹកថា ដីព្រៃរបស់រដ្ឋរាប់ពាន់ហិចតា ក្នុងស្រុកកោះញែក ត្រូវបានកាប់បំផ្លាញយកជាកម្មសិទ្ធិផ្ទាល់ខ្លួន ខណៈលេចឮពីភាពមិនប្រក្រតីថា ករណីនេះ មានជាប់ពាក់ព័ន្ធជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការឃុបឃិតគ្នាជាប្រព័ន្ធ រវាងមេខ្យល់ និងអ្នកគ្រប់គ្រងក្នុងតំបន់ ។ ដីព្រៃដែលកំពុងរងនូវការ កាប់បំផ្លាញរាល់ថ្ងៃនេះ ស្ថិតនៅចំនុចព្រៃខៀវ ភូមិរវ៉ាក់ ឃុំរយ៉ ស្រុកកោះញ៉ែក ដែលរហូតមកដល់បច្ចុប្បន្ននេះ បានក្លាយទៅជាវាលរហោលឋាន មួយផ្នែកទៅហើយ ។
សេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋឲ្យដឹងថា ក្នុងរយៈពេលជាងមួយខែមកហើយ ពួកគាត់តែងតែឃើញ មានប្រជាជនចំណាកស្រុក មកពីខេត្តផ្សេងៗគ្នា ក្នុងមួយថ្ងៃៗមានពី១៥ ទៅ២០នាក់ បានជិះរថយន្ដ និងម៉ូតូ មានភ្ជាប់ដោយម៉ាស៊ីនអារឈើ កាំបិត ពូថៅគ្រប់ៗដៃ ចូលមកចំណុចខាងលើ ។ ពេលឃើញបែបនេះ ពួកគាត់មានការងឿងឆ្ងល់ ក៏សួរទៅបុរសម្នាក់ថា ពួកបងមកនេះ មកធ្វើអ្វី? បុរសចំណាកស្រុកក៏ប្រាប់ថា មកកាប់ព្រៃដែលខ្ញុំទិញដីពីលោកកែវ វុទ្ធី ។
ពលរដ្ឋបន្តថា នៅក្នុងនោះដែរ គេឃើញលោកកែវ វុទ្ធី បានចាត់ចែងមនុស្សជំនិតក្រោមឱវាទរបស់ខ្លួន មានគ្នា៦នាក់ផ្សេងទៀត ដើម្បីឱ្យដើរវាស់វែងដី និងកត់ឈ្មោះប្រមូលប្រាក់ពីប្រជាពលរដ្ឋ មកពីឆ្ងាយនោះ ដើម្បីទទួលបានចំណែកដីដែលសុទ្ធតែព្រៃស្រោង និងព្រៃរបោះ ។
No comments:
Post a Comment