Saturday, July 30, 2016

បែកធ្លាយវីដេអូថ្មីមួយទៀត ពីសកម្មភាព ប៉ូលិសនិងប្រជាពលរដ្ឋ ដេញតាមចាប់ «ឃាតក ជួប សម្លាប់» ក្រោយបាញ់សម្លាប់លោកបណ្ឌិត កែម ឡី (Video inside)

សៅរ៍ ៣០ កក្តដា, ២០១៦ ២១:០២
ដោយ កុសុម៉ា
(ភំ្នពេញ)៖ នៅយប់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៦នេះ មានការបែកធ្លាយនូវវីដេអូថ្មីមួយទៀត ដែលបង្ហាញពីសកម្មភាព សមត្ថកិច្ច និងប្រជាពលរដ្ឋ ដេញចាប់ ឃាតក ជួប សម្លាប់ យ៉ាងប្រផាប់ប្រភីង នៅម្តុំជិតវត្តស្វាយពពែ បន្ទាប់រូបគេធ្វើសកម្មភាពបាញ់សម្លាប់ លោកបណ្ឌិត កែម ឡី ភ្លាមៗ កាលពីព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦៕ សូមទស្សនាវីដេអូខាងក្រោម៖
ប្រភព ៖ Fresh News

Friday, July 29, 2016

សួស វីហ្សា ដល់ថ្ងៃ​ឡើងជ្រុញ ស្នើដល់​មហាជន បោះ​ឆ្នោត​ជួយ​គាំទ្រ

សៅរ៍ ៣០ កក្តដា, ២០១៦ ០៧:៥៩
(ភ្នំពេញ)៖ ខណៈដែលការប្រឡង​​ក្នុងកម្មវិធី កំពូលតារាអាជីពដ៏ល្បី «I am a singer Cambodia» ដែ​លរៀបចំឡើង ដោយស្ថានីយទូរទស្សន៍ហង្សមាស សប្តាហ៍ទី២ កាន់តែកៀកចូលមកដល់ តារាចម្រៀងរូបស្រស់សម្តីផ្អែម កញ្ញា សួស វីហ្សា កាលពីប៉ុន្មានម៉ោងមុននេះ បានបង្ហោះសារនៅលើបណ្តាញសង្គម​​ហ្វេសប៊ុក​ដោ​យបង្ហា​ញពីអារម្មណ៍ភ័យផង និងអរផង ហើយក៏បានស្នើឲ្យមហាជន បោះ​ឆ្នោត​គាំ​ទ្រនាង​ផងដែរ។
តារាចម្រៀងស្រី កញ្ញា សួស វីហ្សា បានសរសេរបង្ហោះភ្ជាប់ ជាមួយរូបបែបនេះថា «ថ្ងៃស្អែកដល់ពេលឡើងជ្រុញហើយ បងប្អូនទាំងអស់គ្នាតើបងប្អូន មានជួយបោះឆ្នោតឲ្យខ្ញុំខ្លះអត់? លេខរៀងខ្ញុំ លេខ៥ ផ្ញើ​ទៅ២០១៦ ជាកាស្រេច ។ មិនដឹងថាយប់ស្អែកនេះ អ្នកណាត្រូវចាកចេញមុនគេ​ទេ (I am a singer Cambodia)»។
កញ្ញា សួស វីហ្សា ក៏បានបន្ថែមថា «ពុកម៉ែបងប្អូនអាចចូលរួមទស្សនា ដោយសេរីនៅស្ទូឌីយ៉ូហ​ង្សមាស HDTV ក្នុងផ្សារ​ទំនើប AEON Mall ជាន់ទី៤ ដោយមានការ​ផ្សាយផ្ទាល់ នៅលើកញ្ចក់ទូ​រទស្សន៍ហង្សមាស HDTV ផងដែរ។ មានតែពុកម៉ែបងប្អូនទេ ដែលជាអ្នកដាក់ពិន្ទុលើសម្លេង នឹងជាអ្នកសម្រេចជោគវាសនា របស់ពួក​ខ្ញុំ។​ បើស្រឡាញ់ចូលចិត្ត​សម្លេងរបស់ខ្ញុំ សូមចូលរួមបោះឆ្នោតគាំទ្រដល់នាងខ្ញុំផង ព្រោះវាសនារបស់ខ្ញុំ ស្ថិតក្នុងការបោះឆ្នោតរបស់បងប្អូនហើយ!»។
បន្ទាប់ពីឃើញការបង្ហោះ របស់តារាចម្រៀងស្រី កញ្ញា សួស វីហ្សា ដោយទទូ​ចស្នើឲ្យមាន​ការ​ផ្ញើសារចូលរួមបោះឆ្នោតឲ្យនាង យ៉ាងដូ​ច្នេះ គេសង្កេតឃើញមានអ្នកគាំទ្រនាងជាច្រើន បានផ្ញើ​សារឆ្លើយតបវិញថា ពួកគេនឹងចូលរួមបោះ​ឆ្នោតគាំទ្រ វីហ្សា ដើម្បីបានបន្ត​នៅក្នុងកម្មវិធី​នេះ។
សូមបញ្ជាក់ថា កម្មវិធីប្រឡងកំពូលតារាអាជីពដ៏ល្បី «I am a singer Cambodia» ដែលទិញសិទ្ធិ​ផ្តាច់​មុខ ដោយក្រុមហ៊ុនហង្សមាស HDTV គឺជាកម្មវិធីប្រឡងចម្រៀងល្បីលេខ១ នៅប្រទេ​ស​កូរ៉េ និងចិន ដែលបច្ចុប្បន្នបានបង្ហាញវត្តមាន នៅលើទឹកដីប្រទេសកម្ពុជាហើយ។ ចំពោះកម្មវិធីប្រឡងកំពូល​ តារាអាជីពដ៏ល្បី «I am a singer Cambodia» លំដាប់ពិភពលោកនេះ ក៏មាន​បេ​ក្ខ​ភាព តារាចម្រៀងល្បីៗជាច្រើន របស់ផលិតកម្មហង្សមាស ចូលរួមប្រឡងប្រជែងផងដែរ ដោយលទ្ធផលអ្នកឈ្នះ ជ័យលាភី ក្នុងកម្មវិធីនឹងទទួលបាន​ថវិកាចំនួន១០០លានរៀល៕

ឆ្លាត​ខាង​បោក ដើរ​វាស់​ដី​រដ្ឋ​លក់​តាម​ចិត្

LINE it!
សៅរ៍ ៣០ កក្តដា, ២០១៦ ០៨:២៣
​​ខេត្ត​មណ្ឌលគិរី ៖ សមត្ថកិច្ច​ខេត្តមណ្ឌលគិរី​​ បាន​ឃាត់ខ្លួន​បុរស​ម្នាក់ រួម​​​​បក្សពួក​ចំនួន​៤​នាក់​ទៀត ក្នុង​ករណី​ក្លែងបន្លំ​ ឯកសារ​សា​ធារណៈ ខណៈ​ពួក​គេ​កំពុង​ធ្វើ​ដំណើរ​តាម​រយៈ​រថយន្ត​មួយ​គ្រឿង ជិះ​ពី​ទីរួមខេត្ត​មណ្ឌលគិរី​ ឆ្ពោះទៅ​ស្រុក​កែវ​សីមា កាលពី​វេលា​ម៉ោង​១១​ ​និង​​៣០​នាទី​​កាលពី​ព្រឹក​ថ្ងៃ​ទី​២៩ កក្កដា ២០១៦ ។
ប្រ​តិ​ប​ត្កិ​ការ​ខាងលើ​នេះ ដឹកនាំ​ដោយ​លោក​វរ​​សេនី​យ៍​ សូ សុវណ្ណ ស្នងការ​រង​ទទួល​បន្ទុក​កណ្តាល​យុ​ត្តិ​ធ​ម៌​​ នៃ​ស្នងការដ្ឋាន​នគរ​បាល​ខេត្ត ក្រោម​ការ​សម្របសម្រួល​ពី​លោកសូ សុវិទ្យា ព្រះរាជអាជ្ញារ​រង​ខេត្ត ស្ទាក់​ចាប់​បាន​នៅ​ចំណុច​ទឹក​ខួប ក្នុងភូមិ​អូរ​អាម ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា​ ។
សមត្ថកិច្ច​បាន​ឱ្យ​​ដឹង​ថា ឈ្មោះ​កែវ វុ​ទ្ធី អាយុ​៣៣​ឆ្នាំ ត្រូវ​បាន​ឃាត់ខ្លួន​ រួម​នឹង​បក្សពួក​ចំនួន​៤​នាក់​​ទៀត​នោះ គឺជា​មុខសញ្ញា​ចាស់ ដែល​ធ្លាប់​ជាប់​ព​ន្ធ​នាគា​នៅ​ ខេត្តស្ទឹងត្រែង ​ពាក់​ព័​ន្ធ​​បញ្ហា​ដីធ្លី កាលពី​ពេល​កន្លង​ទៅ ហើយ​នៅ​ពេល​នេះ ឈ្មោះ​កែវ វុ​ទ្ធី ក៏​ត្រូវ​ចាប់​ខ្លួន​​ពី​បទ​ចេញ​ ឯកសារ​ឆបោក​ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់​ លើ​ការ​ទិញ​ដូរ​ដី​របស់​រដ្ឋ នៅ​ចំនុច​ព្រៃ​ខៀវ ភូមិរ​វ៉ា​ក់ ឃុំរ​យ៉ ស្រុក​កោះ​ញែក​ ។
សមត្ថកិច្ច​បន្ត​ថា នៅ​ពេល​នេះ​ ជំនាញ​នៅ​មិន​ទាន់​អាច​ ប្រាប់​ព័ត៌មាន​លំអិត​បាន​ទេ ព្រោះ​អាច​នៅ​មាន​អ្នក​ជាប់​ពាក់​ព័​ន្ធ​​ច្រើន​ទៀត ចឹ​ង​សូម​ឱ្យ​អ្នក​ព័ត៌មាន​រង់ចាំ​នៅ​ពេល​សមត្ថកិច្ច​ស្រាវជ្រាវ​បាន​ច្បាស់លាស់​សិន ដើម្បី​កុំ​ឲ្យ​មាន​វាយ​ស្មៅ​បង្អើល​ពស់​ ។​ ប៉ុន្តែ​នៅ​អំឡុង​ពេល​ឃាត់ខ្លួន​ជន​​ឈ្មោះ​កែវ វុ​ទ្ធី គេ​សង្កេត​ឃើញ​ថា ជន​នេះ​មាន​ឯកសារ​ដីធ្លី​រាប់រយ​សន្លឹក​ជាប់​តាម​ខ្លួន​ ។​ យ៉ាងណា​ដ៏​ដោយ​​ យើង​រង់ចាំ​ទទួល​ព័ត៌មាន​បន្ត​ពី​សមត្ថកិច្ច ​ដើម្បី​ផ្សាយ​បន្ថែម​នៅ​ពេល​ក្រោយ​ទៀត​ ។
គួររំលឹក​ថា ដី​ព្រៃរបស់​រដ្ឋ​រាប់​ពាន់​ហិច​តា ​ក្នុងស្រុក​កោះ​ញែក ត្រូវ​បាន​កាប់​បំផ្លាញ​យក​ជាក​ម្មសិ​ទ្ធិ​​ផ្ទាល់ខ្លួន ខណៈ​លេចឮ​ពី​ភាព​មិន​ប្រក្រតី​ថា ករណី​នេះ ​មាន​ជាប់​ពាក់​ព័​ន្ធ​​ជាមួយ​អាជ្ញាធរ​មូល​ដ្ឋាន ក្នុង​ការ​ឃុបឃិត​គ្នា​ជា​ប្រ​ព័ន្ធ​ រវាង​មេខ្យល់​ និង​អ្នកគ្រប់គ្រង​ក្នុង​តំបន់ ​។ ​ដី​ព្រៃ​ដែល​កំពុង​រង​នូវ​ការ​ កាប់​បំផ្លាញ​រាល់​ថ្ងៃនេះ ស្ថិត​នៅ​ចំនុច​ព្រៃ​ខៀវ ភូមិ​រ​វ៉ា​ក់ ឃុំ​រ​យ៉ ស្រុក​កោះ​ញ៉ែ​ក ដែល​រហូត​មក​ដល់​​បច្ចុប្បន្ន​នេះ បាន​ក្លាយទៅជា​វាល​រហោល​ឋាន​ មួយ​ផ្នែក​ទៅ​ហើយ ​។
សេចក្តីរាយការណ៍​ ពី​ប្រជាពលរដ្ឋ​ឲ្យ​ដឹង​ថា ​ក្នុងរយៈពេល​ជាង​មួយ​ខែ​មក​ហើយ ពួក​គាត់​តែងតែ​ឃើញ​ មាន​ប្រជាជន​ចំណាកស្រុក​ មក​ពី​ខេត្ត​ផ្សេង​ៗ​គ្នា ក្នុង​មួយ​ថ្ងៃ​ៗ​មាន​ពី១៥ ទៅ​២០នាក់​ បាន​ជិះ​រថយន្ដ​ និង​​ម៉ូតូ មាន​ភ្ជាប់​ដោយ​ម៉ាស៊ីន​អារឈើ កាំបិត ពូថៅ​គ្រប់​ៗ​ដៃ ចូល​មក​ចំណុច​ខាងលើ ។​ ពេល​ឃើញ​បែប​នេះ ពួក​គាត់​មានការ​ងឿងឆ្ងល់​ ក៏សួរ​ទៅ​បុរស​ម្នាក់​ថា ពួក​​បង​មកនេះ​ មក​ធ្វើ​អ្វី? បុរស​ចំណាកស្រុក​ក៏​ប្រាប់​ថា មក​កាប់​ព្រៃ​ដែល​ខ្ញុំ​ទិញ​ដី​ពី​លោកកែវ វុ​ទ្ធី ។
​ពលរដ្ឋ​បន្ត​ថា នៅ​ក្នុង​នោះ​ដែរ គេ​ឃើញ​លោកកែវ វុ​ទ្ធី បាន​ចាត់ចែង​មនុស្ស​ជំនិត​ក្រោម​ឱវាទ​របស់​ខ្លួន​ មាន​គ្នា៦​នាក់​ផ្សេង​ទៀត ដើម្បី​ឱ្យ​ដើរ​​វាស់វែង​ដី និង​កត់​ឈ្មោះ​ប្រមូលប្រាក់ពី​ប្រជាពលរដ្ឋ​ មក​ពី​ឆ្ងាយ​នោះ ដើម្បី​ទទួល​បាន​ចំណែក​ដីដែល​សុ​ទ្ធ​តែព្រៃ​ស្រោង ​និង​​ព្រៃរបោះ ។

ជនជាតិចិនស្រវឹងស្រា បើក​រថយន្ដ​បុករបាំងដែក របស់​សមត្ថកិច្ច​កំពុង ត្រួត​ពិនិត្យ​ជាតិស្រវឹង បាក់អស់២ផ្ទាំង​ (Video Inside)

សៅរ៍ ៣០ កក្តដា, ២០១៦ ០៩:៤៨
(ភ្នំពេញ)៖​ បុរសជនជាតិចិនម្នាក់​ ស្រវឹងជោគជាំ បានបើករថយន្ដបុករបាំងដែក របស់សមត្ថកិច្ចដែលកំពុងត្រួតពិនិត្យ ជាតិអាល់កុលតាមដងផ្លូវ​ បាក់អស់២ផ្ទាំង​ រួចបើករត់គេចខ្លួន​ តែត្រូវបានសមត្ថកិច្ចដេញចាប់បានវិញ។
ហេតុការណ៍នេះកើតឡើង នៅយប់ថ្ងៃទី២៩​ ខែកក្កដា​ ឆ្នាំ២០១៦នេះ​ តាមបណ្ដោយផ្លូវលេខ៥៩៨​ ស្ថិតក្នុងសង្កាត់​ទឹកល្អក់ទី១ ខណ្ឌទួលគោក​។
មន្ដ្រីនគរបាលចរាចរណ៍ ដែលនៅកន្លែងកើតហេតុ​បានឱ្យដឹងថា​ មុនពេលកើតហេតុកម្លាំងនគរបាលចរាចរណ៍ ខណ្ឌទួលគោក​ បានដាក់កម្លាំងត្រួតពិនិត្យ ជាតិអាល់កុលដូចសព្វមួយដង​ តែពេលកំពុងត្រួតពិនិត្យនោះ​ ស្រាប់តែមានរថយន្ដមួយគ្រឿងម៉ាក Luxes 330 ពាក់ស្លាកលេខ ភ្នំពេញ 2AE-9419​ ដែលបើកបរដោយបុរសជនជាតិចិនម្នាក់​ ក្នុងទិសដៅពីជើងទៅត្បូង​ លុះមកដល់ចំណុចខាងលើ​ ដោយសារតែអ្នកបើកបរស្រវឹង​ ក៏បានរេចង្កូតទៅបុករបាំងដែក របស់សមត្ថកិច្ចអស់២​ផ្ទាំង​ ធ្វើឱ្យសមត្ថកិច្ចរត់ចែកជើងគ្នា​ រួចអ្នកបើកបរបានបើករត់គេចខ្លួន​ តែត្រូវកម្លាំងសមត្ថកិច្ចនាំគ្នាដេញចាប់បានវិញ​។ បន្ទាប់មកជនបង្ក​ ត្រូវបានសមត្ថកិច្ចនាំខ្លួនទៅកាន់ការិយាល័យចរាចរណ៍ក្រុង ​ដើម្បីចាត់ការតាមច្បាប់៕


អត្ថប្រយោជន៍ សម្រាប់សុខភាព ដ៏អស្ចារ្យ របស់ផ្លែម្នាស់

សុក្រ ២៩ កក្តដា, ២០១៦ ១៦:១៥
ដោយ និមល
ផ្លែម្នាស់ គឺជាប្រភេទផ្លែឈើ រសជាតិឆ្ងាញ់បំផុត ប្រចាំតំបន់ត្រូពិច ជាយូរមកហើយ។ វាមិនត្រឹមតែ មានរសជាតិខុសប្លែកពីផ្លែឈើដទៃប៉ុណ្ណោះទេ វាក៏ត្រូវបាន គេមើលឃើញពី អត្ថប្រយោជន៍សម្រាប់សុខភាព ដ៏អស្ចារ្យជាច្រើនផងដែរ។ ផ្លែម្នាស់ អាចទទួលទាន ទាំងស្រស់ៗ យកទៅចំអិន និងពិសាជាទឹកផ្លែឈើទៀតផង។ សូម្បីតែ ស្លឹករបស់វា ក៏ត្រូវបានគេកែច្នៃ យកទៅប្រើប្រាស់ ជារូបភាពលើជញ្ជាំង និងពិដានផងដែរ។
# អាហាររូបត្ថម្ភ ដែលមានក្នុងផ្លែម្នាស់
ផ្លែម្នាស់ គឺជាឃ្លាំង នៃអត្ថប្រយោជន៍សុខភាព ដោយសារតែវាពោរពេញ ទៅដោយសារធាតុចិញ្ចឹម វីតាមីន សារធាតុរ៉ែ រួមទាំង សារធាតុប៉ូតាស្យូម ស្ពាន់ ម៉ង់កាណែស កាល់ស្យូម ម៉ាញ៉េស្យូម វីតាមីនC វីតាមីនB6 ក៏ដូចជា ជាតិសរសៃរលាយ និងមិនរលាយផ្សេងទៀត។ 
# អត្ថប្រយោជន៍សម្រាប់សុខភាព របស់ផ្លែម្នាស់
១. កាត់បន្ថយបញ្ហារលាកសន្លាក់
ម្នាស់ ត្រូវបានគេប្រើប្រាស់ជាប្រចាំ សម្រាប់កាត់បន្ថយបញ្ហារលាកសន្លាក់ និងសាច់ដុំ ជាពិសេស អ្នកដែលឧស្សាហ៍ រងបញ្ហារលាកសន្លាក់ញឹកញាប់។ នេះជាជំងឺ ដែលមានមនុស្សរាប់លានអ្នកជុំវិញពិភពលោក ជួបប្រទះ។ ផ្លែម្នាស់ មានផ្ទុកអង់ស៊ីម proteolytic (ឬ bromelain) ដែលជាសារធាតុកម្រ និងមានសម្ថភាពអាចបំបែក ជាតិប្រតេអ៊ីនស៊ាំញ៉ាំ និងការពារការរលាក នៅក្នុងរាងកាយបានផងដែរ។
២. ជួយសុខភាពជាលិកា និងកោសិកា
អត្ថប្រយោជន៍ ដែលគេតែងតែមើលរំលង គឺវីតាមីន C ដែលមានក្នុងផ្លែម្នាស់ ដើរតួនាទីយ៉ាងសំខាន់សម្រាប់ បង្កើតជាតិកូឡាជែន (collagen)។ ជាតិ collagen នេះគឺជាវីតាមីនដ៏មានសារៈសំខាន់ របស់សរសៃឈាម ស្បែក សរីរាង្គ និងឆ្អឹង។ កម្រិតជាតិវីតាមីន C ខ្ពស់ អាចជួយឲ្យរបួស ឆាប់ជាសះស្បើយ និងងាយការពារ ការឆ្លងមេរោគ និងជំងឺផ្សេងៗបានច្រើនទៀតផង។
៣. បង្ការជំងឺមហារីក
វីតាមីន C ប្រឆាំងអុកស៊ីតកម្ម ដែលមានក្នុងផ្លែម្នាស់ ជួយប្រយុទ្ធប្រឆាំង នឹងជំងឺមហារីក។ ម្នាស់ សម្បូរទៅដោយ សារធាតុប្រឆាំងអុកស៊ីតកម្មជាច្រើនប្រភេទ រួមមាន វីតាមីនA  បេតាការូទីន  Bromelain និងកម្រិតជាតិម៉ង់កាណែសខ្ពស់ ដែលអាចការពារជំងឺមហារីកផ្សេងៗ បានជាច្រើនប្រភេទ។ ផ្លែម្នាស់ ត្រូវបានគេទទួលស្គាល់ថា អាចជួយការពារ ជំងឺមហារីក មាត់ បំពង់ក និងសុដន់បាន។
៤. ជួយដល់ការរំលាយអាហារ
ម្នាស់ក៏ដូចជា ផ្លែឈើដទៃទៀតដែរ ដែលសម្បូរទៅដោយ ជាតិសរសៃ តែចំនុចពិសេសគឺ វាមានទាំងជាតិសរសៃដែលរលាយ និងមិនរលាយ។ នេះមានន័យថា ការទទួលទានផ្លែម្នាស់ អាចការពារអ្នកពីបញ្ហាសុខភាពជាច្រើន រួមមាន ការទល់លាមក រាគ រលាកពោះវៀន ស្ទះសរសៃឈាម ឈាមកក និងបញ្ហាសម្ពាធឈាមខ្ពស់។
៥. ព្យាបាលក្អក និងផ្តាសាយ
វីតាមីន C របស់ផ្លែម្នាស់ ជួយឲ្យប្រព័ន្ធភាពស៊ាំកាន់តែរឹងមាំ។ ក្នុងនោះដែរ អង់ហ្ស៊ីមពិសេសឈ្មោះ Bromelain ក៏ជួយកាត់បន្ថយស្លេស និងសំបោរ ដែលមានក្នុងបំពង់ក និងឆ្អឹងច្រមុះផងដែរ។ វាជួយការពារអ្នកពីជំងឺ ដែលធ្វើឲ្យអ្នកឡើងស្លេស និងសំបោរ ក៏ដូចជា ជួយកម្ចាត់ពួកវាចោល នៅពេលដែលអ្នកកំពុងតែឈឺ ឲ្យជាសះស្បើយឆាប់រហ័ស ទៀតផង។
៦. ជួយដល់សុខភាពឆ្អឹង
ទោះបីជា ផ្លែម្នាស់ មិនសម្បូរជាតិកាល់ស្យូម ដែលជាសារធាតុធ្វើឲ្យឆ្អឹងមានភាពរឹងមាំក៏ពិតមែន ប៉ុន្តែវាមាន សារធាតុម៉ង់កាណែសច្រើន ដែលជាសារធាតុរ៉ែ ដ៏សំខាន់មួយទៀត ជួយឲ្យឆ្អឹងមានភាពរឹងមាំបានដូចគ្នា។ ជាងនេះទៅទៀត វាជួយឲ្យឆ្អឹងលូតលាស់ និងប៉ះប៉ូវវិញបានទៀតផង។ 
៧. រក្សាសុខភាពមាត់
ជាមួយនឹង សារធាតុប្រឆាំងអុកស៊ីតកម្ម ដែលប្រយុទ្ធប្រឆាំង នឹងជំងឺមហារីកមាត់នោះ ម្នាស់ក៏ជួយពង្រឹងអញ្ចាញធ្មេញ មិនងាយធ្វើឲ្យធ្មេញបាក់។ ផ្លែម្នាស់ មានសមត្ថភាពដ៏អស្ចារ្យនិងត្រូវបានគេចាត់ទុកថា ជាឱសថធម្មជាតិ ជួសជុលធ្មេញ ដែលរង្គើ និងបញ្ហាអញ្ចាញធ្មេញមិនរឹងមាំ។
៨. ជួយសុខភាពភ្នែក
ចក្ខុ គឺជាញាណ ដែលសំខាន់ជាងគេបំផុតសម្រាប់មនុស្ស។ ផ្លែម្នាស់ អាចជួយដល់សុខភាពភ្នែក និងការពារភាពចុះខ្សោយនៃភ្នែក តាមអាយុទៀតផង។ មនុស្សដែលមានវ័យចំណាស់ ច្រើនតែជួបបញ្ហា មើលមិនច្បាស់ ហេតុនេះ សារធាតុ Beta carotene នៅក្នុងម្នាស់អាចជួយពន្យាបញ្ហាភ្នែកមើលមិនច្បាស់នេះបាន។ ចាប់ផ្តើមឧស្សាហ៍ទទួលទានម្នាស់ ពីថ្ងៃនេះតទៅ! នោះអ្នកនឹងមិនចាំបាច់បារម្ភ បញ្ហាភ្នែក នៅពេលចាស់ទៅឡើយ។
៩. ជួយចលនាឈាម និងបញ្ហាសម្ពាធឈាម
ជាតិប៉ូតាស្យូម និងជាតិរ៉ែផ្សេងៗ នៅក្នុងផ្លែម្នាស់ ជួយបន្ថយសម្ពាធឈាម និងធ្វើឲ្យចលនាឈាមរត់បានប្រក្រតី។ វាជួយការពារ ការស្ទះ និងការកកឈាម។ ជាងនេះទៅទៀត សារធាតុទង់ដែង របស់ម្នាស់ជួយធ្វើឲ្យកោសិកាឈាមក្រហម មានសុខភាពល្អ ដែលបណ្តាលឲ្យកើនឡើងនូវអុកស៊ីសែន និងដំណើរការបានប្រក្រតី ដល់ប្រព័ន្ធសរីរាង្គដទៃទៀត។
១០. ការពារការជ្រុះសក់ និងធ្វើឲ្យក្រចកមិនងាយបាក់
អ្នកអាចធ្វើឲ្យក្រចក និងសក់របស់អ្នកស្រស់ស្អាតបានដោយ កិនយកទឹករបស់ម្នាស់ ១ ស្លាបព្រាបាយ ស៊ុតក្រហម ១ ទឹកក្រូចឆ្មារ ១ ស្លាបព្រាបាយ និងប្រេងក្រូចឆ្មារ ២ ដំណក់ លាយចូលគ្នា រួចយកមកលាបលើក្រចក និងគល់សក់របស់អ្នក។ អ្នកអាចប្រើ ញឹកញាប់តាមចំនូលចិត្ត ដើម្បីឲ្យ ក្រចកស្រស់ស្អាត និងមិនមានបញ្ហាសក់ជ្រុះ។
១១. ជួយថែរក្សាស្បែក
អ្នកអាចលាបទឹកម្នាស់ នៅលើផ្ទៃមុខ ទុករយៈពេល ១០ នាទី រួចលាងសម្អាតចេញ។ អ្នកក៏អាចចិត ម្នាស់ស្រស់ជាចំនិតៗ មកបិទលើស្បែក ដើម្បីកម្ចាត់ស្បែកចាស់ៗ នឹងសម្រួលចលនាឈាមរត់លើផ្ទៃមុខផងដែរ។ ជាងនេះទៅទៀតអ្នកអាចយក ចំនិតម្នាស់ ទៅដុសកែងជើងក្រិនបានទៀតផង ដើម្បីជួយបន្ទន់ស្បែក និងកម្ចាត់ស្បែកចាស់ៗ ក៏ដូចជាការពារមិនឲ្យប្រេះកែងជើង ផងដែរ។
# បញ្ហាដែលអាចកើតមានពី ការទទួលទានម្នាស់
ដោយសារតែជាតិ Bromelain របស់ម្នាស់ ជាអង់ហ្ស៊ីម ដែលអាចបំបែកអាហាររឹងៗបាន ហេតុនេះ ប្រសិនបើអ្នកទទួលទានម្នាស់ច្រើនពេក អ្នកអាចបបូរមាត់ អញ្ចាញ និងអណ្តាត រងការស្ពឹក ឬស្កាត ជាមិនខាន។ Bromelain និងវីតាមីន C មិនអាចទទួលទានលើសកំណត់បានទេ។ ដូច្នេះ បើនៅតែបន្តទទួលទាន លើសកំណត់នោះ អ្នកអាចនឹងក្អួត រាគ និងឈឺក្បាល មិនខាន។ ដូចគ្នានេះផងដែរ សារធាតុ Bromelain ជំនួយដល់ការមករដូវ ហេតុនេះស្ត្រីដែលមានផ្ទៃពោះ ត្រូវចៀសវាងទទួលទានម្នាស់ច្រើនពេក។ ក្នុងករណីកម្រខ្លះ អាចធ្វើឲ្យរលូតកូនទៀតផង៕ 
ប្រភព៖ Organic Facts | Lifehack

នៅតែមានការ នាំចូលសាច់ខូចគុណភាព! មន្រ្តីកាំកុង​ត្រូល ចាប់សាច់មាន់ខូចគុណ​ភាព១២០Kg យកទៅដុត​កម្ទេចចោល

សុក្រ ២៩ កក្តដា, ២០១៦ ១៦:១៤
(បន្ទាយមានជ័យ)៖ សាច់មាន់ ថ្លើមមាន់ និងជង្គង់មាន់ខូចគុណភាព ដែលធ្វើឲ្យមានការប៉ះពាល់ដល់សុខភាព ប្រជាពលរដ្ឋយ៉ាងធ្ងន់ធ្ងរនោះ ត្រូវបានមន្រ្តីសាខាកាំកុងត្រូល ខេត្តបន្ទាយមានជ័យ បើកប្រតិបត្តិការចុះ​ទៅចាប់ដកហូត បានចំនួន១០កញ្ចប់ធំ ដែលស្នើនឹង១២០គីឡូក្រាម ស្ថិតនៅផ្សាររ៉ា ក្រុងប៉ោយប៉ែត។
លោក ហុង លាង អនុប្រធានសាខាកាំកុងត្រូល ទទួលបន្ទុកស្ថិតិ និងទីផ្សារ បានប្រាប់អង្គភាព Fresh News នៅរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦នេះថា «សាច់មាន់ ថ្លើមមាន់ និងជង្គង់​មាន់​ចំនួន១២០​គីឡូក្រាម ត្រូវបានយើងដកហូត បានពីការនាំចូលមកពីប្រទេសថៃ តាមរយៈក្រុមកម្មករ អូសរទេះ នៅវេលាម៉ោងជាង​៨ព្រឹកមិញ ហើយនៅវេលា​ម៉ោងជាង១​រសៀលថ្ងៃនេះ យើងបានសហការ​ជាមួយនគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួង​មហាផ្ទៃ និងមន្រ្តីគយ នៅតាមព្រំដែនយកទៅដុតកម្ទេចចោល នៅកាស៊ីណូផ្កាយ៥»
លោក ហុង លាង បានបញ្ជាក់ថា ក្រោមការណែនាំពីលោក ស៊ាន ស៊ីណាត ប្រធានសាខាកាំកុងត្រូលខេត្ត មន្រ្តីរបស់យើងបានខិតខំយ៉ាងខ្លាំង សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធបន្តចុះ ស្រាវជ្រាវជាប្រចាំចំពោះ ការលួចនាំចូលសាច់ខូចគុណភាព ពីព្រោះនេះបានធ្វើឲ្យមានការប៉ះពាល់​យ៉ាងខ្លាំងដល់សុខភាព​ប្រជាពលរដ្ឋទូទៅ៕

Tuesday, July 26, 2016

កម្លាំងនគរបាលអន្ដោប្រវេសន៍ បន្ដឃាត់ខ្លូនជនជាតិវៀតណាម៥៧នាក់ ពីបទរស់នៅ និងធ្វើការខុសច្បាប់

អង្គារ ២៦ កក្តដា, ២០១៦ ១៤:៣៤
(ភ្នំពេញ)៖ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានសហការជាមួយស្នងការរដ្ឋាននគរបាលរាជធានីភ្នំពេញ ខណ្ឌដង្កោ ដែលដឹកនាំដោយលោក សៀង សុខ ជាព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យជនជាតិវៀតណាម ៥៧នាក់ លួចឆ្លងដែនមកស្នាក់នៅគ្មានលិខិតឆ្លងដែន ធ្វើការងារខុសច្បាប់ និងគ្មានប័ណ្ណការងារ​​ នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦នេះ។
លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសិឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានឲ្យដឹងថា ជនជាតិវៀតណាមទាំង៥៧នាក់នេះ ត្រូវបានឃាត់ខ្លូននៅចំណុចផ្ទះជួលលេខ​ ៤៣៤ ៣២១ ៣២៥ ផ្លូវលេខ៣ PCD ស្ថិតក្នុងភូមិថ្មី​ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ក្នុងនោះ៤៦នាក់ វីសាអឺ នៅមានសុពលភាព ប៉ុន្ដែមិនមានប័ណ្ឌការងារ និង១១នាក់ផ្សេងទៀត មិនមានលិខិតឆ្លងដែន។ ក្រោយពីឃាត់ខ្លូនជនជាតិវៀតណាមទាំងអស់នេះ ត្រូវបានបញ្ជូនទៅអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ដើម្បីសាកសួរបន្ដ និងអនុវត្តតាមនីតិវិធី៕

បញ្ចុះសព​បណ្ឌិត កែម ឡី ព្រោះ​មិន​អាច​បន្ត​តម្កល់​បាន

LINE it!
អង្គារ ២៦ កក្តដា, ២០១៦ ១៥:៤៦
ខេត្តតាកែវ ៖ សំឡេង​ទ្រហោយំ​ពី​សំណាក់​ប្រពន្ធ​កូន​សាច់ញាតិ​ក្រុម​គ្រួ​សារបាន​លាន់ឮ​ឡើង ​គួរ​ឱ្យ​សង្វេគ​បំផុត ព្រមទាំង​ការ​ក្តុកក្តួល​ពី​អ្នកចូលរួម ខណៈ​ពេល​ដែល​សព​លោក​បណ្ឌិត កែម ឡី ត្រូវ​បាន​លើកដាក់​ចូល​មឈូស​នៅ​ថ្ងៃ​ទី​២៥ កក្កដា ដែល​ជា​ថ្ងៃ​ទី​២បន្ទាប់​ពី​ការ​ដង្ហែ​សព​មក​ដល់​ផ្ទះ​របស់​លោក កាលពី​ល្ងាច​ថ្ងៃ​ទី​២៤ កក្កដា នៅ​ភូមិ​អង្គ​តា​កុប​ឃុំ​លាយ​បូរ ស្រុក​ត្រាំកក់ ដែល​មាន​មនុស្ស​ចូលរួម​ដង្ហែ​សព​ក្លាយជា​សមុទ្រ​មនុស្ស​ស្ទើរតែ​ស្មាន​មិន​ ដល់ មាន​ចំនួន​រាប់​ម៉ឺន​រាប់​សែន​នាក់ មិន​អាច​គណនា​បាន ។ ការ​លើកសព​ចេញពី​មឈូស​ត្រជាក់​ក្នុង​កញ្ចក់​ដាក់​ចូល​មឈូស​ថ្មី​ដ៏​ប្រណីត ដើម្បី​បញ្ចុះ​នេះ បន្ទាប់​ពី​ស្ថានភាព​នៃ​សព​ដែល​បាន​តម្កល់​អស់​រយៈពេល​កន្លះ​ខែ បន្ទាប់​ពី​ការ​បាញ់ប្រហារ​ដោយ​ឃាតករ​មាន​សភាព​ប្រែប្រួល មិន​អាច​បន្ត​តម្កល់​បាន​តាម​ការ​គ្រោងទុក ។
ក្រុម​គ្រួសារ​សព​លោក​ បណ្ឌិត កែម ឡី បាន​និយាយ​ថា នៅ​ថ្ងៃ​ទី​២៥ កក្កដា ២០១៦ ជា​ថ្ងៃ​ចុង​ក្រោយបង្អស់ ដែល​យើង​ទាំងអស់​គ្នា​លែង​បានឃើញ​មុខ​លោក​បណ្ឌិត​ទៀត​ហើយ ព្រោះ​ជា​ថ្ងៃ​បញ្ចុះសព​នៅ​ក្នុង​ឧម្មង្គ ដែល​បាន​ធ្វើ​ត្រៀម​បម្រុង​ទុក​ក្នុង​បរិវេណ​លំនៅ​ឋាន ព្រមទាំង​មាន​គម្រោង​សង់​ជា​កំពូលចេតិយ​គ្រប​ពីលើ​ទៀត​នៅ​ថ្ងៃក្រោយ ។
ក្រុម​គ្រួសារ​សព​បាន​បន្ត​ទៀត​ថា បើ​តាម​ហោរា​ចិន​បាន​ប្រាប់​ថា សព​លោក​បណ្ឌិត កែម​ឡី ត្រូវ​បាន​រៀបចំ​ទៅ​តាម​ការ​គន់គូរ​ជើង​លេខ គឺ​នៅ​ម៉ោង​៩​និង​៥០​នាទី​ព្រឹក សព​ត្រូវ​តែ​លើក​ចេញពី​មឈូស​កញ្ចក់​ដាក់​ក្នុង​មឈូស​ឈើ​ប្រណីត ។
ការ​លាគ្នា​ជា​ចុង​ក្រោយ​ពិតជា​បង្កើត​ឱ្យ​មានទុក្ខ​វិយោគ​ធំធេង​ណាស់ ទុក្ខ​ធំ​គ្មាន​ពីរ ដែល​មិន​អាច​ពណ៌នា​បាន​សម្រាប់​ម្តាយ ប្រពន្ធ កូន និង​សាច់ញាតិ​អុជ​ធូប​សែនព្រេន តាម​ពេលវេលា​កំណត់ ដែល​មិន​ចង់ឱ្យ​ពេលវេលា​ដល់​ឆាប់​ទេ​។ នៅ​ក្នុង​ថ្ងៃ​បញ្ចុះសព​វិញ ឃើញ​វត្តមាន​លោក ឃី​វណ្ណ​ដេ​ត តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​អញ្ជើញ​ចូលរួម ចំណែក​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ អត់​មាន​ឃើញ​មក​ចូលរួម​ទេ គឺ​មាន​តែ​អ្នក​ភូមិ​ជិត​ឆ្ងាយ​លោកតា​លោកយាយ​ក្នុង​ខេត្ត​មក​ចូលរួម​តែ​ ប៉ុណ្ណោះ ។
លោក ភោគ សំបូរ ដែល​ត្រូវជា​បងជីដូនមួយ​លោក​បណ្ឌិត កែម ឡី បានឱ្យ​ដឹង​ថា យើង​បាន​ពិភាក្សា​គ្នា បន្ទាប់​ពី​ពិនិត្យ​ឃើញ​ថា ស្ថានភាព​សព​លោក​បណ្ឌិត​មាន​សភាព​ប្រែប្រួល​ខ្លាំង ធុំក្លិន​ទៅ​ហើយ​នោះ ធ្វើ​ឱ្យ​បំណង​ដែល​យើង​ចង់​តម្កល់សព​ទុក​ធ្វើបុណ្យ​បាន​៤​ទៅ​៥​ថ្ងៃ​ទៀត តែ​យើង​មិន​អាច​ទុក​បាន ទើប​ឱ្យ​ហោរា​ទស្សន៍​ទាយ​បាន​មើលឃើញ​ថា សព​លោក​បណ្ឌិត​ដល់​ពេលវេលា​នឹង​ត្រូវ​បញ្ចុះ​នៅ​ថ្ងៃ​ទី​២៥ កក្កដា វេលា​ម៉ោង​១១​ព្រឹក ជា​កំណត់​។ ពី​កន្លែង​តម្កល់សព​មាន​ប្រវែង​ជាង​២០​ម៉ែត្រ​ពី​លំនៅ​ឋាន​។ ចំណែក​ក្បាល​សព​ត្រូវ​បែរ​ទៅ​ទិស​ខាងត្បូង​ចំ​ខ្លោង​ទ្វាររបង​ផ្ទះ​ជា​ ច្រកចូល ។ ចំពោះ​សម្ភារ​របស់​លោក​បណ្ឌិត​មាន​រថយន្ដ ទូរស័ព្ទ ខោអាវ និង​សម្ភារ​ផ្សេង​ៗ​ទៀត ត្រូវ​រក្សា​ទុក​បែប​ណា​នោះ លោក​មិន​ទាន់​ដឹង​នៅឡើយ​ទេ សំខាន់​យើង​ពិភាក្សា​គ្នា​ជាមួយ​ភរិយា​លោក​បណ្ឌិត និង​គណៈកម្មការ​បុណ្យ ។
លោក សំបូរ បាន​បន្ត​ទៀត​ថា ចំពោះ​ព័ត៌មាន​ថ្មី​បែប​ណា​នោះ លោក​នឹង​ផ្ដល់​ជូន​ជំនួស​មុខ​ឱ្យ​ភរិយា កូន ក្រុម​គ្រួសារ​នៃ​សព ។ ជំនួស ​ឱ្យ​ក្រុម​គ្រួសារ​សព លោក​ភោគ សំបូរ បាន​គោរព​ថ្លែងអំណរគុណ​ដល់​បងប្អូន​ជនរួមជាតិ​គ្រប់​មជ្ឈដ្ឋាន ដែល​គោរព​ស្រឡាញ់​ចំពោះ​លោក​បណ្ឌិត ដោយ​បាន​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​តាំងពី​សព​លោក​ បណ្ឌិត​បាន​តម្កល់​ធ្វើបុណ្យ​នៅ​វត្ត​ចាស់ សង្កាត់​ជ្រោយចង្វា​រាជធានី​ភ្នំពេញ រហូត​ចូលរួម​ដង្ហែ​សព​លោក​បណ្ឌិត​មក​ដល់​ផ្ទះ​មាន​ចំនួន​រាប់​សែន​នាក់ និង​ប្រភព​ខ្លះ​ថា​ជិត​២​លាន​នាក់​ឯណោះ ដែល​បាន​ចូលរួម​រហូត​ដល់​ថ្ងៃ​ចុង​ក្រោយ ។
លោក​បណ្ឌិត កែម ឡី ពិតមែន​ទទួលមរណភាព ប៉ុន្តែ​កិត្តិយស កិត្តិ​ស័ព្ទ​របស់​លោក​ស្ថិត​នៅ​ក្នុង​បេះដូង ក្នុង​អារម្មណ៍​ប្រជាជាតិ​កម្ពុជា និង​បរទេស​រាប់​សែន​រាប់​លាន​នាក់ មិន​អាច​បំភ្លេច​បាន​ឡើយ ៕
ប្រភព ៖ កោះសន្តិភាព

ទោះ សាត រស្មី ផ្ទុះរឿងអាស្រូវ យ៉ាងណា​ ក៏រូបនាងនៅតែផ្អែមល្ហែម ជាមួយគូស្នេហ៍ថ្មី!

អង្គារ ២៦ កក្តដា, ២០១៦ ១៤:៣៦
ដោយ និកា
ភ្នំពេញ៖ ក្រោយផ្ទុះរឿងអាស្រូវចាស់ រវាងអតីតអ្នកប្រដាល់ និងតារាកំប្លែង លោក ជា ស្រួច ជាមួយនឹងតារាស្រី សាត រស្មី ដែលត្រូវបានគេដឹងថា ពួកគេទាំងពីរនាក់ ជាអតីតប្តីប្រពន្ធនឹងគ្នារួចមក អ្នកគាំទ្រសង្កេតឃើញថា រូបនាងហាក់ដូចជាមិនឈឺក្បាលវិលមុខ ទៅលើព័ត៌មាននេះប៉ុន្មានទេ។
បើតាមការបែកធ្លាយ ត្រូវគេដឹងថា តារាសម្តែងស្រីរូបស្រស់ ដែលទើបចូលសិល្បៈ សាជាថ្មី សាត រស្មី ជាអតីតប្រពន្ធ របស់លោក ជា ស្រួច ប៉ុន្តែដោយសារតែអំណាចនៃទឹកប្រាក់ របស់កូនប្រុសលោកឧកញ៉ាម្នាក់ បានអូសទាញនាង ឲ្យថ្លើមធំហ៊ានក្បត់ស្វាមីដែលធ្លាប់ស្រលាញ់ និងកម្សត់កម្រជាមួយគ្នា។ ពេលលោក ជា ស្រួច ដឹងរឿងនេះភ្លាម បានធ្វើឲ្យលោកខូចចិត្ត ជ្រើសយកផ្លូវចុះចោលផ្ទះ ដើម្បីគេចចេញពីភាពអាម៉ាសទាំងអស់នេះ។ លោក ជា ស្រួច បានធ្លាក់ខ្លួនធ្វើជាកម្មករសំណង់ នៅក្នុងខេត្តមណ្ឌលគីរី រតនៈគីរី និងចុងក្រោយក្លាយជាកម្មករអូសរទេះដឹកទំនិញ នៅតំបន់ជាយដែនក្រុងប៉ោយប៉ែត។ ខ្សែជីវិតរបស់អតីតកីឡាករធ្លាប់ល្បីឈ្មោះ លោក ជា ស្រួច ក៏ត្រូវបានមហាជន ស្ទើរតែភ្លេចបាត់ទៅហើយ ព្រោះលោកបានចាកចេញពីជីវិតជាអ្នកប្រដាល់ និងជីវិតជាតារាសម្ដែង អស់រយៈពេលជាង១០ឆ្នាំមកហើយ។ 
ចំពោះរឿងរ៉ាវទាំងនេះ តារាស្រីស្រស់ស្អាត សាត រស្មី ក៏មិនបានអើពើច្រើននោះដែរ ប្រហែលជារូបនាង គិតថាគ្រាន់តែជារឿងអតីតមួយ ដែលនាងបានកប់ចោលជាយូរឆ្នាំមកហើយ។
កាលពីប៉ុន្មានម៉ោងមុននេះបន្តិច រូបនាង ក៏បានបង្ហោះសារផ្អែមល្ហែម ទៅកាន់គូស្នេហ៍ថ្មី របស់នាង ក្នុងហ្វេសប៊ុក ដោយសរសេរថា "អរគុណបងសម្លាញ់ ទោះជាអូនមានរឿងអីក៏ដោយ ក៏អត់ទៅណាចោលអូន នៅក្បែរចាំជួយលើកទឹកចិត្តអូនរហូត ស្រលាញ់អ្នកជារៀងរហូត"
ចំពោះតារាស្រី សាត រស្មី បានមានទំនាក់ទំនង ជាមួយនឹងបុរសវ័យក្មេង រូបសង្ហារ ដែលឈ្មោះលី ជាយូរឆ្នាំណាស់មកហើយ។ ជាពិសេស បើតាមគេដឹង គឺគូស្នេហ៍របស់នាង ជាអាណិកជន កំពុងរស់នៅសហរដ្ឋអាមេរិក តែគ្មានអ្នកណាដឹងថា រូបលោក មានការងារ និងមុខរបរអ្វីនោះទេ។ ហើយបើតាមសង្កេតមើល តារាស្រី សាត រស្មី ស្រលាញ់មិត្តប្រុសនាងខ្លាំងណាស់ រហូតហ៊ានសាក់ឈ្មោះរូបលោក នៅលើស្មារបស់នាងទៀតផង ដោយដាក់ថា "Ly is myeverything" (លីជាអ្វីគ្រប់យ៉ាងរបស់ខ្ញុំ)៕
តើប្រិយមិត្តយល់យ៉ាងណាដែរ? 
តារាស្រី​ សាត រស្មី

Monday, July 25, 2016

ភិន សុដាលីស ចាត់​ទុក​ទង្វើ​របស់ ប៉ែន ចំរ៉ុង ដែល​​ធ្វើ​ឡើង​​ចំពោះ​​ខ្លួន​ថា អាចជា​ការ​​សង​សឹក​​ដល់​​ឪពុក​​របស់​​នាង ​​

(ភ្នំពេញ)៖ អ្នកនាង ភិន សុដាលីស នៅរសៀលថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០១៦នេះ បានបើកសន្និសីទកាសែតមួយ បកអាក្រាតស្បែកមុខពិត លោក ប៉ែន ចំរុង អតីតស្វាមីឥតខាន់ស្លា ដែលបានដាក់ពាក្យប្ដឹងលែងលះទៅកាន់តុលាការ រហូតតុលាការចេញ​ចេញសាលដីកា លែងលះជាស្ថាពរ​កាល​ពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦កន្លង​ទៅថ្មីៗនេះ។ ការធ្វើសន្និសីទ​កាសែត​​​​របស់ អ្នកនាង ភិន សុដាលីស ធ្វើឡើង​មិនប៉ុន្មាន​ថ្ងៃ​​​ ក្រោយពី​តុលាការ​បានប្រកាសសាលដីកា​​ជាស្ថាពរ ពីការ​លែងលះ​គ្នា រវាង អ្នកនាង ភិន សុដាលីស ជាមួយ លោក ប៉ែន ចំរ៉ុង។
អ្នកនាង ភិន សុដាលីស បានបញ្ជាក់នៅ​ក្នុង​សន្និសីទសារព័ត៌មានថា ទាក់ទងនឹងនឹងបណ្តឹងលះលែង រួមនិងទង្វើសព្វគ្រប់សារពើរបស់ លោក ប៉ែង ចំរ៉ុងធ្វើដាក់មកលើរូបនាង គឺនាងសន្និដ្ឋានថា នេះ អាចជាការសងសឹកលោក អ៉ិន សុភិន ជាឪពុកបង្កើតរបស់នាង  ដែលបានប្រើអំពើហិង្សា ដាក់លើលោក ប៉ែន ចំរុង ឲ្យលោក​ខ្មាសគេ ខណៈដែលអ្នកទាំងពីរ កំពុងទាក់ទងគ្នា។
ទាក់ទងនឹងពាក្យបណ្តឹង​លែងលះ របស់លោក ប៉ែន ចំរ៉ុង ដាក់ទៅតុលាការ អ្នកនាង ភិន សុដាលីស បានបញ្ជាក់ថា នាងមិនបានដឹងខ្លួន​ជាមុននោះទេ រហូតដល់តុលាការ បានកោះហៅរូបនាង ទើបនាងបានដឹងថា លោក ប៉ែន ចំរ៉ុងលែងមែនទែន ហើយក៏មិននឹកស្មានដល់សោះថា ​ចំរ៉ុង ហ៊ានធ្វើដល់ថ្នាក់នេះ។
តាមការបកស្រាយ នៅក្នុងសន្និសីទនៅរសៀលនេះ អ្នកនាង ភិន សុដាលីស  បានឆ្លើយរាល់សំណួរបស់អ្នកសារព័ត៌មាន ទាក់ទងនឹងទំនាក់ទំនង​របស់នាង ជាមួយ លោក ប៉ែន ចំរ៉ុង ដែលឈាន ដល់ការលែងលះនេះ។ ប៉ុន្តែ​ការបកស្រាយរបស់ អ្នកនាង ភិន សុដាលីស ហាក់ដូចជា បង្ហាញអារម្មណ៍សប្បាយចិត្ត មិនមានជាគំនាបអ្វីឡើយ។
ភិន សុដាលីស បានឲ្យដឹងទៀតថា ការរស់នៅជាមួយ ប៉ែន ចំរ៉ុង រយៈពេលជិតមួយឆ្នាំនេះ គឺនាងហាក់ទទួលរ៉ាប់រងច្រើន ព្រោះចំណូលដែលបានមកត្រូវផ្គត់ផ្គង់ដល់ក្រុមគ្រួសារ ខណៈដែលពេលនាងរស់​នៅក្នុងផ្ទះនោះ គឺមានសមាជិក​រហូតដល់ទៅ៥នាក់​ឯណោះ។ អ្វីដែលនាងសង្កត់ធ្ងន់ជាងនេះ គឺចាប់តាំងពីដឹងថា នាងមានកូនក្នុងផ្ទៃមក ប៉ែន ចំរ៉ុង ចាប់ផ្ដើមមានអត្តចរឹតប្លែកៗ ព្រងើយកន្តើយដាក់រូបនាង រហូតដល់ថ្នាក់ប្ដឹងលែងលះ។ ដាលីសនិយាយថា តាំងពីដំបូងឡើយ ពេលនាងចេញវិដេអូឃ្លីបវាយប្រហារឪពុករបស់ខ្លួន ក៏ជាការរៀបចំ និងឲ្យគំនិតពីលោក ប៉ែន ចំរ៉ុង មកដែរ ព្រោះតែនាងស្រឡាញ់ជឿទុកចិត្តខ្លាំងពេក។
អ្វីដែលនាង ភិន សុដាលីស ហួសចិត្តបំផុតនោះ គឺនៅពេលតុលាការសួរ លោក ប៉ែន ចំរ៉ុង ទាក់ទងនឹងកូនក្នុងផ្ទៃរបស់នាង គឺចម្លើយរបស់ ចំរ៉ុង ធ្វើឲ្យតុលាការស្រងាកចិត្ត ព្រោះលោកមិនច្បាស់សោះថា កូនក្នុងផ្ទៃនេះ ជាកូនរបស់លោក។ ត្រូវចំណុចនេះ ត្រូវបាន ដាលីស គិតថា លោក ប៉ែន ចំរ៉ុង កំពុងតែចោទនាងថា មានសាហាយស្មន់ជាមួយអ្នកផ្សេង ទើបយកលេសលែងលះ។ ក៏ប៉ុន្តែហេតុអ្វីបានជាសុំផ្ដល់អាហារកិច្ចដល់កូន ពេលសាលដីកាចេញជាស្ថាពរ បើគិតថា កូននេះលោកមែនជាកូនរបស់ខ្លូន។
ដាលីសនិយាយថា« កាលពីតុលាការកោះហៅខ្ញុំដំបូង ខ្ញុំបានសម្រេចថា ខ្ញុំមិនលែងគាត់ជាដាច់ខាត ព្រោះខ្ញុំអាណិតកូន ហើយក៏ចិត្តមិនដាច់ពីគាត់ដែរ ប៉ុន្តែក្រោយពីកោះហៅជាលើកទី១ រួចមក ខ្ញុំឃើញទង្វើរបស់គាត់កាន់តែអសក្រក់ទៅៗ ពីមួយថ្ងៃទៅមួយថ្ងៃ ទើបខ្ញុំសម្រេចថា មិនអាចវិលត្រឡប់វិញ បានឡើយ។ ម្យ៉ាងទៀត គាត់ចង់ផ្ដល់អាហារកិច្ចដល់កូន ខ្ញុំថាមិនបាច់ទេ កុំឲ្យជាប់កម្មជាប់ពារ ឡានមួយហ្នឹងយកទៅ ខ្ញុំយកកូន ហើយកុំខ្លាចថា ខ្ញុំគ្មានលទ្ធភាពចិញ្ចឹងកូន»
យ៉ាងណាមិញ លោក ប៉ែន ចំរ៉ុង គឺជាតារាសម្ដែងមួយដួង ដែលល្បីឈ្មោះនៅក្នុងប្រទេសកម្ពុជា ពោលគឺលោកពូកែសម្ដែងណាស់។ ដូច្នេះរឿងរ៉ាវដែល បានកើតឡើង ជាមួយ ភិន សុដាលីស កន្លងមក ត្រូវបាននាង គិតថា ជាការសម្ដែងមួយរបស់លោក ប៉ែន ចំរ៉ុង ប៉ុន្តែការសម្ដែងនេះ បានបន្សល់ទុកនូវកេរ្តិ៍ឈ្មោះ អសោចន៍ និងធ្វើឲ្យនាងបាន​ដឹងពីមុខមាត់ពិត ចារឹតពិត និងទង្វើគ្រប់បែប​យ៉ាងរបស់ ប៉ែន ចំរ៉ុង ។
ទោះបីជាយ៉ាងណា សន្និសីទដែលបានធ្វើឡើង នៅថ្ងៃនេះ គឺត្រូវបានអ្នកនាង ភិន សុដាលីស បញ្ជាក់ថា ក្នុងគោលបំណងសុំទោសឪពុករបស់នាង ក្រុមគ្រួសារ និងដល់មហាជនទូទៅ ដែលនាងបានសម្រេចចិត្តដើរខុសផ្លូវ នាពេលកន្លងមក ដោយនាងបានដឹងពីកំហុសខ្លួនឯង ហើយក៏ស​ម្រេចចិត្តត្រឡប់មក​រស់នៅក្នុងផ្ទះវិញ ជាមួយគ្រួសារ។ ទោះបីជាមានការលែងលះ និងត្រូវបែកបាក់គ្នា កូនកើតមកគ្មានឪពុកហៅក្ដី ប៉ុន្តែ ភិន សុដាលីស ហាក់មិន​បង្ហាញកាយវិកាពិបាកចិត្ត ឈឺចិត្ត ដេកព្រួយព្រោះតែរឿងនេះឡើយ ពោលគឺមានតែសប្បាយចិត្តទៅវិញ៕