ពុធ ០៥ តុលា, ២០១៦ ០៨:៣២
(ភ្នំពេញ)៖ ក្រោយពីផ្តើមសាងសម្ព័ន្ធភាពស្នេហា អស់យៈពេលជាង២ឆ្នាំមកនេះ ជារឿយៗគេតែងឃើញគូស្នេហ៍ ស្ថិតនៅរង្វង់សិល្បៈដូចគ្នា រវាងកញ្ញា គង់ ចាន់រដ្ឋា និងលោក ស៊ិន សុភា បង្ហាញពីភាពផ្អែមល្ហែមស្នេហ៍ ជាមួយគ្នាជាប្រចាំ។ ជាពិសេស គេក៏តែងសង្កេតឃើញ រាល់ការចូលរួមកម្មវិធីតូច-ធំនានា គូស្នេហ៍មួយគូនេះ តែងបណ្តើរដឹកដៃគ្នា យ៉ាងត្រសង ពុំដែលលោះពេល ម្តងណាឡើយ សូម្បីតែការឡើងច្រៀង លើឆាកតន្រ្តីរបស់ស្ថានីយទូរទស្សន៍មួយចំនួន ក៏ពួកគេទៅជាមួយគ្នាឥតដាច់។
ជាការកត់សម្គាល់ ទោះបីជាស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ សម្រាប់គូស្នេហ៍របស់តារាសិល្បៈ កញ្ញា គង់ ចាន់រដ្ឋា និងលោក ស៊ិន សុភា នាអំឡុងមួយរយៈពេល ប្រមាណ១ឆ្នាំចុងក្រោយនេះ ហាក់កាន់តែបង្ហាញភាពផ្អែមល្ហែមស្និទ្ធស្នាល ស្រឡាញ់គ្នាខ្លាំងជាងពេលមុនៗទៅទៀត ខណៈកន្លងមករូបភាព ផ្អែមល្អែមស្នេហ៍ជាច្រើនសន្លឹក តែងបង្ហោះភ្ជាប់ជាមួយការសរសេរ បង្ហាញពីភាសាអូនបងយ៉ាងផ្អែមល្ហែម ស្អិតល្មួតគួរឲ្យច្រណែន ផងដែរ។
ជាក់ស្តែង កាលពីថ្មីៗនេះ កញ្ញា គង់ ចាន់រដ្ឋា និង លោក ស៊ិន សុភា ក៏បានបង្កការភ្ញាក់ផ្អើលដល់មហាជនជាមួយការបង្ហោះរូបថត ជាច្រើនសន្លឹក ស្ថិតក្នុងឈុតសម្លៀកបំពាក់ ប៊ីគីនីឱបរឹតគ្នា យ៉ាងព្រឺព្រួច ក្នុងអាងហែលទឹកមួយកន្លែង ដោយមិនខ្វល់ពីក្រសែភ្នែក ទស្សនិកជនឡើយ ស្របពេលមានអ្នកគាំទ្រមួយចំនួន ក៏បានសរសេរផ្លែផ្កា បែបលេងសើចថា «ពិតជាច្រណែនគូស្នេហ៍នេះខ្លាំងណាស់»។ រីឯខ្លះទៀតក៏បានសរសេរថា «មិនធម្មតាទេ ដែលអ្នកទាំងពីរហ៊ានថតបង្ហោះរូបបែបនេះ!»។
សូមបញ្ជាក់ថា កញ្ញា គង់ ចាន់រដ្ឋា និងតារាកូនភ្លោះ លោក ស៊ិន សុភា ក្រោយពីបាក់ចិត្តស្រឡាញ់ និងស្វែងមើលចិត្តគ្នា អស់រយៈពេលជាង២ឆ្នាំមកនេះ ក៏បានសម្រេចចិត្ត រៀបចំពិធីភ្ជាប់ស្ងាត់ៗ កាលពីចុងឆ្នាំ២០១៥ ដោយមានការចូលរួមដឹងឮ ពីសំណាក់មេបាចាស់ទុំទាំងសងខាង ប្រមាណជាង២០នាក់ប៉ុណ្ណោះ៕
ប្រភព ៖ Khmertalking
No comments:
Post a Comment