ច័ន្ទ ២៤ តុលា, ២០១៦ ១៥:០០
រាជធានីភ្នំពេញ ៖ វាជារឿងដែលគួរឲ្យហួសចិត្តបំផុត ដែលបុរសម្នាក់បានឲ្យម៉ូតូម៉ាកគុបជ្រុង១គ្រឿង ទៅមិត្តភក្ដិខ្ចីជិះ ដោយប្រាប់ថាទៅទិញ ទឹកសុទ្ធតែមួយភ្លែតប៉ុណ្ណោះ ហើយស្របពេលជាមួយគ្នានោះដែរ មានបុរសម្នាក់ផ្សេងទៀត ដែលជាជនទី៣ និងត្រូវជាមិត្តភក្ដិរបស់ពួកគេ ដែរបានសុំអ្នកដែលខ្ចីម៉ូតូគេជិះនោះ ជិះដោយសារទៅជាមួយត្រឹមកន្លែងលក់ទឹកសុទ្ធដែរ ។
លុះពេលទៅដល់កន្លែង លក់ទឹកសុទ្ធពួកគេ បានឈប់បន្តិច ហើយបុរសដែលជាអ្នកសុំជិះដោយសារនោះ បានលោតចុះត្រឹមនោះ ចំណែកឯអ្នកខ្ចីម៉ូតូគេជិះនោះក៏បានជិះម៉ូតូនោះបន្តដំណើរទៅមុខបាត់ ប៉ុន្តែបុរសដែលសុំជិះ ដោយសារមិនបានដឹងថាជននោះយកម៉ូតូទៅ ប្រគល់ឲ្យម្ចាស់ដើមវិញ ឬមិនប្រគល់នោះឡើយ ។
លុះ២ថ្ងៃក្រោយមក ខណៈពេលបុរសសុំជិះ ដោយសារកំពុងដើរតាមផ្លូវ មិនដឹងខ្លួនទាល់តែសោះ ស្រាប់តែម្ចាស់ម៉ូតូប្រទះឃើញ ក៏បានស្រែកថា ចោរប្លន់ៗ យ៉ាងកងរំពង និងបានប្រាប់ប្រជាពលរដ្ឋថា បុរសនោះមានគ្នា ២នាក់ធាក់ប្លន់យកម៉ូតូពីខ្លួនថែមទៀត ដែលជាហេតុបង្កឲ្យ មានការភ្ញាក់ផ្អើលឆោឡោ ហើយប្រជាពលរដ្ឋបាននាំគ្នាដេញតាមចាប់បានភ្លាមៗ ប៉ុន្តែពេលនោះម្នាក់ៗមិនបាន សួរនាំឲ្យដឹងសាច់ រឿងសិននោះទេ ក៏បានព្រួតគ្នាវាយទាត់ធាក់ ទាំងកំហឹងគ្មានត្រាប្រណី បណ្ដាលឲ្យរងរបួសយ៉ាងដំណំ ហើយបើកុំតែបាននគរបាលប៉ុស្ដិ៍ ចោមចៅចុះទៅទាន់ពេលវេលា ប្រហែលត្រូវកណ្ដាប់ដៃ និងកណ្ដាប់ជើងរបស់ប្រជាពលរដ្ឋ ស្លាប់បាត់ទៅហើយ ។
ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង១០ និង៣៥នាទីព្រឹក ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦ នៅចំណុចផ្លូវលំក្នុងភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
បុរសដែលរងគ្រោះ ដោយការចាប់វាយ ទាត់ធាក់នោះឈ្មោះ សៀង ម៉ៅ អាយុ២៦ឆ្នាំ ស្នាក់នៅម្ដុំកន្លែងកើតហេតុ មានស្រុកកំណើតនៅខេត្តកោះកុង ចំណែកម្ចាស់ម៉ូតូឈ្មោះ ផល ភួង អាយុ២៤ឆ្នាំ ស្នាក់នៅផ្ទះជួលក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ និងមានស្រុកកំណើត នៅក្នុងភូមិត្រពាំងស្រែ ឃុំត្រពាំងស្រែ ស្រុកព្រះស្តេច ខេត្តព្រៃវែង រីឯម៉ូតូដែលឲ្យមិត្តភក្ដិខ្ចីជិះ យកទៅបាត់នោះម៉ាកគុបជ្រុង ។
ប្រភពព័ត៌មានបានឲ្យដឹងថា ហេតុការណ៍ឆបោកម៉ូតូនោះបានកើតឡើងកាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៦ នៅចំណុចមុខផ្សារត្រពាំងថ្លឹង ហៅផ្សារយាយម៉េវ ស្ថិតក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ដោយសារតែម្ចាស់ម៉ូតូនោះចិត្តល្អឲ្យគេខ្ចីជិះ និងមិនបានស៊ើបឲ្យបានច្បាស់ថា បុរសដែលសុំជិះដោយសារនោះ មានការពាក់ព័ន្ធ ជាមួយនិងជនឆបោក ឬអត់នោះឡើយ ។ អ្វីដែលជាការហួសចិត្តគឺបុរសដែលត្រូវគេចាប់វាយ នោះគួរឲ្យអាណិតបំផុត ព្រោះបុរសនោះមិនបានដឹងអ្វីនោះទេ ។
ក្រោយពេលកើតហេតុ កម្លាំងនគរបាលប៉ុស្ដិ៍ចោមចៅ បាននាំទៅធ្វើការសួរនាំទើបដឹងថាជាការយល់ច្រឡំ គឺបុរសនោះមិនមានការពាក់ព័ន្ធ ទៅនឹងសកម្មភាពឆបោកម៉ូតូនោះឡើយ ឯអ្នកឆបោកបានគេចខ្លួនបាត់ មិនបានឈឺសាច់សូម្បីតែបន្តិចទេ ។
ប្រភពខាងលើបានបន្តថា ការចាប់ខ្លួន និងវាយទាត់ធាក់នោះគឺជាការយល់ច្រឡំ ហើយម្ចាស់ម៉ូតូគឺជាអ្នក ត្រូវមានទោសទៅវិញទេ ព្រោះបានស្រែកបំប៉ោងសភាពការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលបែបនេះ ដែលបុរសនោះមិនបានសមគំនិតជាមួយចោរបោកម៉ូតូរបស់ខ្លួននោះឡើយ ។ ប៉ុន្តែនគរបាលមិនបានចាត់ការ ម្ចាស់ម៉ូតូនោះទៅតាមច្បាប់នោះទេ គឺឲ្យរួចខ្លួនទៅវិញ នេះសំណាងហើយដែលបុរសនោះមិនត្រូវបានគេវាយស្លាប់ អាចនៅនិយាយកើតទើប ដឹងថាជាការយល់ច្រឡំ ប្រសិនបើស្លាប់វិញ គឺមានឈ្មោះជាចោរប្លន់ម៉ូតូ ទាំងខ្លួនមិនបានប្រព្រឹត្តផង ៕
ប្រភព ៖ កោះសន្តិភាព
No comments:
Post a Comment