Tuesday, October 4, 2016

កំពុង​ស្វាន​ជើង​តុ ស្រាប់តែ​ដួល​ផ្ងារ​ក្រោយ​ខ្ទាត​ម៉ូ​ទ័​រ​ទៅ​លើ​ទ្រូង​ស្លាប់

អង្គារ ០៤ តុលា, ២០១៦ ១៣:១៧
រាជធានី​ភ្នំពេញ ៖ បុរស​ជនជាតិ​វៀតណាម​ជា​ជាង​ធ្វើ​តុទូ​ម្នាក់ ខណៈ​កំពុង​ស្វាន​ជើង​តុ​​នៅ​ក្បែរ​មាត់ទ្វារ ស្រាប់តែ​ឆ្លង​ចរន្តអគ្គិសនី​ឆក់​ដួល​ផ្ងារ​ក្រោយ​ហើយ​ខ្ទាត​ម៉ូ​ទ័​រ​ទៅ​លើ​ទ្រូង​បណ្ដាល​ឲ្យ​ស្លាប់​ភ្លាម​មួយ​រំពេច ។
ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​៣ ខែតុលា ឆ្នាំ​២០១៦ នៅ​ចំណុច​ក្នុង​រោង​សិប្បកម្ម​ធ្វើ​តុទូ​មួយ​កន្លែង​តាម​បណ្ដោយ​ផ្លូវ​លេខ​១០៣ ភូមិ​៤ សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។
ប្រភព​ព័ត៌មាន​ពី​ប្រពន្ធ​របស់​ជន​រង​គ្រោះ​បាន​ប្រាប់​ឲ្យ​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​មានឈ្មោះ ង៉ក់ ង្វៀ​ង ភេទ​ប្រុស អាយុ​៥០​ឆ្នាំ ជនជាតិ​វៀតណាម ស្នាក់​នៅ​ក្នុង​សិប្បកម្ម​កើតហេតុ​ខាងលើ ។ មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​យក​ម៉ូ​ទ័​រ​ស្វាន​ជើង​តុ​ក្បែរ​មាត់ទ្វារ​ក្នុង​រោង​សិប្បកម្ម​ខាងលើ ខណៈនោះ​ទំនងជា​ឆ្លង​ចរន្តអគ្គិសនី​ពី​ខ្សែ​ម៉ូ​ទ័​រ​បណ្តាល​ឲ្យ​ឆក់​ដួល​ផ្ងារ​ក្រោយ​ហើយ​ខ្ទាត​ម៉ូ​ទ័​រ​ទៅ​លើ​ទ្រូង​ដាច់ខ្យល់​ស្លាប់​ភ្លាម​ៗ​មួយ​រំពេច ។
ក្រោយ​ពី​ហេតុការណ៍​នេះ​បាន​កើតឡើង ក្រុម​គ្រួសារ​ជន​រង​គ្រោះ​មិន​បាន​ផ្តល់​ដំណឹង​មក​កាន់​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​ឡើយ រហូត​រំលង​បាន​មួយ​យប់​ព្រឹក​ថ្ងៃ​ទី​៤ ខែតុលា ឆ្នាំ​២០១៦ ខណៈ​បម្រុង​លើកសព​ជន​រង​គ្រោះ​ដង្ហែ​យក​ទៅ​បូជា ទើប​មក​ប្រាប់​សមត្ថកិច្ច ។
បន្ទាប់​ពី​ទទួល​ដំណឹង​ភ្លាម សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​សហការ​ជាមួយ​នគរបាល​ជំនាញ​ផ្នែក​កោ​ល​ស្យ​វិ​ច្ច័​យ​ខណ្ឌ​ចុះ​មក​ធ្វើការ​ពិនិត្យ​សាកសព​ដល់​កន្លែង​កើតហេតុ បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយសារ​ឆ្លង​ចរន្តអគ្គិសនី​ពី​ខ្សែ​ម៉ូ​ទ័​រ​បណ្តាល​ឲ្យ​ឆក់​ស្លាប់​ពិតប្រាកដ​មែន ។ បច្ចុប្បន្ន​សាកសព​ជន​រង​គ្រោះ​កំពុង​ត្រូវ​បាន​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕
ប្រភព ៖ កោះសន្តិភាព

No comments:

Post a Comment