អាទិត្យ ២៣ តុលា, ២០១៦ ០៩:៣៤
រាជធានីភ្នំពេញ ៖ ជនមួយក្រុមមានគ្នាជាង១០នាក់បានដេញកាប់យុវជន២នាក់យ៉ាងសាហាវដូចក្នុងរឿងហុងកុងអ៊ីចឹង ខណៈពេលដែលពួកគេត្រឡប់មកពីមើលការប្រកួតបាល់ទាត់នៅពហុកីឡដ្ឋានជាតិអូឡាំពិកបណ្ដាលឲ្យរបួសធ្ងន់ម្នាក់ ស្រាលម្នាក់ ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១យប់ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវកប់ស្រូវ ទល់មុខរោងចក្រស្បែកជើង ស្ថិតក្នុងភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះទី១-ឈ្មោះ កុសល ចិត្រា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិខ្នារ ឃុំទួលព្រិច ស្រុកអង្គស្នួល ខេត្តកណ្តាល និងជនរងគ្រោះម្នាក់ទៀតឈ្មោះ ផុន ពៅ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិថ្មី ឃុំ-ស្រុកជាមួយគ្នា ជនរងគ្រោះទាំងពីរនាក់ដោយជិះម៉ូតូម៉ាកស៊ុយស៊ីគីនិច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1CU-9481 ។
ប្រភពព័ត៌មានពីជនរងគ្រោះទាំងពីរនាក់បាននិយាយថា មុនពេលកើតហេតុពួកគេនិងមិត្តភក្តិមានគ្នា៦នាក់ ជិះម៉ូតូ៣គ្រឿងទៅមើលការប្រកួតបាល់ទាល់នៅពហុកីឡដ្ឋានជាតិអូឡាំពិក ពេលមើលការប្រកួតចប់ហើយក៏បាននាំគ្នាជិះម៉ូតូត្រឡប់ទៅផ្ទះវិញ ខណៈពេលជិះម៉ូតូមកដល់ចំណុចក្បែរផ្សារជម្ពូវ័ន្តស្រាប់តែឃើញជនបង្កមិនស្គាល់ អត្តសញ្ញាណមានគ្នាជាង១០នាក់ជិះម៉ូតូ៦គ្រឿងប្រដាប់ដោយដាវសាំម៉ូរ៉ៃជិះម៉ូតូដេញតាម និងកាប់ជនរងគ្រោះរងរបួសធ្ងន់រយះដៃឆ្វេង និងអ្នករួមដំណើរជាមួយរងរបួសស្រាល ធ្វើឲ្យអ្នកបើកម៉ូតូភ័យស្លន់ស្លោផ្តួលម៉ូតូរត់គេចខ្លួន ត្រូវបានជនសង្ស័យនាំគ្នាកាប់ម៉ូតូខូចខាតស្ទើរទាំងស្រុង ទើបជនបង្កនាំគ្នាគេចខ្លួនអស់ ។ ចំណែកមិត្តភក្តិដែលរួមដំណើរជាមួយគ្នា៤នាក់ទៀតជិះម៉ូតូរត់គេចរួចមិនមានរងរបួសទេ ។
ក្រោយពេលកើតហេតុមិត្តភក្តិដែលជិះម៉ូតូរត់គេច២គ្រឿងនោះបានត្រឡប់មកវិញ ហើយបានទូរស័ព្ទហៅឪពុកម្តាយមកដឹកជនរងគ្រោះយកទៅព្យាបាល ៕
![](https://s4.kh1.co/2d/2d939ba1afab840bd81cbec7abf31e8f3e517b6f.jpg)
![](https://s4.kh1.co/8f/8f83398535bb8c28e4ac32ab446fa3bb8d687868.jpg)
![](https://s4.kh1.co/07/07afe35d0f69ade7e2e5a5d2c389bce43b394178.jpg)
![](https://s5.kh1.co/5c/5c33adbb6ac25d5a99843518e23a6a1aebdf4368.jpg)
![](https://s4.kh1.co/d6/d6fc12921bbca3f188dfab97728d2bd508a58b82.jpg)
![](https://s5.kh1.co/79/795697ab25499b37b50b22feafd83ddeb9efc761.jpg)
ប្រភព ៖ កោះសន្តិភាព
No comments:
Post a Comment