ច័ន្ទ ២៤ តុលា, ២០១៦ ១៣:២៦
រាជធានីភ្នំពេញ ៖ រថយន្តម៉ាកគា១គ្រឿង ត្រូវបានអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងមន្ត្រីការិយាល័យបរិស្ថានខណ្ឌ បញ្ជាឱ្យកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌ រួមជាមួយកម្លាំងប្រជាការពារសង្កាត់កំបូល ចុះឃាត់នាំយកទៅរក្សាទុក នៅក្នុងសាលាខណ្ឌ ដើម្បីឱ្យម្ចាស់ចូលខ្លួនទៅដោះស្រាយ ។
ការឃាត់នេះ គឺបន្ទាប់ពីរថយន្តខាងលើ ត្រូវម្ចាស់បើកដឹកសំរាមដែលមានដូចជាថង់ប្លាស្ទិច និងកម្ទេចក្រណាត់ជាច្រើនចេញពីសិប្បកម្ម ជ្រែកម្ទេចក្រណាត់របស់ខ្លួន យកទៅចាក់នៅក្នុងដីឡូត៍ទំនេររបស់ខ្លួនឯងមួយកន្លែងទៀត ។ បន្ទាប់មក បានដុតបំពក់ចោល បង្កឲ្យមានផ្សែងហុយ និងធុំក្លិនឈ្ងៀមបង្កការប៉ះពាល់ដល់បរិស្ថាន និងសុខភាពប្រជាពលរដ្ឋ ជាពិសេសធ្វើឲ្យមានការយល់ច្រឡំថា ជាផ្សែងភ្លើងឆេះផ្ទះថែមទៀតផង។
ហេតុការណ៍នោះបានកើតឡើង កាលពីវេលាម៉ោង០៩ព្រឹកថ្ងៃទី២៤ តុលា ២០១៦ ស្ថិតនៅចំណុចដីឡូត៍ទំនេរមួយកន្លែង ដែលមានទីតាំង ស្ថិតនៅវាលដំរីកប់កូន ក្នុងភូមិតាភេម សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
រីឯម្ចាស់សិប្បកម្មជ្រែកម្ទេចក្រណាត់ដែលអាជ្ញាធរនិយាយថា បានបំពុលបរិស្ថាននោះ មិនបានប្រាប់ឲ្យដឹងឈ្មោះនោះទេ ហើយរថយន្តដែលត្រូវឃាត់ខណៈពេលដឹកសំរាមយកទៅចាក់ចោលនោះ ម៉ាកគា ពណ៌.ស ពាក់ស្លាកលេខង-9553ភព2 បើកបរដោយយុវជនម្នាក់ មិនស្គាល់ឈ្មោះឡើយ។
តាមប្រភពថា នៅមុនពេលកើតហេតុ រថយន្តនោះបានដឹកសំរាម មានដូចជាកម្ទេចថង់ ប្លាស្ទិច និងកម្ទេចក្រណាត់ពេញ ចេញពីក្នុងសិប្បកម្មជ្រែកម្ទេចក្រណាត់របស់ខ្លួនមួយ ដែលមានទីតាំង ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ទល់មុខវត្តតាភេម ភូមិតាភេម សហ្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ យកទៅចាក់ចោលនៅចំណុចដីឡូត៌ខាងលើ ដែលជាដីរបស់ខ្លួនដែរ ។
បន្ទាប់មកបានដុតបំពក់ចោល បង្កឲ្យមានផ្សែងហុយយ៉ាងខ្មួលខ្មាញ់ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ងអាជ្ញាធរ ស្មានថាជាផ្សែងអគ្គិភ័យឆាបឆេះផ្ទះ ឬឆេះអ្វីមួយ ។ប៉ុន្តែបន្ទាប់ពីកម្លាំងប្រជាការពារ និងអាជ្ញាធរសង្កាត់កំបូលទៅមើល ទើបបានឃើញនិងដឹងថា ជាផ្សែងនៃការដុតកម្ទេចក្រណាត់ និងកម្ទេចថង់ប្លាស្ទិច ដោយមនុស្សមួយក្រុមខាងលើ។
ប្រភពខាងលើបន្តទៀតថា បន្ទាប់ពីពិនិត្យឃើញជាក់ស្ដែងពីការបំពុលបរិស្ថានបែបនេះ ទើបអាជ្ញារធរខណ្ឌបញ្ជាឲ្យកម្លាំងសណ្ដាប់ ធ្នាប់ ចុះទៅសហការណ៏ជាមួយ កម្លាំងប្រជាការពារសង្កាត់កំបូល ធ្វើការឃាត់រថយន្តនោះទុក ដែលខណៈនោះទើបចាក់សំរាមចោល បានកន្លះរថយន្តប៉ុណ្ណោះ នៅសល់កន្លះ រថយន្តទៀត មិនអនុញ្ញាតឲ្យចាក់ឡើយ ។
ភ្លាមៗនោះ ម្ចាស់រថយន្តមិនព្រមឲ្យយករថយន្តទៅកាន់សាលាខណ្ឌនោះឡើយ និងបានលើកទូរស័ព្ទថតរូបកម្លាំងសណ្ដាប់ធ្នាប់និងប្រជាការពារ ន្រុងយកទៅបង្ហោះវាយប្រហារតាមបណ្ដាញសង្គមហ្វេសប៊ុកថែមទៀត ប៉ុន្តែត្រូវបានកម្លាំងបង្ខំឲ្យលុបរូបភាពចេញ បើមិនលុបទេ និងត្រូវចាប់ដកយកទូរស័ព្ទ ទើបជននោះព្រមលុបចេញ ហើយទីបំផុតកម្លាំងនៅតែនាំយករថយន្ត ទៅកាន់សាលាខណ្ឌបានដដែល។
No comments:
Post a Comment