Monday, October 31, 2016

ជុំវិញរឿងដុតអាវដូរគណបក្ស៖ លោក ឈាង វុន ឆ្លើយតបថា «នៅជាមួយ CNRP ចត់ដូចហូបចេកខ្ចី ឯនៅជាមួយ CPP ផ្អែមដូចចេកទុំ» (Video inside)

ភ្នំពេញ)៖ ប្រតិកម្មទៅនឹងការលើកឡើងរបស់ លោក អេង ឆៃអ៊ាង តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិនោះ នៅល្ងាចថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦នេះ លោក ឈាង វុន តំណាងរាស្រ្តមកពីគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា សកម្មជនដែលនៅជាមួយនឹង CNRP ប្រៀបដូចជាការហូបចេកខ្ចី ហើយពេលពួកគេ មកចូលរួមជាមួយ CPP នោះ ប្រៀបបីដូចជាការបក និងហូបចេកទុំដូច្នោះដែរ។
ឆ្លើយតបនឹងការរិះគន់នេះ លោក ឈាង វុន បានលើកឡើងថា «អ្នកធ្លាប់ហូបចេញខ្ចី ទើបដឹងថាពិបាកបកនិងចត់ ដូច្នេះហើយទើបគេងាក មកបក និងហូបចេកទុំដែលមានរសជាតិផ្អែម»។ ជាមួយគ្នានេះ លោកបានបន្ថែមថា «សមាជិកគណបក្សសង្រ្គោះជាតិ ធ្លាប់ពាក់អាវមួយដែលគេឆ្លងកាត់ភាពជូចត់ ក្នុងគណបក្សបក្សនេះ ទើបគេងាកមកចូលគណបក្សប្រជាជនកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ បម្រើប្រជាពលរដ្ឋ និងសមាជិករបស់ខ្លួន»។
ការលើកឡើងរបស់ លោក ឈាង វុន បានធ្វើឡើងបន្ទាប់ពី លោក អេង ឆៃអ៊ាង តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ បានសរសេររិះគន់នៅលើ បណ្តាញសង្គម Facebook ជាមួយនឹងការបង្ហោះរូបភាពសកម្មជនគាំទ្រ គណបក្សសង្គ្រោះជាតិ នៅឃុំកុមារាជា ស្រុកបាទី ដែលបានសម្រេចចិត្តដុតអាវ និងដូរអាវ ចាកចេញពីគណបក្សសង្រ្គោះជាតិ ហើយពាក់អាវ និងចូលរួមនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា។
លោក អេង ឆៃអ៊ាង បានរិះគន់ចំពោះរឿងនេះថា «ដូរអាវគឺងាយដូចបកផ្លែចេកទុំ តែដូរចិត្តគឺលំបាកដូចបកផ្លែចេកខ្ចី។ វប្បធម៌ដូរអាវនេះ គេឃើញគណបក្ស ប្រជាជនកម្ពុជាធ្វើតាំងពីឆ្នាំ ១៩៩៣ ម៉្លេះ តែលទ្ធផលបោះឆ្នោតឆ្នាំ ២០១៣ កន្លងមក បញ្ជាក់ថា "អាវដូរបាន តែចិត្តដូរមិនបានទេ"»។
សូមបញ្ជាក់ថា កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៦ មានសកម្មជនគាំទ្រគណបក្សសង្គ្រោះជាតិ ចំនួន២១៥នាក់ នៅក្នុងឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ ក្នុងនោះត្រូវបានគេរាយការណ៍ថា មានទាំងសមាជិកគណៈអចិន្ត្រៃយ៍បក្សឃុំ និងសកម្មជនលេចធ្លោនៅតាមភូមិក្នុងឃុំដែលមកពីកូតា សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស បានស្ម័គ្រចិត្ត ផ្តាច់ខ្លួនចូលមករួមក្នុងជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា។
ពិធីបញ្ចូលសមាជិកនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព លោក ស្វាយ ស៊ីថា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំកុមារាជា៕

ខេត្តតាកែវ ត្រៀមទូក.ង៦គ្រឿង ចួលរួមប្រណាំង ក្នុងព្រះរាជពិធីបុណ្យអុំទូក, តំណាងឧបនាយករដ្ឋមន្ត្រី សុខ អាន នាំយកថវិកាទៅឧបត្ថម្ភ ដល់កីឡាករកំពុងហាត់សម

(កណ្តាល)៖ ក្នុងនាមលោកបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុក ទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្តតាកែវ និងលោកស្រី ឯកលោកបណ្ឌិត ស៊ូ ភិរិន្ទ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាអនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តតាកែវ បានចុះសំណេះសំណាល និងពិនិត្យមើលការរស់នៅបណ្តោះអាស្នននិងហាត់សមរបស់ក្រុមកីឡាករទូក (ង) ចំនួន៥២៥នាក់ ដែលមកពីខេត្តតាកែវ នៅព្រឹកថ្ងៃច័ន្ទទី៣១ ខែតុលា ឆ្នាំ២០១៦ នៅក្នុងវត្តមហាអម្ពវ័ន ឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល ។
នៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកឆ្នាំ២០១៦ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៣-១៤-១៥-ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ខេត្តតាកែវ ក៏ដូចជាខេត្តដទៃៗទៀតដែរ បានត្រៀមទូកងចំនួន០៦គ្រឿង ដែលមានកីឡាករចំណុះទូកសរុបចំនួន៥២៥នាក់ (ពេញសិទ្ធិ៤៣១នាក់ និងបំរុង៧៩នាក់) ក្នុងនោះមានចំណាត់ថ្នាក់ជាទូកគូពិសេសល្បឿនលឿនចំនួន៥ទូក និងគូធម្មតាចំនួន១ទូក សម្រាប់ចូលរួមប្រណាំងអបអរសាទរព្រះរាជពិធីបុណ្យអុំទូកនេះ ។
នៅក្នុងបរិយាកាសសំណេះសំណាលយ៉ាងជិតស្និទ្ធជាមួយក្រុមកីឡាករទូកទាំងអស់  លោកបណ្ឌិត ស៊ូ ភិរិន្ទ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាអនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តតាកែវ បានលើកទឹកចិត្តដោយផ្តល់នូវថវិកាចំនួន ៥០លានរៀល សំរាប់ការចាយវាយ ស្នាក់នៅ ហូបចុករបស់កីឡាករអុំទូកខេត្តតាកែវ និងផ្តល់ជាអង្រឹង មុង និងសំលៀកបំពាក់ សំរាប់ការហ្វឹកហាត់ ដែលជាអំណោយសប្បុរសធម៌របស់ អ្នកឧកញ៉ា លោកឧកញ៉ា ព្រមទាំង ជាប្រធាន អនុប្រធាន និងសមាជិកក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តតាកែវ ។
ទន្ទឹមនឹងនោះ លោកបានក្រើនរំលឹកដល់កីឡាករទាំងអស់ សូមពង្រឹងស្មារតីសាមគ្គីភាពផ្ទៃក្នុងអោយបានរឹងមាំ យកចិត្តទុកដាក់ជួយមើលថែសុខទុក្ខគ្នាទៅវិញទៅមក សំរាកអោយបានពេញលេញ ហូបចុកឲ្យបានឆ្ញាញ់ពិសា និងប្រឹងប្រៀងហ្វឹកហាត់ឲ្យបានខ្លាំងខ្លា ជៀសវាងការពិសារគ្រឿងស្រវឹងក្នុងពេលហ្វឹកហាត់ ជាពិសេសត្រូវត្រឡប់ទៅគេហដ្ឋានវិញ ដោយនាំយកនូវជ័យជំនះ សំរាប់ខេត្តតាកែវទាំងមូល ព្រមទាំងថវិកាឧបត្ថម្ពមួយចំនួន សំរាប់ប្រពន្ធកូនដេលនៅរង់ចាំឯផ្ទះ ។
 លោកក៏បញ្ជាក់ផងដែរថា ការប្រកួតប្រជែងតែងតែមានការចាញ់ -ឈ្នះ ជាធម្មតា ប៉ុន្តែការត្រឡប់ទៅវិញដោយនាំយកនូវជ័យជំនះជូនខេត្ត គឺជាមោទនភាពដ៏ធំធេងសំរាប់កីឡាករយើង ។
នៅចុងបញ្ចប់លោកក៏បានបញ្ជាក់បន្ថែមថា លោក ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ  និងលោក សួស យ៉ារ៉ា ប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកបូរីជលសារ បាននាំយកនូវថវិកាចំនួន ១០លានរៀល ឧបត្ថម្ភដល់កីឡាករ និងក្រុមការងារទាំងអស់ផងដែរ។
ដោយឡែកនៅថ្ងៃច័ន្ទទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៦ខាងមុខនេះ វេលាម៉ោង១៥៖៣០នាទីរសៀល មានការរៀបចំពិធីបញ្ចុះទូកទៅក្នុងទន្លេដើម្បីធ្វើការប្រកួតក្នុងក្រុម  ក្រោមអធិបតីភាពរបស់លោកបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តតាកែវ និងលោកស្រីដោយមានការចូលរួមពីលោក លោកស្រី ប្រធាន អនុប្រធាន និងសមាជិកក្រុមការងារថ្នាក់កណ្តាលចុះជួយគ្រប់ស្រុក ក្រុង ទូទាំងខេត្តតាកែវ និងសប្បុរសជននានា៕
[Forwarded from Pa Chetha]

លោក លូ គឹមឈន់ ស្នើរដ្ឋមន្ត្រីក្រសួងសាធារណការ ធ្វើផ្លូវតភ្ជាប់មកកំពង់ផែ ឲ្យបានឆាប់ដោយសារទំនិញកុងតឺន័រឆ្លងកាត់កើនឡើងជាលំដាប់

(ព្រះសីហនុ)៖ លោក លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ បានស្នើលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឲ្យជួយសាងសង់ផ្លូវមកកាន់កំពង់ផែស្វយ័ត ក្រុងព្រះសីហនុបន្ថែមទៀត និងជំរុញការផ្តល់ប្រាក់កម្ចី សាងសង់កំពង់ផែឲ្យបានឆាប់ ខណៈពេលនេះបរិមាណទំនិញឆ្លងកាត់កំពង់ផែ ក្រុងព្រះសីហនុ បានកើនឡើងជាលំដាប់។
ការស្នើឡើងបែបនេះ ខណៈពេលដែលលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងគណៈប្រតិភូថ្នាក់ដឹកនាំក្រសួង បានអញ្ជើញចូលរួមពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក កម្មករ កំពង់ផែស្វយ័ត ក្រុងព្រះសីហនុ នារសៀលថ្ងៃទី៣១ ខែ តុលា ឆ្នាំ២០១៦នេះ ។
លោក លូ គឹមឈន់ បានបញ្ជាក់ឲ្យដឹងថា ដោយពិនិត្យឃើញថា បរិមាណទំនិញឆ្លងកាត់កំពង់ផែមានការកើនឡើងជាលំដាប់ធ្វើអោយកំពង់ផែត្រូវធ្វើការអភិវឌ្ឍ បន្ថែមទៀតនូវកំពង់ផែទឹកជ្រៅ ដែលផ្តល់ឱកាសឲ្យនាវាធំៗចូលបានប្រហែលជិត១០០% រួមនឹងទីលានកំពង់ផែសំរាប់ស្តុកកុងតឺន័រជាដើម ប៉ុន្តែទន្ទឹមនិងនោះ កំពង់ផែក៏សូមទាមទារឲ្យក្រសួងធ្វើការកសាងផ្លូវតភ្ជាប់ ពីតំបន់ប៉ែកខាងលិច ដូចជាខេត្តបាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន ជាដើមងាយស្រួលក្នុងការដឹក ជញ្ជូនទំនិញមកកាន់កំពង់ផែ ដើម្បីកាត់បន្ថយការចំណាយ ងាយស្រួលក្នុងការប្រកួតប្រជែងតំលៃជាមួយកំពង់ផែប្រទេសនានាក្នុងតំបន់៕

Wednesday, October 26, 2016

សម្តេចក្រឡាហោម បញ្ជាឲ្យសមត្ថកិច្ចបង្ក្រាបល្បែង ស៉ីសងខុសច្បាប់ ឃាត់ខ្លួនម្ចាស់បើកល្បែង និងអ្នកកាងមកផ្តន្ទាទោសតាមច្បាប់

(ភ្នំពេញ)​៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាឲ្យកម្លាំងប្រដាប់អាវុធ អនុវត្តវិធានការ បង្ក្រាបល្បែងស៉ីសងខុសច្បាប់ និងឃាត់ខ្លួនម្ចាស់បើកល្បែងខុសច្បាប់ ពិសេសអ្នកកាងពីក្រោយ រួមទាំងអ្នកឃុបឃិត មកផ្តន្ទាទោស តាមច្បាប់។
ការថ្លែងរបស់សម្តេច ស ខេង យ៉ាងដូច្នេះធ្វើឡើងក្នុង កិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំ ស្តីពីការអនុវត្តវិធានការបង្ក្រាបល្បែងស៊ីសង ខុសច្បាប់ នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ នៅទីស្តីក្រសួងមហាផ្ទៃ នេះបើតាមការចុះផ្សាយរបស់ គេហទំព័រអគ្គស្នងការ នគរបាលជាតិ។
សម្តេចក្រឡាហោម បានបញ្ជាក់ថា នៅកម្ពុជាល្បែងស៊ីសងមាន២សណ្ឋាន រួមមាន ល្បែងស៊ីសងស្របច្បាប់ និងល្បែងស៊ីសង មិនស្របច្បាប់។ មន្ត្រីកងកំលាំងមានសមត្ថកិច្ចទាំងអស់ ត្រូវបង្រ្កាបល្បែងស៊ីសងខុសច្បាប់ ដែលបង្កការប៉ះពាលដល់សណ្តាប់ធ្នាប់ សាធារណៈ សីលធម៌សង្គម ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងការអនុវត្តគោលនយោបាយ ភូមិឃុំមានសុវត្ថិភាព របស់រាជរដ្ឋាភិបាល។
​សម្តេចក្រឡាហោម បានថ្លែងទៀតថា ល្បែងស៊ីសងខុសច្បាប់ ដែលបានលបលួចបើក និងបានបើកជាចំហរ នៅតាមមូលដ្ឋានកន្លង មកមានដូចជា ល្បែងជ្រកក្រោមស្លាកល្បែងស្របច្បាប់ ឆ្នោត ឡូតូ ភ្នាល់បាល់ ភ្នាល់អនឡាញ ល្បែងអ៊ិនធ័រណែត២៤ម៉ោង ឆ្នោតកន្ទុយលេខខុសច្បាប់ ល្បែងជល់មាន់ ល្បែងភា្នលទឹកភ្លៀង ល្បែងបាញ់ត្រី និងល្បែងនានាទៀត ដែលជ្រកក្រោមល្បែងក្មេងលេង និងទាំងអាជីវកម្មខុសច្បាប់ គឺត្រូវបានប្រកាសបិទទាំងស្រុង។
​សម្តេចក្រឡាហោម ស ខេង សង្កត់ធ្ងន់ថា ក្រសួងមហាផ្ទៃនឹងបង្កើតនាយកដ្ឋានបង្ក្រាបល្បែងស៊ីសងមួយទៀត ដើម្បីជំរុញការបង្ក្រាប ឲ្យមានប្រសិទ្ធភាព។ ជាមួយគ្នានេះ ក្រសួងមហាផ្ទៃ កំពុងបានសហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញវត្ថុ និងបណ្តាស្ថាប័នពាក់ព័ន្ធ នានាទៀត កំពុងបង្កើតសេចក្តីព្រាងច្បាប់ គ្រប់ល្បែងស៊ីសងដែលមានអាជ្ញាប័ណ្ណ និងត្រូវដាក់ជូនទៅរដ្ឋសភា នៅពេលឆាប់ៗនេះ។
ឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានបញ្ជាក់ថា បច្ចុប្បន្នកម្ពុជា មានកាស៊ីណូបើកល្បែងស្របច្បាប់មានអាជ្ញាប័ណ្ណ ១៦៨កាស៊ីណូ ក្នុងនោះ៦៥កាស៊ីណូ បានបង្កើតឲ្យមានល្បែងតាមអនឡាញ ។ ផ្អែកតាមគោលការណ៍នោះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានផ្តល់អាជ្ញាប័ណដល់កាស៊ីណូ៧៧ ក្នុងនោះ៧២កន្លែង បានកំពុងធ្វើសកម្មភាព និងបានបង់ថវិកាជូនរដ្ឋទៀងទាត់ ក្នុងនោះមាន ល្បែងតាមអនឡាញ៣១ កន្លែងផងដែរ។
​នាយឧត្តមសេនីយ៍ បានបញ្ជាក់ទៀថា សម្រាប់ល្បែងខុសច្បាប់ដែលមានបើកលួចលាក់ បង្ក្រាបក្នុងរយៈពេល១០ខែឆ្នាំ២០១៦នេះ បាន៥២០ករណី និងចាប់ឃាត់ខ្លួនជនល្មើសបានមួយចំនួនទៀត៕

Monday, October 24, 2016

ចាប់​​​ដុស​​ក្អែល! ព្រោះអាង​​​​​ដី​ខ្លួន​​ឯង ដឹក​​សំរាម​ទាំងឡាន​​​ដុត​ផ្សែង​​​ឡើង​ផ្អើល


ច័ន្ទ ២៤ តុលា, ២០១៦ ១៣:២៦
រាជធានី​ភ្នំពេញ ៖ រថយន្ត​ម៉ាក​គា​១​គ្រឿង ត្រូវ​បាន​អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​មន្ត្រី​ការិយាល័យ​បរិស្ថាន​ខណ្ឌ បញ្ជា​ឱ្យ​កម្លាំង​សណ្ដាប់ធ្នាប់​ខណ្ឌ រួម​ជាមួយ​កម្លាំង​ប្រជា​ការពារ​សង្កាត់​កំ​បូល ចុះ​ឃាត់​នាំ​យក​ទៅ​រក្សា​ទុក នៅ​ក្នុង​សាលា​ខណ្ឌ ដើម្បី​ឱ្យ​ម្ចាស់​ចូលខ្លួន​ទៅ​ដោះស្រាយ ។
ការ​ឃាត់​នេះ គឺ​បន្ទាប់​ពី​រថយន្ត​ខាងលើ ត្រូវ​ម្ចាស់​បើក​ដឹក​សំរាម​ដែល​មាន​ដូច​ជា​ថង់​ប្លា​ស្ទិ​ច និង​កម្ទេច​ក្រណាត់​ជា​ច្រើន​ចេញពី​សិប្បកម្ម ជ្រែ​កម្ទេច​ក្រណាត់​របស់​ខ្លួន យក​ទៅ​ចាក់​នៅ​ក្នុង​ដី​ឡូត៍​ទំនេរ​របស់​ខ្លួនឯង​មួយ​កន្លែង​ទៀត ។ បន្ទាប់​មក បាន​ដុត​បំពក់​ចោល បង្ក​ឲ្យ​មាន​ផ្សែងហុយ និង​ធុំក្លិន​ឈ្ងៀម​បង្ក​ការ​ប៉ះពាល់​ដល់​បរិស្ថាន និង​សុខភាព​ប្រជាពលរដ្ឋ ជា​ពិសេស​ធ្វើ​ឲ្យ​មានការ​យល់​ច្រឡំ​ថា ជា​ផ្សែងភ្លើង​ឆេះ​ផ្ទះ​ថែម​ទៀត​ផង​។
ហេតុការណ៍​នោះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​០៩​ព្រឹក​ថ្ងៃ​ទី​២៤ តុលា ២០១៦ ស្ថិត​នៅ​ចំណុច​ដី​ឡូត៍​ទំនេរ​មួយ​កន្លែង ដែល​មាន​ទីតាំង​ ស្ថិត​នៅ​វាល​ដំរី​កប់​កូន ក្នុងភូមិ​តា​ភេ​ម សង្កាត់​កំ​បូល ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។
រីឯ​ម្ចាស់​សិប្បកម្ម​ជ្រែ​កម្ទេច​ក្រណាត់​ដែល​អាជ្ញាធរ​និយាយ​ថា បាន​បំពុលបរិស្ថាន​នោះ មិន​បាន​ប្រាប់​ឲ្យ​ដឹង​ឈ្មោះ​នោះ​ទេ ហើយ​រថយន្ត​ដែល​ត្រូវ​ឃាត់​ខណៈ​ពេល​ដឹក​សំរាម​យក​ទៅ​ចាក់ចោល​នោះ ម៉ាក​គា ពណ៌​.​ស ពាក់​ស្លាក​លេខ​ង​-9553​ភព​2 បើកបរ​ដោយ​យុវជន​ម្នាក់ មិន​ស្គាល់ឈ្មោះ​ឡើយ​។
តាម​ប្រភព​ថា នៅ​មុន​ពេល​កើតហេតុ រថយន្ត​នោះ​បាន​ដឹក​សំរាម មាន​ដូច​ជា​កម្ទេច​ថង់ ប្លា​ស្ទិ​ច និង​កម្ទេច​ក្រណាត់​ពេញ ចេញពី​ក្នុង​សិប្បកម្ម​ជ្រែ​កម្ទេច​ក្រណាត់​របស់​ខ្លួន​មួយ ដែល​មាន​ទីតាំង ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​បេតុង ទល់មុខ​វត្ត​តា​ភេ​ម ភូមិ​តា​ភេ​ម សហ្កា​ត់​កំ​បូល ខណ្ឌ​ពោធិ៍​សែន​ជ័យ យក​ទៅ​ចាក់ចោល​នៅ​ចំណុច​ដី​ឡូ​ត៌​ខាងលើ ដែល​ជា​ដី​របស់​ខ្លួន​ដែរ ។
បន្ទាប់​មក​បាន​ដុត​បំពក់​ចោល បង្ក​ឲ្យ​មាន​ផ្សែងហុយ​យ៉ាង​ខ្មួលខ្មាញ់ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ ង​អាជ្ញាធរ ស្មានថា​ជា​ផ្សែង​អគ្គិភ័យ​ឆាបឆេះ​ផ្ទះ ឬ​ឆេះ​អ្វីមួយ ។​ប៉ុន្តែ​បន្ទាប់​ពី​កម្លាំង​ប្រជា​ការពារ និង​អាជ្ញាធរ​សង្កាត់​កំ​បូល​ទៅ​មើល ទើបបាន​ឃើញ​និង​ដឹង​ថា ជា​ផ្សែង​នៃ​ការ​ដុត​កម្ទេច​ក្រណាត់ និង​កម្ទេច​ថង់​ប្លា​ស្ទិ​ច ដោយ​មនុស្ស​មួយ​ក្រុម​ខាងលើ​។
ប្រភព​ខាងលើ​បន្ត​ទៀត​ថា បន្ទាប់​ពី​ពិនិត្យ​ឃើញជាក់ស្ដែង​ពី​ការ​បំពុលបរិស្ថាន​បែប​នេះ ទើប​អាជ្ញារ​ធរ​ខណ្ឌ​បញ្ជា​ឲ្យ​កម្លាំង​សណ្ដាប់ ធ្នាប់ ចុះ​ទៅ​សហការ​ណ៏​ជាមួយ កម្លាំង​ប្រជា​ការពារ​សង្កាត់​កំ​បូល ធ្វើការ​ឃាត់​រថយន្ត​នោះ​ទុក ដែល​ខណៈនោះ​ទើប​ចាក់សំរាម​ចោល បាន​កន្លះ​រថយន្ត​ប៉ុណ្ណោះ នៅ​សល់​កន្លះ រថយន្ត​ទៀត មិន​អនុញ្ញាត​ឲ្យ​ចាក់​ឡើយ ។
ភ្លាម​ៗ​នោះ ម្ចាស់​រថយន្ត​មិន​ព្រម​ឲ្យ​យក​រថយន្ត​ទៅ​កាន់​សាលា​ខណ្ឌ​នោះ​ឡើយ និង​បាន​លើក​ទូរស័ព្ទ​ថតរូប​កម្លាំង​សណ្ដាប់ធ្នាប់​និង​ប្រជា​ការពារ ន្រុ​ង​យក​ទៅ​បង្ហោះ​វាយប្រហារ​តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ថែម​ទៀត ប៉ុន្តែ​ត្រូវ​បាន​កម្លាំង​បង្ខំ​ឲ្យ​លុប​រូបភាព​ចេញ បើ​មិន​លុប​ទេ និង​ត្រូវ​ចាប់ដក​យក​ទូរស័ព្ទ ទើប​ជន​នោះ​ព្រម​លុប​ចេញ ហើយ​ទីបំផុត​កម្លាំង​នៅ​តែ​នាំ​យក​រថយន្ត ទៅ​កាន់​សាលា​ខណ្ឌ​បាន​ដដែល​។