Thursday, August 11, 2016

សម្តេចតេជោ ជំរុញឲ្យក្រុមហ៊ុនសាជីវកម្មចិន វិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ដើម្បីការអភិវឌ្ឍ និងកាត់បន្ថយភាពក្រីក្រ

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជំរុញលើកទឹកចិត្ត ដល់ក្រុមហ៊ុនសាជីវកម្មចិន ក្នុងការវិនិយោគលើ វិស័យហេដ្ឋារចនាសម្ព័ន្ធ ដើម្បីជំរុញការអភិវឌ្ឍ និងកាត់បន្ថយភាពក្រីក្រ ដល់ប្រជាពលរដ្ឋខ្មែរ។
ការជំរុញរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសដែលសម្តេច បានអនុញ្ញាតឲ្យលោក Wang Gang ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុនផ្លូវ និងស្ពានរបស់រដ្ឋចិន (CRBC ) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នៅរសៀលថ្ងៃទី១១ ខែសីហានេះ។
ជាមួយគ្នានេះ សម្តេតេជោ បានស្នើឲ្យក្រុមហ៊ុនរៀបចំបណ្តាក់ទុន ហើយជំរុញការងារឲ្យចេញជាក់ស្តែង ដោយសហការជាមួយក្រសួង ពាក់ព័ន្ឋ និងស្ថាប័នរដ្ឋផ្សេងៗ ព្រមទាំងសម្របសម្រួលការងារជាមួយប្រជាពលរដ្ឋ នៅក្នុងពេលសាងសង់ប្រសិនបើមានផលប៉ះពាល់ អ្វីមួយ។
ក្នុងឱកាសនោះ លោក Wang Gang បានជម្រាបជូន សម្តេចតេជោ អំពីគម្រោងវិនិយោគមួយចំនួននៅកម្ពុជា ពិសេសគម្រោងសាងសង់ ហេដ្ឋារចនាសម្ព័ន្ធដូចជាស្ពានធំៗ និងផ្លូវថ្នល់ជាដើម។ នៅក្នុងកិច្ចពិភាក្សាកាលពីរសៀលនេះ គឺភាគីក្រុមហ៊ុនចិន ដែលជាក្រុមហ៊ុន លំដាប់ធំប្រកបដោយបទពិសោធន៍ បានធ្វើការផ្លាស់ប្តូរយោបល់ និងបានស្នើសុំការគាំទ្រពី សម្តេចតេជោ ហ៊ុន សែន ក្នុងការកសាង ហេដ្ឋារចនាសម្ព័ន្ឋ ដែលជាគម្រោងអាទិភាពនៅកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន ខិតខំគៀងគរវិនិយោគិនបរទេស ដោយមិនគិតពីការនឿយហត់ ដើម្បីកសាងកម្ពុជាឲ្យក្លាយទៅជាប្រទេស រីកចម្រើន ជឿនលឿន ដែលប្រជាពលរដ្ឋគ្រប់រូបទទួលបាននូវផលប្រយោជន៍គ្រប់ៗគ្នា៕

No comments:

Post a Comment