ច័ន្ទ ២២ សីហា, ២០១៦ ១៤:២៥
រាជធានីភ្នំពេញ ៖ សម័យប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប ចំណេះទូទៅ និងបំពេញវិជ្ជា ប្រចាំឆ្នាំ២០១៥-២០១៦ បានចាប់ផ្តើមហើយនៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ នៅទូទាំង២៥រាជធានី-ខេត្ត ទូទាំងប្រទេស ។
ក្នុងអត្តន័យជានិមិត្តរូបនៃការបើកសម័យប្រឡងនាព្រឹកថ្ងៃទី២២សីហានេះ លោក ហង្ស ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា, លោក ឃួង ស្រេង អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ លោក ហ៊ុន ម៉ានី ប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា និងមន្ត្រីតំណាងអង្គភាពប្រឆាំងអំពើពុករលួយ បានអញ្ជើញទៅកាត់វិញ្ញាសារប្រឡងនៅវិទ្យាល័យព្រះស៊ីសុវត្ថិ ស្ថិតក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ការប្រឡងបាក់ឌុបឆ្នាំនេះ គឺជាឆ្នាំទី៣ហើយនៃការធ្វើកំណែទម្រង តែឆ្នាំនេះមានការប្រែប្រួលជាងឆ្នាំមុន ជាក់ស្តែងនៅវិទ្យាល័យព្រះស៊ីសុវត្ថិ គឺមិនឃើញមានការនាំចូលប្រ៊ុយយ៉ុងតែម្តង ហើយសិស្សក៏មានការត្រៀមលក្ខណៈល្អប្រសើជាងមុន ដោយពួកគាត់មានទំនុកចិត្តខ្លួនឯង និងមានការព្យាយាមរៀនសូត្របានច្រើងជាងមុន ។
លោកបន្តថា ដើម្បីទប់ស្កាត់នូវបាតុភាពផ្សេងៗ ក្រសួងបានថែរក្សាសុវត្ថិភាពវិញ្ញាសា និងមានការចែងជាបទបញ្ញតិ ទាំងបេក្ខជន និងបុគ្គលិកអប់រំ ប្រសិនបើមានអ្នកលួចចម្លង ឬមានអ្នកប្រឡងជំនួស គឺត្រូវធ្លាក់ដោយស្វ័យប្រវត្តិ ហើយជននោះអាចប្រឈមមុខជាមួយវិធានការច្បាប់ទៀត ចំណែកបុគ្គលិកអប់រំគាត់នឹងត្រូវទទួលវិន័យ ឬប្រឈមជាមួយវិធានការច្បាប់ទៀតផង ។
លោក ហង់ ជួនណារ៉ុន បានបញ្ជាក់ថា ឆ្នាំនេះយើងបានពិនិត្យឡើងវិញនូវចំណុចខ្វះខាតពីឆ្នាំមុន បំពេញបន្ថែម និងមានការកែលម្អ ដោយក្រសួងបានធ្វើការផ្សព្វផ្សាយទូលំទូលាយចំពោះវិធានការនានា ។ ចំពោះការឹតបន្តឹងនេះ មិនមែនជាការដាក់ពិន័យសិស្សទេ គឺដើម្បីជួយសិស្សឲ្យមានសមត្ថភាពខ្ពស់ នៅពេលរៀនចប់អាចប្រណាំងប្រជែងជាមួយយុវជនក្នុងតំបន់ និងរកការងារធ្វើបាន ពិសេសដើម្បីអនាគតសិស្សខ្លួនឯង គ្រួសារ សហគមន៍ ក៏ដូចជាអនាគតប្រទេសជាតិទាំងមូលផងដែរ ។
លោក ហ៊ុន ម៉ានី បានលើកឡើងថា ពីមួយឆ្នាំទៅមួយឆ្នាំ យើងសង្កេតឃើញថា ប្អូនៗសិស្សានុសិស្សបានផ្លាស់ប្តូរឥរិយាបទ និងត្រៀមខ្លួនជាស្រេច ដោយពួកគាត់បានប្រកាន់ខ្ជាប់ផងដែរនូវពាក្យស្លោក «អ្នកចេះគឺជាប់» ។
តំណាងអង្គភាពប្រឆាំងអំពើពុករលួយ បានឲ្យដឹងថា ក្រោយពីមានការអង្កេតនៅមណ្ឌលប្រឡងវិទ្យាល័យព្រះស៊ីសុវត្ថិ បេក្ខជនប្រឡងបានរៀបចំខ្លួនល្អ ដោយពួកគាត់មិនមានការនាំចូលឯកសារ និងគ្រឿងអេឡិចត្រូនិកផ្សេងៗចូលនោះទេ គឺមានភាពល្អប្រសើជាងឆ្នាំមុនៗ ។
ចំណែក លោក ឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញ មានប្រសាសាន៍ថា តាមរយៈការត្រួតពិនិត្យជាក់ស្តែងសម្រាប់ប្រឡងបាក់ឌុបឆ្នាំនេះ នៅទូទាំងរាជធានីភ្នំពេញពិតជាមានភាពប្រសើរជាងឆ្នាំមុនៗ គឺសិស្សពុំបានយកប្រ៊ុយយ៉ុង ឬឯកសារផ្សេងៗដូចជាទូរស័ព្ទដៃជាដើម ចូលក្នុងមណ្ឌលប្រឡងទេ នេះបញ្ជាក់ឲ្យឃើញពីការយល់ដឹងរបស់បេក្ខជន ព្រមទាំងមានការអប់រំរបស់ក្រសួងផងដែរ ។ លោកបន្តថា អាជ្ញាធរដែនដីបានដាក់ចេញនូវវិធានការចាំបាច់មួយចំនួន ជាពិសេសការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយនៅតាមមណ្ឌលប្រឡង ក្នុងនោះមានការទប់ស្កាត់អាជីវកម្មថតចម្លងនៅតាមទីប្រជុំជនផ្សេងៗ នៅក្បែរសាលា ឬមណ្ឌលប្រឡង ដើម្បីធានាបានការប្រឡងមួយដែលមានសុក្រិតភាព តម្លាភាព និងគ្មានអំពើស៊ីសំណូកសូកប៉ាន់ ឬកើតមានអំពើបោកប្រាស់ពីជនខិលខូចមួយចំនួន ដែលបំភ្លើសពីការបែកធ្លាយវិញ្ញាសាក្នុងពេលប្រឡងនោះទេ ។
សម្រាប់មន្ត្រីសង្គមស៊ីវិល និងអ្នកសង្កេតការណ៍នានាជាច្រើនបានឲ្យដឹងថា ស្ថានភាពនាពេលប្រឡងឆ្នាំនេះមានលក្ខណៈល្អប្រសើរជាងឆ្នាំមុន ព្រោះឪពុក ម្តាយ អាណាព្យាបាល និងមិត្តភក្តិ បានយល់ពីច្បាប់របស់អ្នកប្រឡងច្បាស់ណាស់ មិនមានភាពរញ៉េរញ៉ៃដូចពេលមុនៗឡើយ ហើយកម្លាំងមានសមត្ថកិច្ចក៏មិនសូវនឿយហត់ការពារសុវត្ថិភាពដែរ ព្រោះពួកគេទាំងនោះបានយល់អស់ហើយ ។
សូមបញ្ជាក់ថា នៅទូទាំងប្រទេសមានបេក្ខជនប្រឡងចំនួន៩៣.៧៥២នាក់, មានមណ្ឌលប្រឡងចំនួន១៥៧ ដែលចែកចេញជា៣.៧៨១បន្ទប់ ។ សម្រាប់រាជធានីភ្នំពេញ មានមណ្ឌលប្រឡងចំនួន២៣មណ្ឌល បេក្ខជនដាក់ពាក្យប្រឡងចំនួន១៧.១១៦នាក់ ៕
ប្រភព ៖ កោះសន្តិភាព
No comments:
Post a Comment